Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈរដ្ឋមន្ត្រីបានសម្រេច​អនុម័ត​ទាំងស្រុង លើសេចក្តីព្រាង គោលនយោបាយ​ជាតិ ស្តី​ពី​ការសិក្សា​ពេញ​មួយ​ជីវិត​

spot_img

​ភ្នំពេញ ​៖ ​បើ​តាម​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបានបញ្ជាក់​ថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត​ទាំងស្រុង លើ “សេចក្តីព្រាង គោលនយោបាយ​ជាតិ ស្តី​ពី​ការសិក្សា​ពេញ​មួយ​ជីវិត​”​។​

​លោក​ផៃ ស៊ីផា​ន បានបញ្ជាក់​ថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុង​បន្ត​ចាប់ផ្តើម​ពិភាក្សា​លើ “​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ការ​សិក្សា​ពេញ​មួយជីវិត​” ​ដែលមាន​ខ្លឹមសារ​សង្ខេប​ដូចខាងក្រោម​ ៖

​បញ្ញតិ្ត​នៃ «​ការសិក្សា​ពេញ​មួយជីវិត​» ឆ្នាំ​១៩៧២ ជា​បញ្ញតិ្ត​គោល​មួយ​ដែល​បាន​ដាក់បញ្ចូ​ល​ទៅក្នុង​គោលនយោបាយ​អប់រំ​របស់​ប្រទេស​ជឿនលឿន​និង​ប្រទេស​កំពុង​អភិវឌ្ឍ ។ តាមរយៈ​បញ្ញត្តិ​នៃ​ការសិក្សា​ពេញ​ជីវិត​នេះ បាន​លេចឡើង​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ដូច​ជា​សិទ្ធិ​ទទួលបាន​ការអប់រំ ការចុះឈ្មោះ​ចូល​រៀន និង​គុណភាព​អប់រំ ដែល​មិន​ទាន់​ឆ្លើយតប​នឹង​ការវិវត្ត​របស់​ពិភពលោក (​ការអប់រំ​សម្រាប់​ទាំងអស់គ្នា ឆ្នាំ​១៩៩០ នៅ​ជម​ទៀន ប្រទេស​ថៃ​) ។ គោលដៅ​នៃ​ការអប់រំ​សម្រាប់​ទាំងអស់គ្នា ត្រូវ​បាន​ពិនិត្យឡើងវិញ​ក្នុង​ឆ្នាំ​២០០០ នៅ​ដា​កាប្រទេស​សេ​ណេហ្កា​ល់ ស្របពេល​ដែល​ប្រទេស​ជឿនលឿន​បាន​ផ្តោត​លើ​ការអប់រំ​ជន​ពេញវ័យ​អំពី​ជំនាញ​វិជ្ជាជីវៈ ដើម្បី​លើ​កម្ពស់​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។​

​ក្នុង​សតវត្ស​ទី​២១​នេះ ការសិក្សា​ពេញ​មួយ​ជីវិត​បាន​កា្លយ​ជា​ប្រធានបទដ៏​សំខាន់​សម្រាប់​ការអប់​រំ ហើយក៏​ជា​ឧបករណ៍​ដែល​មាន​ប្រយោជន៍​សម្រាប់​ទទួល​បាន​សិទ្ធិសេរីភាព ភាពសប្បាយ​រីករាយ និង​ឆ្លើយតប​ទៅ​នឹង​បម្រែបម្រួល​នៃ​តម្រូវការ​ទីផ្សារការងារ ពិសេស ភាពចាំបាច់​នៃ​ការសិក្សា​របស់​ពលរដ្ឋ​គ្រប់​រូប​នៅ​គ្រប់​កាលៈទេសៈ​ផងដែរ ។​ការសិក្សា​ពេញ​មួយ​ជីវិត​បាន​ក្លាយជា​ស​មាស​ភាគ​សំខាន់​ក្នុង​គោលដៅ​ទី​៤ នៃ​ក្របខណ្ឌ​គោល​នៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ នៅ​អ៊ី​ន​ឈន់ សាធារណរដ្ឋ​កូរ៉េ ពោល​គឺ «​ធានា​ឲ្យ​ការអប់រំ​មាន​គុណភាព​ប្រកបដោយ​សមធម៌ បរិយា​ប័ន្ន និង​លើកកម្ពស់​ឱកាស​ក្នុង​ការសិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ទាំងអស់គ្នា » ។​

​នៅពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​អប់រំ​កម្ពុជា​មាន​ការរីកចម្រើន​ខាង​បរិមាណ​គូរ​ជាទី​មោទនៈ​ជាពិសេស នៅ​កម្រិត​បឋមសិក្សា ។

ទោះបីជា​យ៉ាងនេះក្តី បញ្ហា​សិស្ស​បោះបង់​ការសិក្សា និង​គុណភាព​សិក្សា​នៅ​តែ​ជា​ក្តីកង្វល់​នៅឡើយ ។ ជាក់ស្តែង អត្រា​ពិត​នៃ​ការសិក្សា​នៅ​បឋម​សិក្សា​មាន​ប្រមាណ​៩៧% នៅ​ទសវត្សរ៍​ចុងក្រោយ​នេះ ។ ប៉ុន្តែ សិស្ស​ដែល​អាច​បញ្ចប់​ការសិក្សា​នៅ​បឋម​សិក្សា​មាន​ប្រមាណ​៨០% បញ្ចប់​មធ្យមសិក្សា​បឋម​ភូមិ​មាន​ប្រមាណ​៤០% និង​មធ្យមសិក្សា​ទុតិយភូមិ​មាន​ប្រមាណ​២០% ។ ការវាយតម្លៃ​ថ្នាក់ជាតិ​លើ​មុខវិជ្ជា​ភាសា​ខែ្មរ​និង​គណិតវិទ្យា​ក៏​បាន​បង្ហាញ​ផងដែរ​ថា សិស្ស​ស្ទើរតែ​ពាក់កណ្តាល​ដែល​បាន​ចូលរួម​ក្នុង​ការវាយតម្លៃ​នៅ​ថ្នាក់​ទី​៣ ទី​៦ ទី​៨ មិន​ទទួលបាន​ចំណេះដឹង​ដូច​ការរំពឹងទុក​នោះទេ ។​

ដោយសារ​មាន​ការខិតខំ​ពី​គ្រប់ភាគី​តាមរយៈ​កម្មវិធី​អប់រំ​ក្នុង​ប្រព័ន្ធ ក្រៅ​ប្រព័ន្ធ និង​មិន​ផ្លូវការ អត្រា​អក្ខរកម្ម​ជន​ពេញវ័យ​អាយុ​១៥​ឆ្នាំ​ឡើង​មាន ៨០,៥% ស្ត្រី​មាន​៧៥,០% ក្នុងនោះ​អត្រា​អក្ខរកម្ម​នៅតាម​ជនបទ មាន​ត្រឹមតែ​៧៦,៨% ស្រី​៧០,៧% ប៉ុណ្ណោះ​(​អង្កេត​ស្តីពី​សេដ្ឋកិច្ច​សង្គម​កម្ពុជា វិទ្យាស្ថាន​ជាតិ​ស្ថិត ក្រសួង​ផែនការ ២០១៦) ។​

​គោលនយោបាយ​អប់រំ​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០០២ បាន​រួមចំណែក​សម្រេច​លទ្ធផល​ខាងលើនេះ តាមរយៈ​ការផ្តល់​ការអប់រំ​គ្រប់​រូបភាព ។ វិសាលភាព​គោលនយោបាយ​នេះ នៅ​មិនទាន់​អាច​ឆ្លើយ​តម​បាន​ទៅ​នឹង​បរិបទ​នៃ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​របស់​ប្រទេស ទោះ បី​មាន​ភាពស៊ីចង្វាក់​គ្នា​ទៅ​នឹង​បញ្ញត្តិ​នៃ​ការសិក្សា​ពេញ​មួយជីវិត​យ៉ាងណាក៏ដោយ ។ គោលនយោបាយ​អប់រំ​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០០២ ត្រូវឲ្យ​ធ្វើ​បច្ចុប្បន្នកម្ម ដោយ​ត្រូវ​ពង្រីក​វិសាលភាព និង​យន្តការ​មួយចំនួនឲ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត ។​

+​ចក្ខុវិស័យ ៖ ផ្នែក​នេះ បាន​លើកឡើង​អំពី​ចក្ខុវិស័យ​របស់​គោលនយោបាយ​ជាតិ​ស្ដីពី ការសិក្សា​ពេញ​មួយជីវិត ដែលមាន​ខ្លឹមសារ​ថា “​អភិវឌ្ឍ​ប្រជាជន​កម្ពុជា​គ្រប់​រូប​អោយ​មាន​វិជ្ជា​សម្បទា បំណិន​សម្បទា កាយសម្បទា និង​គុណសម្បទា ដើម្បី​រួមចំណែក​បង្កើត​សេដ្ឋកិច្ច និង​លើកកម្ពស់​សុខដុម​នីយកម្ម​ជីវិត​បុគ្គល​គ្រួសារ និង​សង្គម តាមរយៈ​ការផ្ដល់​ឪ​កាស​សិក្សា​ពេញ​មួយ​ជីវិត គ្រប់ពេលវេលា គ្រប់​ទីកន្លែង និង​គ្រប់​មធ្យោបាយ​”​។​

+​គោលបំណង ៖ ផ្នែក​នេះ បាន​លើកឡើង​អំពី​គោលបំណង​របស់​គោលនយោបាយ​ជាតិ​ស្ដីពី ការសិក្សា​ពេញ​មួយជីវិត ដែលមាន​ខ្លឹមសារ​ថា “​ផ្ដល់​ឪ​កាស​និង​គាំទ្រ​អោយ​ប្រជាជន​គ្រប់​រូប​ទទួល​បាន​ការ​សិក្សា​គ្រប់​រូបភាព និង​ប្រើប្រាស់​ចំណេះ​ដឺ​ង​តាម​ជំនាញ​ដែល​ទទួលបាន ដើម្បី​បង្កើត​ប្រសិទ្ធភាព គុណភាព ផលិតភាព​ការងារ និង​ប្រាប់​ចំណូល ស្រប​តាម​យុគ្គសម័យ​បច្ចេកវិទ្យា​គ​មនាគ​ម​ន៏​និង​ព័ត៌មាន និង​សង្គម​ពុទ្ធិ​”​។​

+​គោលដៅ ៖ គោលនយោបាយ​នេះ​បាន​កំណត់​គោលដៅ​សំខាន់ៗ​ចំនួន​៦ គឺ​៖

​ផ្ដល់​សេវា​សិក្សា​ពេញ​មួយ​ជី​វិត​ដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​

-​អភិវឌ្ឍ​កម្មវិធីសិក្សា​ពេញ​មួយ​ជីវិត​អោយ​សម្បូរ​បែប និង​មាន​ភាពបត់បែន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកសិក្សា​

-​អភិវឌ្ឍ​មជ្ឈមណ្ឌល​សិក្សា ហេដ្ឋារចនាសម្ព័ន្ធ និង​ទីកន្លែង​សិក្សា​ឲ្យបាន​សមស្រប​

-​បណ្ដុះបណ្ដាល់​អ្នកសម្របសម្រួល​កម្មវិធីសិក្សា​ពេញ​មួយជីវិត​ប្រកបដោយ​វិជ្ជាជីវៈ​

-​ផ្ដល់​ការទទួលស្គាល់ ការ​បញ្ជាក់​សុ​ភល​ភាព និង​មាន​ការទទួលស្គាល់​គុណភាព ចំណេះ​ដឺ​ង​ជំនាញ​នៃ​សមត្ថភាព​នៃ​ការសិក្សា​ពេញ​មួយជីវិត ស្រប​តាម​ក្រប​ខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា​ដោយ​តម្លាភាព យុត្តិធម៍ និង​មាន​សង្គតិភាព​

-​ជំរុញ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ដៃ​គួរ​អភិវឌ្ឍ ផ្ដល់​ការគាំទ្រ និង​អនុវត្ដ​ការសិក្សា​ពេញ​មួយជីវិត​។​

+​យុទ្ធសាស្ដ្រ ៖ ដើម្បី​អនុវត្ដ គោលនយោបាយ​ជាតិ​ស្ដី​ពី​ការសិក្សា​ពេញ​មួយ​ជីវិត ឲ្យបាន​ជោគជ័យ​ត្រូវមាន​យុទ្ធ​សា​ស្ដ្រសំខាន់ៗ​ចំនួន​១១ គឺ​៖

​អភិវឌ្ឍ​ក្របខណ្ឌ​ច្បាប់ និង​យន្ដការ​ផ្ដល់​សេវា​ការសិក្សា​ពេញ​មួយ​ជីវិត​ដល់​ពលរដ្ឋ​គ្រប់រូប​

អភិវឌ្ឍ​កម្ម​កម្មវិធីសិក្សា​ពេញ​មួយ​ជីវិត​ឲ្យ​សម្បូរ​បែប និង​មាន​ភាពបត់បែន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកសិក្សា​

អភិវឌ្ឍ​មជ្ឈមណ្ឌល​សិក្សា ហេដ្ឋារចនាសម្ព័ន្ធ និង​ទីកន្លែង​សិក្សា​ឲ្យ​សមស្រប​

​បណ្ដុះបណ្ដាល់​អ្នកសម្របសម្រួល​កម្មវិធីសិក្សា​ពេញ​មួយជីវិត​ប្រកបដោយ​វិជ្ជាជីវៈ​

​ផ្ដល់​ការទទួលស្គាល់ ការបញ្ជាក់​សុ​ភល​ភាព និង​មាន​ការទទួលស្គាល់​គុណភាព​នៃ​ការសិក្សា​ពេញ​មួយ​ជីវិត​ដោយ​តម្លាភាព យុត្តិធម៍ និង​សង្គតិភាព​

​ជំរុញ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សម្រាប់​គាំទ្រ​ការសិក្សា​ពេញ​មួយជីវិត​

​លើកកម្ពស់​វប្បធម៌​រស់នៅ​ជា​ពលរដ្ឋ​សកល​

​លើកកម្ពស់​សមភាព សមធ​ម៍ យេនឌ័រ និង​បរិយា​ប័ន្ន​

​លើកកម្ពស់​ការអប់រំ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​

​ជំរុញ​វិស័យ ឯកជន ដៃគូ​អភិវឌ្ឍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចូលរួម​ផ្ដល់​សេវា​សិក្សា​ពេញ​មួយ​ជីវិត​។​

​ផែ​ក​ការ​សកម្មភាព ៖ ដើម្បី​សម្រេច​យុទ្ធសាស្ដ្រ​ខាងលើ​ផែនការ​សកម្មភាព​ជាក់លាក់ ត្រូវបាន​លើកឡើង​ដូចខាងក្រោម ៖

​ការបង្កើត​យន្ដការ ដូចជា​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការសិក្សា​ពេញ​មួយ​ជីវិត​

– ការបង្កើត​ក្របខណ្ឌ​គតិ​យុ​ត្ដ ដើម្បី​គាំទ្រ​ដល់​យន្ដការ​ដូច​បាន​រៀបរាប់​ខាងលើ​

– ការគាំទ្រ​ហិរញវត្ថុ បាន​កំណត់​អំពី​លទ្ធភាព​ក្នុង​កៀរគ​រ​ថរិកា​ពី​គ្រប់​ប្រភព ដែល​មាន​ការពាក់ព័ន្ធ​

– ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​គ្រប់គ្រង ការរៀបចំ​ផែនការ ការសម្របសម្រួល ការកែលម្អ​កម្មវិធី​អប់រំ​ក្នុង​ប្រព័ន្ធ ការអប់រំ​ក្រៅ​ប្រព័ន្ធ និង​ការអប់រំ​មិន​ផ្លូវការ ឲ្យ​សម្បួរបែប និង​មាន​ភាពទន់ភ្លន់ តាម​គ្រប់​រូបភាព សំដៅ​លើកកម្ពស់​ការសិក្សា​ពេញ​មួយ​ជីវិត​​ដំណើរការ​អនុវត្ដ​គម្រោង​។​

+ ការតាមដាន​ត្រួតពិនិត្យ​និង​ការវាយតម្លៃ ៖ ផ្នែក​នេះ បាន​កំណត់​អំពី​វិសាលភាព និង​ភាពចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ វាយតម្លៃ ពិនិត្យឡើងវិញ និង​សំណើ​កែលម្អ នៅក្នុង​ដំណើរការ​អនុវត្ដ​គោលនយោបាយ​។​

សេចក្ដីសន្និដ្ឋាន​

​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការសិក្សា​ពេញ​មួយ​ជីវិត ជា​ផែនការ​បង្ហាញផ្លូវ​សម្រាប់​អភិវឌ្ឍ​សង្គម​និង​ធនធានមនុស្ស ឆ្ពោះទៅ​កាន់​សុខសន្ដិភាព​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ដើម្បី​សម្រេចបាន​នូវ​គោលនយោបាយ​នេះ ទាមទារ​ឲ្យ​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​មាន​កិច្ច​សហការ​និង​គាំទ្រ​ដោយ​យកចិត្ដទុកដាក់​ខ្ពស់​។ ជាងនេះទៅទៀត គោលនយោបាយ​តម្រូវ​ឲ្យមាន​យន្ដការនិង​បទដ្ឋាន​គតិយុត្ដ ដើម្បី​បង្កើត​ក្រុម​ឬ​អង្គភាព​គាំទ្រ ក្នុង​ការសម្របសម្រួល​ការងារ ការធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទួលាយ និង​ការ​កៀរគរ​ជំនួយ​ពី​គ្រប់​មជ្ឈដ្ឋាន សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ដ​គោល​នយោបាយ​ជាតិ​ស្ដី​ពី​ការសិក្សា​ពេញ​មួយ​ជីវិត​។​

​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការសិក្សា​ពេញ​មួយ​ជីវិត ជំរុញ​ឲ្យ​ប្រជាជន​កម្ពុជា​ក្លាយជា ប្រជាពលរដ្ឋ​សកល​ស្រប​តាម​តម្រូវការ​សង្គម​និង​និន្នាកា​រវិ​វត្ត​របស់​សកល​លោក ពិសេស​បរិបទ ទីផ្សា​ការងារ​ដែល​ត្រួវ​ការ​វិជ្ជា​សម្បទា បំណិន​សម្បទា ចរិយា​សម្បទា កាយ​សម្បទា និង​គុណសម្បទា​។ បុគ្គល​ម្នាក់ៗ​ត្រូវ​អភិវឌ្ឍ​ទាំង​ជំនាញ​រឹង​និង​ជំនាញ​ទន់ ដើម្បី​អនុវត្ដ​ការងារ​ឲ្យមាន​ប្រសិទ្ធភាព និង​លើកកម្ពស់​គុណភាព​នៃ​ជីវិត​នៅក្នុង​បរិបទ​សង្គម​ពុទ្ធិ​៕​ ដោយ​៖​កូឡាប​

spot_img
×