Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ដែនដី ស្នើ​ប្រតិភូ​អឺរ៉ុប ជួយ​គាំទ្រ​ដល់​កម្ពុជា ក្នុងការ​ទទួលបាន​ប​ន្ត​ទៀត​នូវ EBA

spot_img

(​ភ្នំពេញ​) ៖ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​នៅ​រសៀល​ថ្ងៃទី 6 ខែមិថុនា​នេះ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្ដីពី​កិច្ចប្រជុំ​ជាមួយ​ក្រុម​បេសកកម្ម​ពិនិត្យ​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប លើ​ប្រធាន​បទ “​ការងារ​ដីធ្លី​” និង​ការអនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ​។

​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានស្នើ​ដល់គណៈ​ប្រតិភូ​អឺរ៉ុប ឱ្យ​វាយតម្លៃ​ប្រកបដោយ​សុភ​វិនិច្ឆ័យ អំពី​ស្ថានភាព​កម្ពុជា និង​ជួយ​គាំទ្រ​ដល់​ប្រទេស ក្នុង​ការទទួល​បានជា​បន្តទៀត​នូវ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ ( EBA) ពី​សហភាព​អឺរ៉ុប ដែលជា​ការឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​អភិវឌ្ឍ​ប្រទេស​ទាំងពីរ​ចំណុចសូន្យ បន្ទាប់ពី​ការបំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​របស់​របប​ប្រល័យពូជសាសន៍​ប៉ុលពត រក្សាបាន​នូវ​សន្តិភាព​ស្ថេរភាព​នយោបាយ បង្កើត​ការងារ​ជូន​យុវជន លើកកម្ពស់​ជីវភាព​ប្រជាជន​និង​ជំរុញ​កំណើនសេដ្ឋកិច្ច ចូលរួមចំណែក​ក្នុង​ការកសាង​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​នៅក្នុង​ពិភពលោក ក្នុងឋានៈ​ជា​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​។​

​សំណើរ​កម្ពុជា​បានធ្វើ​ឡើង​នៅ រសៀល​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៩ ខណៈដែល ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមជាមួយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន តំណាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួងពាណិជ្ជកម្ម និង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ក្រុម​បេសកកម្ម​ពិនិត្យ និង​ស្វែងរក​ការពិត​របស់​សហភាព​អឺរ៉ុប ស្តីពី​ការអនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខទំនិញ​លើកលែង​គ្រឿង​ស​ព្វា​អាវុធ (EBA) ដែល​ដឹកនាំ​ដោយ​លោកស្រី Alina BOICIUS អនុប្រធាន​ផ្នែក​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៃ​អគ្គនាយកដ្ឋាន​ពាណិជ្ជកម្ម និង​មានការ​ចូលរួម​ពី លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រសួង​រៀបចំ​ដែនដី​បានប្រកាស​ទៀតថា ក្នុងជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​មក​របស់​ប្រតិភូ និង​បានបញ្ជាក់​អំពី​គោលជំហរ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ធានា​នូវ​នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ព្រមទាំង​បាន​ជម្រាបជូន នូវ​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេចបាន​លើ​វិស័យ​ដីធ្លី​។​

​លោកស្រី Alina BOICIUS បាន​សម្តែង​ការអបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​វិស័យ​ដីធ្លី និង​បានលើកឡើង​អំពី​(១) នីតិវិធី​ក្នុងការ​ពិនិត្យ EBA ដែល​បញ្ហា​សម្បទាន​ដី​ជា​ចំណុច​មួយ​ក្នុងការ​ការវាយតម្លៃ​, (២) សុំ​ការបញ្ជា​ក់លើ​បញ្ហា​មួយចំនួន​ក្នុងការ​ដោះស្រាយ​វិវាទ​កន្លងមក​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ វិធីសាស្ត្រ​នៃ​ការដោះស្រាយ និង​លទ្ធផល​រំពឹងទុក​រហូតដល់​ថ្ងៃទី​១២ ខែសីហា ឆ្នាំ ២០១៩ នៅក្នុង​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ស្ពឺ និង​ខេត្តកោះកុង (៣)៖ ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ខេត្តព្រះវិហារ​ឱ្យ​ស្របតាម​ស្តង់ដារ​ជាតិ​និង​អន្តរជាតិ (៤)៖ ការចូលរួម​ក្នុង Platform សំណុំរឿង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​អាចឱ្យ​អ្នកពាក់ព័ន្ធ​ចែករំលែក​ព័ត៌មាន​គ្នា​បាន និង​ធ្វើការ​ឆ្លើយបំភ្លឺ​។​

​លោកស្រី​ប្រធាន​ប្រតិភូ បាន​ថ្លែងអំណរគុណ​ចំពោះ រាល់​ការឆ្លើយតប​របស់ ឧបនាយករដ្ឋមន្ត្រី និង​បានបញ្ជាក់​ពី​គោលបំណង​នៃ​បេសកកម្ម ក្នុង​គោលដៅ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ការពារ​មិនឱ្យ​កម្ពុជា​បាត់បង់ EBA ដើម្បី​ជា​គុណប្រយោជន៍​រួម​របស់​កម្ពុជា និង​សហភាព​អឺរ៉ុប​។​

​ឧបនាយករដ្ឋមន្ត្រី បានស្នើ​ដល់​ប្រតិភូ​ធ្វើការ​វាយតម្លៃ​ប្រកបដោយ​សុភ​វិនិច្ឆ័យ និង​ជួយ​គាំទ្រ ដល់​កម្ពុជា ក្នុង​ការទទួល​បានជា​បន្តទៀត​នូវ EBA ពី​សហភាព​អឺរ៉ុប ដែលជា​ការឆ្លើយតប​ទៅនឹង ការខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​តាំងពី​ចំណុចសូន្យ បន្ទាប់ពី​ការបំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​របស់​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ បង្កើត​ការងារ​ជូន​យុវជន លើកកម្ពស់​ជីវភាព​ប្រជាជន និង​ជំរុញ​កំណើនសេដ្ឋកិច្ច ចូលរួមចំណែក​ក្នុង​ការកសាង​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ក្នុងឋានៈ​ជា​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×