Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា ប្រាប់​ប្រតិភូ​អឺរ៉ុប​ថា ប្រទេស​កម្ពុជា​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA

spot_img

​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បានទទួល​ជួប​ជាមួយ​ប្រតិភូ​អឺរ៉ុប ដែល​ដឹកនាំ​ដោយ​អគ្គលេខាធិការរង​នៃ​មន្ទីរ​ការបរទេស​សហ​ភាព​អឺរ៉ុប លោក Jean-Christophe Balliard ដើម្បី​ពិភាក្សា​លើ​ទំនាក់ទំនង​ការទូត​មួយចំនួន ក្នុងនោះ​ក៏មាន​ការពិភាក្សា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប EBA ផងដែរ​។

​ប្រមុខ​ការទូត​កម្ពុជា ប្រាប់​ប្រតិភូ​អឺរ៉ុប​ថា ប្រទេស​កម្ពុជា​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA) ហើយ​លោក​ក៏​ស្នើ​ដល់​ប្រតិភូ​នេះ ឲ្យ​មើលឃើញ​ពី​ការពិត​ជាក់ស្ដែង​ដែល​កម្ពុជា​ធ្វើបាន​ខ្លះ​ផង​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កេ​ត សោ​ផាន់ ថ្លែង​ក្នុង​សន្និសីទកាសែត​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​ថា ប្រមុខ​ការទូត​កម្ពុជា​នៅតែ​រក្សា​ជំហរ​ធ្វើការ​ជាមួយ​អឺរ៉ុប​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ តែ​បាន​បញ្ជាក់ថា កម្ពុជា​មិនអាច​យក​អធិបតេយ្យ​ទៅ​ប្ដូរ​នោះទេ ខណៈ​ស្នើ​ឲ្យ​ប្រតិភូ​រំលេច​ឲ្យ​ឃើញ​ពី​ការវិវត្ត​របស់​កម្ពុជា​ខ្លះ​ផង​ក្នុង​របាយការណ៍​ទស្សន​កិច្ច​របស់ខ្លួន​។​

​លោក កេ​ត សោ​ផាន់ ថ្លែងថា​៖ «​យើង​កត់សម្គាល់​ឃើញថា អ្វី​ដែលជា​របាយការណ៍​របស់គាត់​មិនបាន​ឆ្លុះបញ្ចាំង​ពី​រដ្ឋាភិបាល ជាពិសេស​ដូចដែល​យើង​ឆ្លើយតប​ទៅ EU វិញ ដែលមាន​កម្រាស់ ៨៣​ទំព័រ​ហ្នឹង ឃើញថា គាត់​មិនបាន​ឆ្លុះបញ្ចាំង​អ្វី​ពី​វឌ្ឍនភាព​របស់​កម្ពុជា​នោះទេ​។ អ៊ីចឹង គ្រប់​ពេលដែល​រដ្ឋាភិបាល ជាពិសេស​នៅពេលដែល​ប្រមុខ​ការទូត​យើង​ជួប EU ហ្នឹង គឺ​តែងតែ​ស្នើសុំ​ឲ្យ​រំលេច​ពីអ្វី​ដែលជា​ការពិត​ជាក់​ស្ដែង​របស់​កម្ពុជា​ខ្លះ​ផង​»​។

​ប្រតិភូ​សហភាព​អឺរ៉ុប​បានធ្វើ​ដំណើរ​ទស្សនកិច្ច​របស់ខ្លួន​កាលពី​ថ្ងៃទី​៣ មិថុនា ក្នុង​គោលបំណង​ស្វែងរក​ការពិត​មួយ បន្ទាប់ពី​ប្រទេស​នេះ​បានចាប់ផ្ដើម​ដំណើរការ ដែល​នឹង​ឈានទៅ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា បន្ទាប់ពី​រកឃើញថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពុំបាន​ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើងវិញ​នោះ​។​

​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវបាន​ផ្ដល់​មក​កម្ពុ​ជា​ជាមួយ​លក្ខខណ្ឌ​នៃ​ការគោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ហើយ​តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​នាំចូល​ទំនិញ​គ្រប់យ៉ាង​ចូលទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​រួច​ផុតពី​កាតព្វកិច្ច​បង់ពន្ធ​គយ ដែលមាន​តម្លៃ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

​បើ​យោងតាម​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ការពិភាក្សា​នេះ​ជារួម ទាំង​លោក Jean-Christophe Belliard និង​ឧបនាយករដ្ឋមន្ត្រី បាន​ឯកភាពគ្នា​លើ​គោលការណ៍​ធំ គឺ​ភាគី​ទាំងពីរ​នឹង​បន្ត​កិច្ចសន្ទនា ដើម្បី​រក​ដំណោះស្រាយ​នៅក្នុង​ការរក្សា EBA ជូន​កម្ពុជា​បន្តទៀត​។ ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​កិច្ចសន្ទនា​រួមគ្នា​នេះ គឺ​នៅក្នុង​ស្មារតី​គោរព​គ្នា​ទៅវិញទៅមក​»​។​

​បើតាម​អ្នកនាំពាក្យ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ឆ្លៀត​រំលឹក​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន ធ្វើតាម​អ្វីដែល ជា​សេចក្តីថ្លែងការណ៍​របស់​ខ្លួន កាលពីដើម​ខែធ្នូ ឆ្នាំ​២០១៨ ហើយ​ក៏បាន​ជម្រាប​ជូនទៅ​ភ្ញៀវ​អំពី​វឌ្ឍនភាព​ជាច្រើន ដែល​រាជរដ្ឋាភិបាល​ប្តេជ្ញា​ថា​នឹងធ្វើ ដូចជា ពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព​ការងារ និង​ដោះស្រាយ​បញ្ហាដីធ្លី​ជាដើម​។ ជាមួយគ្នានេះ ប្រមុខ​ការទូត​កម្ពុជា បានស្នើ​សុំឱ្យ​សហភាព​អឺរ៉ុប កត់សម្គាល់​ពី​វឌ្ឍនភាព ដែល​កម្ពុជា​សម្រេចបាន​ទាំងនោះ​។​

​លោក​បន្តថា «​អ៉ី​ចឹ​ង​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាបជូន​អ្វី​ដែលជា​វឌ្ឍនភាព ហើយ​សុំឱ្យ​តំណាង​របស់​អឺរ៉ុប ត្រូវ​កត់សម្គាល់ឃើញ​ពី​វឌ្ឍនភាព​របស់​រាជរ​ដ្ឋា​ភិ​បាល សម្រេចបាន​នោះ​»​។​

​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លងទៅ សហភាព​អឺរ៉ុប បានប្រកាស​ចាប់ផ្តើម​ដំណើរការ​នីតិវិធី ដែល​អាច​នាំឱ្យ​មានការ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ ប្រព័ន្ធ EBA អាច​នឹង​លុបចោល ប្រសិនបើ​រកឃើញថា​ប្រទេស​ទទួលផល​នេះ មិន​គោរព​សិ​ទិ្ធ​មនុស្ស និង​សិទ្ធិ​ការងារ​សំខាន់ៗ​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​គណៈកម្មការ​អឺរ៉ុប ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×