Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​មាន​ប្លុក​ប្រេងកាត ២៥​កន្លែង ដែល​រំពឹង​ផលិត​បាន​នៅ​ចុងឆ្នាំ​២០១៩​នេះ សម្តេច​ហេង សំរិន ជំរុញ​សមាជិកសភា ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ឱ្យបាន​ល្អិតល្អន់ ស៊ីជម្រៅ​

spot_img

​ភ្នំពេញ ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ជំរុញ​ឲ្យ​ស្ថាប័ន​នីតិប្បញ្ញត្តិ រដ្ឋសភា និង​ព្រឹទ្ធសភា ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​រួម​គ្នា​បន្ថែមទៀត ក្នុង​ការ​ពិនិត្យ​សិក្សា និង​វិភាគ​សេចក្តីព្រាងច្បាប់​នេះ​ឱ្យបាន​ល្អិតល្អន់ ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដថា សេចក្តីព្រាងច្បាប់​ប្រេងកាត ដែល​នឹង​អនុម័ត​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ស្រប​ទៅ​នឹង​បរិបទ និង​សង្គម​កម្ពុជា ជាពិសេស​ការមិន​ប៉ះពាល់​ដល់​បរិស្ថាន និង​ទទួលបាន​ផលប្រយោជន៍​ជា​អតិប្បរមា​ដល់​សង្គម និង​ប្រជាពលរដ្ឋ​។

ជាមួយគ្នានេះ ក៏​ត្រូវ​ពិនិត្យ និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​និរន្តរភាព និង​ផលប្រយោជន៍​យូរអង្វែង​ដែល​កើតចេញ​ពី​វិស័យ​ប្រេងកាត ដោយ​ត្រូវ​ធ្វើ​ឱ្យ​ប្រាកដថា វិស័យ​នេះ​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ដល់​ការរីកចម្រើន​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូលរួម ទទួលបាន​នូវ​ចំណេះដឹង បទពិសោធន៍​ពី​ការរុករក ការ​ទាញយក​ផល និង​ការធ្វើ​អាជីវកម្ម​ប្រេងកាត ដោយ​ឯករាជ្យ​ក្នុង​កម្រិត​ណាមួយ​នៅពេល​អនាគត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បានលើកឡើង​ដូច្នេះ នៅក្នុង​ឱកាស​សម្តេច​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ បើក​សិក្ខាសាលា​ស្តីពី​ការ​ស្វែង​យល់​អំពី​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ដែល​រៀបចំឡើង​ដោយ​គណៈកម្មការ​សាធារណការ ដឹក​ជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា សហការ​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោកស្រី​និន សា​ផុន ប្រធាន​គណៈកម្មការ​សាធារណការ ដឹក​ជញ្ចូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋសភា បាន​គូសបញ្ជាក់ថា នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា បាន​ផ្តោត​អាទិភាព​លើ​ការជំរុញ​ការអភិវឌ្ឍ​ធនធាន​រ៉ែ ប្រេង និង​ឧស្ម័ន ដើម្បី​ប្រែក្លាយ​ធនធាន​ទាំងនេះ ឲ្យទៅ​ជា​ប្រភព​ថ្មី និង​សំខាន់​មួយទៀត​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ពិសេស​បន្ថែម​សន្ទុះ​ថ្មី​សម្រាប់​ធានា​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជាប់ៗ​គ្នា ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​នៅ​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០​។ លោកជំទាវ​បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល ពិសេស​ក្រសួង​រ៉ែ និង​ថាមពល បាន​រៀបចំ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើង ដោយ​បាន​គិត​ហ្មត់ចត់​អំពី​បច្ចុប្បន្នភាព សេដ្ឋកិច្ច នយោបាយ និង​សង្គម ព្រមទាំង​អនាគត​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ជំនាន់​ក្រោយ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ចែកចេញ​ជា​៩​ជំពូក និង​៧២​មាត្រា និង​ឧបសម្ព័ន្ធ​ចំនួន​០១​។ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​លើកឡើង​ថា សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​តាក់តែងឡើង ដោយ​មាន​ការជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អ្នកជំនាញការ​ច្បាប់​នៃ​ធនាគារ​អភិវឌ្ឍន៍​នៅ​ឆ្នាំ​១៩៩៦ និង​មាន​ការពិនិត្យ​បន្ថែម​ទៀត​ពី​អ្នកជំនាញការ​ច្បាប់​មក​ពី​ក្រុមហ៊ុន​ជប៉ុន Idemitsu Oil and Gas​។ ចាប់ពី​ឆ្នាំ​២០០៦ អតីត​អាជ្ញាធរ​ប្រេងកាត​កម្ពុជា​បាន​យក​សេចក្តីព្រាងច្បាប់​នេះ មក​កែសម្រួល​ឡើងវិញ ដោយ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស និង​ច្បាប់​ជាតិ និង​អន្តរជាតិ​នានា​។ ក្រោយ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា បាន​ធ្វើ​សមាហរណកម្ម មក​ក្រោម​ក្រសួង​រ៉ែ និង​ថាមពល ក្នុង​ឆ្នាំ​២០១៣​មក សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​កែសម្រួល​បន្ថែម ដោយ​បញ្ចូល​បរិបទ​ថ្មីៗ​មួយចំនួន ផ្អែកលើ​បទពិសោធន៍​ពី​បណ្តា​ប្រទេស​នានា​។​

​រដ្ឋមន្ដ្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​លើកឡើង​ថា កម្ពុជា​មាន​ប្លុក​ប្រេងកាត​ដែល​អាច​បូម​បាន​ចំនួន ២៥​កន្លែង​នៅក្នុង​ដែនសមុទ្រ និង​ដែន​គោក ខណៈ​មាន​ការអះអាង​ដំណក់​ប្រេង​ដំបូង​អាច​ទាញ​យកមក​ប្រើប្រាស់​នៅ​ចុងឆ្នាំ​២០១៩​។​

​លោក ស៊ុយ សែម បាន​លើកឡើង​ថា ក្នុង​ទស្សវត្សរ៍ ឆ្នាំ​១៩៧០ ក្រុម​ជំនាញ​ប្រេងកាត​របស់​បារាំង បានចាប់ផ្តើម​រុករក​ធនធាន​ប្រេងកាត ដោយ​បាន​ខួងអណ្តូង​ចំនួន​៣​កន្លែង​នៅ​ដែនសមុទ្រ​កម្ពុជា ប៉ុន្តែ​សកម្មភាព​នេះ ត្រូវបាន​ផ្អាក​ទៅវិញ​ដោយសារ​តែ​សង្គ្រាម​។ លុះ​ដល់​ឆ្នាំ​១៩៨៧ ការសិក្សា ស្រាវជ្រាវ​បាន​ចាប់ផ្តើម​ឡើង​វិញ ក្រោម​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​អ្នកជំនាញ​ប្រេងកាត អតីត​សហភាពសូវៀត ហើយ​គូស​ផែនទី​បែងចែក​ប្លុក​ស្វែង​រុករក​ប្រេងកាត ទូទាំង​ប្រទេស កម្ពុជា​។​

​បើ​តាម​លោក​រដ្ឋមន្ត្រី ការ​គូស​ផែនទី​ប្រេងកាត​នេះ​ផ្អែក​ទាំងស្រុង​លើ​លក្ខ​ខណៈ​ភូគព្ភសាស្ត្រ​ទាំង​ដែន​គោក និង​ដែន​ដែនសមុទ្រ ហើយ​មក​ដល់​បច្ចុប្បន្ន​កម្ពុជា​មាន​ប្លុក​ប្រេងកាត​ចំនួន​២៥​។ ក្នុងនោះ​ដែនសមុទ្រ ៦​ប្លុក ដែន​គោក ១៩​ប្លុក និង​៤​តំបន់​នៅ​ដែនសមុទ្រ​ត្រួតគ្នា​រវាង​កម្ពុជា​-​ថៃ​។​

​លោក ស៊ុយ សែម បានឱ្យដឹង​ទៀត​ថា ដោយសារ​ឃើញ​ប្លុក​ប្រេងកាត​នៅ​កម្ពុជា មាន នោះ នៅក្នុង​ឆ្នាំ​១៩៩១ ក៏​មាន​ការដេញថ្លៃ​ប្លុក​ប្រេងកាត​នៅ​ដែនសមុទ្រ​កម្ពុជា​លើកដំបូង ដោយ​កម្ពុជា​បាន​ផ្តល់​សិទ្ធិ​រុករក​នៅ​ដែនសមុទ្រ​ឱ្យ​ក្រុមហ៊ុន​ចំនួន​៣​។ ជាមួយគ្នានេះ នៅក្នុង​ឆ្នាំ​១៩៩៦ រាជរដ្ឋាភិបាល បានអនុញ្ញាត និង​ផ្តល់​សិទ្ធិ​ឱ្យ​សាជីវកម្ម​ប្រេងកាត​ជប៉ុន ធ្វើ ការវាស់ស្ទង់​តាម​អាកាស ដើម្បី​វាយ​តម្លៃ​ស្ថានភាព​ភូ​គ​ព្ភសាស្ត្រជុំ​វិញ​តំបន់​ទន្លេសាប និង តំបន់ ទន្លេ មេគង្គ​។ បន្ទាប់មក​នៅ​ក្នុង​ឆ្នាំ​១៩៩៧ រាជរដ្ឋាភិបាល ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ប្រេងកាត ឱ្យ​ក្រុមហ៊ុន​ប្រេងកាត​អន្តរជាតិ​មួយចំនួន នៅ​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​កម្ពុជា​-​ថៃ​។​

​លោក​រដ្ឋមន្ត្រី ស៊ុយ សែម ក៏​បាន​បង្ហាញ​ពី​សាវតារ​នៃ​ការរុករក​ប្រេងកាត​នៅ​កម្ពុជា​ផង​ដែរ​។ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា សកម្មភាព​សិក្សា​រុករក​ប្រេងកាត​នៅ​កម្ពុជា​កាន់តែ​ដំណើរការ ច្រើន​ឡើង​វិញ​ទាំង​នៅក្នុង​ដែនសមុទ្រ និង​ដែន​គោក​។​ ​ជាពិសេស​នៅក្នុង​ឆ្នាំ​២០០២ រាជ​រដ្ឋា​ភិ បាល​បាន​ចុះ​កិច្ចព្រមព្រៀង​ប្រេងកាត​នៅ​ប្លុក «A» ជាមួយ​ក្រុមហ៊ុន Chevron ដើម្បី​ធ្វើការ​ស្វែង រុករក​ប្រេងកាត​នៅ​ដែនសមុទ្រ​កម្ពុជា និង​ក្នុង​ឆ្នាំ​២០០៦ រាជរដ្ឋាភិបាល បានអនុញ្ញាត និង​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន Petroleum Geo-Services ធ្វើ​ការ​វាស់​ស្ទង់ 2D Seismic ទាំង​ដែន​គោក និង​ដែនសមុទ្រ និង​បាន​ចុះ​កិច្ចព្រមព្រៀង ប្រេងកាត​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ ចិន ជប៉ុន វៀតណាម និង​ឥណ្ឌូណេស៊ី ដើម្បី​ធ្វើការ​ស្វែង​រុករក ដែល​ក្រុមហ៊ុន​ទាំងនោះ សុទ្ធតែ​ជា​ក្រុមហ៊ុន​ជំនាញ និង​មាន​បទពិសោធន៍ និង​សមត្ថភាព​ហិរញ្ញវត្ថុ​ក្នុង​សកម្មភាព សិក្សា​ស្វែង​រុករក​ប្រេងកាត​នៅ​កម្ពុជា​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​លើកឡើង​ថា រហូតមកទល់​ពេលនេះ ប្រទេស​មួយចំនួន​នៅក្នុង​តំបន់ និង​ពិភពលោក ដែល​មាន​ធនធាន​ប្រេងកាត​ទទួល​បាន​ពរ​ជ័យ​ពី​ការ​ទាញយក​ផល​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ហើយក៏​មាន​ប្រទេស​មួយចំនួន ក៏​ត្រូវ​រង​បណ្តាសារ​ពី​ការវិនិយោគ​លើ​វិស័យ​នេះ​ផងដែរ​។ ដូច្នេះ​នេះ​ជា​បទពិសោធន៌ដ៏​សំខាន់​ដែល​កម្ពុជា​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ហានិភ័យ​នានា ដែល​អាច​នឹង​កើតមានឡើង​ដោយ​ចៃដន្យ​ពី​ការវិនិយោគ​លើ​វិស័យ​នេះ​។ ត្រូវ​ចាំ​ថា ធនធាន​រ៉ែ​ជា​ធនធាន​មួយ​ដែល​ងាយ​នឹង​រីងស្ងួត ហើយ​ងាយ​នឹង​ទទួលរង​នូវ​ផល​ប៉ះពាល់​។ ដូចនេះ ទាំងអស់គ្នា​ត្រូវ​តែពិចារណា​ឱ្យបាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ជៀសវាង​ឱ្យ​ខាន​តែ​បាន​ពី​ផល​អវិជ្ជមាន​ដែល​អាច​កើតមានឡើង​ពី​វិស័យ​នេះ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍​បន្ត​ថា សេចក្តីព្រាងច្បាប់ ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត មាន​សារៈសំខាន់ និង​ចាំបាច់​សម្រាប់​កម្ពុជា ជាពិសេស​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិទី​៦ នៃ​រដ្ឋសភា ក្នុងការ​ពង្រីក​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច តាមរយៈ​ការជំរុញ​ការអភិវឌ្ឍ​ធនធាន​រ៉ែ ប្រេង និង​ឧស្ម័ន ដើម្បី​ប្រែក្លាយ​ធនធាន​នេះ​ឱ្យទៅ​ជា​ប្រភព​ថ្មី និង​សំខាន់​មួយទៀត សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា សំដៅ​ឈាន​ទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ក្នុងការ​ប្រែក្លាយ​ប្រទេស​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នូវ​ឆ្នាំ​២០៣០ និង​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ផ្តល់​ជា​អនុសាសន៍​បន្ថែម​ថា បន្ត​ពង្រឹង និង​លើកកម្ពស់​តួនាទី​ត្រួតពិនិត្យ​របស់​សភា ដើម្បី​ធានា​ថា ការអភិវឌ្ឍ និង​ការគ្រប់គ្រង​វិស័យ​ប្រេងកាត ត្រឹមត្រូវ និង​ស្រប​តាម​និយាម​បច្ចេកទេស និង​ការគ្រប់គ្រង​ប្រកប​ដោយ​គណនេយ្យភាព តម្លាភាព និង​មាន​ការទទួលខុសត្រូវ​ខ្ពស់ ដែល​នឹង​អាច​នាំមក​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជា​អតិបរមា ដែល​នឹង​ជួយ​បង្កើនល្បឿន​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់តែ​លឿន​មួយ​កម្រិត​ថែម​ទៀត​។ អគ្គលេខាធិការដ្ឋាន​សភា​ទាំង​ពីរ​ត្រូវ​ចូលរួម​សិក្សា ពិនិត្យ និង​ផ្តល់​យោបល់ ព័ត៌មាន​លម្អិត​បែប​វិភាគ និង​គ្រប់​ជ្រុងជ្រោយ ជូន​សមាជិក សមាជិកា​សភា​ទាំង​ពីរ ដើម្បី​ឱ្យ​ពួកគាត់​មាន​មូលដ្ឋាន​គ្រឹះ​ច្បាស់លាស់ ត្រឹមត្រូវ ក្នុង​ការវិភាគ វាយតម្លៃ មុន​នឹង​ឈាន​ទៅ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​នេះ​ឱ្យមាន​សង្គត​ភាព និង​ល្អប្រសើរ។​

​ជាមួយគ្នានេះ សម្តេច​ប្រធានរដ្ឋសភា​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​ដែល​បាន​ខិតខំ និង​យកចិត្តទុកដាក់​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ប្រេងកាត ជាពិសេស​ការសម្រេចបាន​នូវ​សេចក្តីព្រាងច្បាប់​ដ៏​សំខាន់​មួយ​នេះ ដើម្បី​ដាក់ជូន​រដ្ឋសភា​អនុម័ត​នា​ពេល​ដ៏​ខ្លី​ខាងមុខ​។ សម្តេច​មាន​ជំនឿ​មុតមាំ​ថា សិក្ខាសាលា​នា​ឱកាស​នេះ នឹង​មាន​ការជជែក ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក ព្រមទាំង​រកឃើញ​នូវ​ចំណុច​សំខាន់ៗ និង​គំនិតល្អៗ ដែល​នឹង​អាច​យក​ទៅ​ប្រើប្រាស់​ជា​មូលដ្ឋាន​ឈានទៅ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត​” នាពេល​ខាងមុខ​នេះ ឱ្យ​កាន់តែ​មាន​លក្ខណៈ​ល្អប្រសើរ គ្រប់​ជ្រុងជ្រោយ ឆ្លើយតប​នឹង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​៕​ ​ដោយ​៖​កូឡាប​

spot_img
×