Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​ភ្នំពេញ​ពាណិជ្ជ (PPCBank) ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដើម្បី​ពង្រីក​សេវា​កម្ចី​ដល់​អាជីវកម្ម​ធុន​តូច​នៅ​កម្ពុជា​

spot_img

​រាជធានី​ភ្នំពេញ​ ៖ នៅ ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩នេះ ធនាគារ PPCBank ​បានប្រកាសថា ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង IFC ដែល​ជា​សមាជិក​មួយរ​បស់​ក្រុម​ធនាគារពិភពលោក ដើម្បី​អនុវត្ត​កម្មវិធី​ចែករំលែក​ហានិភ័យ និង​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ដល់​ធនាគារ ​PPCBank ដើម្បី​ពង្រីក​ការផ្តល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច​បំផុត (VSE) សហគ្រាស​ធុន​តូច និង​មធ្យម (SME) រួម​ទាំង​សហគ្រាស​ដឹកនាំ​ដោយ​ស្ត្រី (WSME) នៅ​កម្ពុជា ក្នុង​គោលដៅ​ជំរុញ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ បង្ក​លក្ខណៈ​អំណោយផល​សម្រាប់​ការលូតលាស់​សេដ្ឋកិច្ច និង​បង្កើត​ការងារ​។​

​កម្មវិធី​ចែករំលែក​ហានិភ័យ​នេះ នឹង​ផ្តល់​លទ្ធភាព​ឱ្យ​ធនាគារ​ PPCBank ផ្តល់​សេវា​កាន់តែ​ប្រសើរ​ថែមទៀត​ដល់​អតិថិជន​ដែល​មាន​ស្រាប់ និង​អតិថិជន​ថ្មី​របស់​ខ្លួន ជាពិសេស​សហគ្រាស​ធុន​តូច​បំផុត សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដែល​ដឹកនាំ​ដោយ​ស្ត្រី​ដើម្បី​ពង្រីក​អាជីវកម្ម ក៏ដូចជា​ជំរុញ​កំណើន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។ សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​ប្រភព​ដ៏​សំខាន់​នៃ​កំណើន​ការងារ និង​នវានុវត្តន៍​ក្នុងប្រទេស ហើយ​ដើម្បី​ឱ្យ​សហគ្រាស​ទាំងនេះ ទទួលបាន​ជោគជ័យ សហគ្រាស​ទាំងនេះ​ចាំបាច់​ត្រូវ​មាន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន និង​ប្រភព​មូលនិធិ​ឱ្យ​បាន​គ្រប់គ្រាន់​។​

កន្លងមក សហគ្រាស​ទាំងនេះ​ពុំ​ទាន់​បាន​ទទួល​ហិរញ្ញប្បទាន​គ្រប់គ្រាន់​នៅឡើយ ដោយហេតុ​ថា​ទិន្នន័យ​អំពី​ប្រវត្តិ​កម្ចី​មាន​តិចតួច ជាហេតុ​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​ក្នុង​ការផ្តល់​កម្ចី​ប្រកបដោយ​ការទទួលខុសត្រូវ​។ នេះ​ជា​ឧបសគ្គ​សម្រាប់​សហគ្រាស​ទាំងនេះ ក្នុង​ការពង្រីក​អាជីវកម្ម​បន្ថែមទៀត​។ ធនាគារ​ PPCBank​អាច​ប្រើប្រាស់​កម្មវិធី​នេះ ដើម្បី​កាត់បន្ថយ​ហានិភ័យ​លើ​កម្ចី​ដែល​ផ្តល់​ដល់​សហគ្រាស​ធុន​តូច​បំផុត សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដឹកនាំ​ដោយ​ស្ត្រី​ជា​ម្ចាស់​កម្មសិទ្ធិ និង​ជួយ​ឱ្យ​អាជីវកម្ម​របស់​ពួកគេ​មាន​ការរីកចម្រើន​បន្ថែ​ម​ទៀត​។ បន្ថែម​លើ​កម្មវិធី​ចែករំលែក​ហានិភ័យ​នេះ IFC ក៏​ផ្តល់​សេវា​ប្រឹក្សា​យោបល់​ដល់​ធនាគារ​PPCBank ដើម្បី​ពង្រីក​សមត្ថភាព​របស់​ខ្លួន​និង​បង្កើន​ទំនុកចិត្ត ក្នុង​ការផ្តល់​កម្ចី​ដល់​សហគ្រាស​ទាំងនោះ​។​

លោក Shin Chang Moo អគ្គនាយក​ធនាគារ ​PPCBank មានប្រសាសន៍ថា “​សហគ្រាស​ទាំងនេះ មាន​សក្តានុពល​ពិតប្រាកដ ក្នុង​ការរួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។ ធនាគារ ​PPCBank ​ប្តេជ្ញា​ផ្តល់ឱ្យ​សហគ្រាស​ទាំងនេះ នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ និង​កម្ចី​សមស្រប​បំផុត ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​អាច​ពង្រីក​អាជីវកម្ម​របស់​ខ្លួន បង្កើត​ការងារ និង​មាន​ឱកាស​ចូលរួម​កសាង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។​” លោក​បាន​បន្ថែមទៀតថា “​ការពង្រីក​ឱកាស​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ និង​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ដោយ​ចំហ​ដល់​សហគ្រាស​ធុន​តូច ជា​ការជួយ​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​កា​រ​រីកចម្រើន និង​មិន​ត្រឹមតែ​អាច​ពង្រីក​អាជីវកម្ម​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​លើកស្ទួយ​ជីវភាព​ប្រកបដោយ​និរន្តរភាព និង​ស្ថេរភាព​លើ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ខ្លួន និង​គ្រួសារ​របស់​ពួកគេ​ទៀត​ផង​។ យើង​មាន​មោទនភាព​ដែល​មាន​ឱកាស​ក្នុង​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ទាំងនេះ និង​មាន​ភាព​រីករាយ​ដែល​បាន​មើលឃើញ​ការរីកចម្រើន​របស់​ពួកគេ​។​”

Vivek Pathak នាយក​ប្រចាំ​តំបន់​អាស៊ី​បូ​ព៌ា និង​ប៉ាស៊ីហ្វិក​របស់ IFC បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​ថា​“​សហគ្រាស​ធុន​តូច និង​មធ្យម ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​ចំណូល​ទាប ប៉ុន្តែ​សហគ្រាស​ទាំងនេះ​ជួប​ការលំបាក​ក្នុង​ការទទួល​បាន​កម្ចី ព្រោះតែ​សហគ្រាស​ទាំងនេះ​មាន​ទំហំ​តូច បទពិសោធន៍​តិចតួច និង​កត្តា​រួមផ្សំ​ផ្សេងៗ​ទៀត​។ កម្មវិធី​ចែករំលែក​ហានិភ័យ​នេះ នឹង​ជួយ​ឱ្យ​ធនាគារ​ PPCBank បំពេញ​តម្រូវការ​របស់​សហគ្រាស​ទាំងនេះ ដែល​កំពុង​បំពេញ​តួនាទី​យ៉ាង​សំខាន់ ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា និង​បង្ហាញឱ្យឃើញថា អតិថិជន​ប្រភេទ​នេះ​ក៏​មាន​លទ្ធភាព​ប្រើប្រាស់ “​សេវា​ធនាគារ​” ដូចគ្នា​នឹង​សហគ្រាស​ផ្សេងៗ​ទៀត​ដែរ​។​”

បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៨ ធនាគារ PPCBank ត្រូវបាន​ទទួលស្គាល់ថា​ជា​ធនាគារពាណិជ្ជ ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ជាងគេ​មួយ​នៅ​កម្ពុជា មិន​ត្រឹមតែ​គិត​ជា​ទំហំ​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​វិសាលភាព​នៃ​បណ្តាញ និង​កំណើន​ចំនួន​អតិថិជន​ផងដែរ​។ ក្នុង​គោលបំណង​ធ្វើឱ្យ​បទពិសោធន៍​ប្រើប្រាស់​សេវា​ធនាគារ​នៅ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ឆ្លើយតប​ចំពោះ​តម្រូវការ​អតិថិជន​នីមួយៗ កាលពី​ពេល​ថ្មីៗ​នេះ ធនាគារ ​PPCBank បានប្រកាស​ផ្សព្វផ្សាយ​ពី​ផលិតផល និង​សេវាកម្ម​ជាច្រើន ដូចជា​កម្មវិធី​តាម​ទូរ​សព្ទ​ចល័ត (Mobile Banking) សេវា​ធនាគារ​សាជីវកម្ម​ដែល​បំពេញ​មុខងារ​ពេញលេញ (smartBiz) និង​ប្រព័ន្ធ​សេវា​ធនាគារ​ចល័ត​សម្រាប់​ផ្តល់​ប្រឹក្សា​នៅនឹងកន្លែង និង​មជ្ឈមណ្ឌល​សេវា​អតិថិជន​វៃ​ឆ្លាត ដើម្បី​ជួយ​គាំទ្រ​ដល់​អតិថិជន ២៤​ម៉ោង ក្នុង​មួយ​ថ្ងៃ​។​

​បច្ចុប្បន្ននេះ ធនាគារ​PPCBank ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពេញលេញ​មួយ​នេះ កំពុង​អនុវត្ត​គម្រោង​ធនាគារ​ឌីជីថល ដោយ​ផ្តោត​លើ​ការដាក់​ឱ្យ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​តាម​ទូរ​សព្ទ​ចល័ត (Mobile Banking)​ដែល​កាន់តែ​មាន​ភាពល្អប្រសើរ​ជាង​មុន​បន្ថែមទៀត​។ លើស​ពីនេះ ទំនាក់ទំនង franchise ជាមួយនឹង​ក្លឹប Diners Club International នឹង​ធ្វើឲ​សេវាកម្ម​មាន​ភាពងាយស្រួល​ដល់​អតិថិជន។​

​ក្នុង​រយៈពេល ២ ទស្សវត្សរ៍​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា​សម្រេចបាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ដែលនាំឱ្យ​កម្រិត​ចំណូល​របស់​ប្រជាពលរដ្ឋ​មាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​ធ្វើឱ្យ​ពួកគេ​មាន​ប្រាក់ចំណូល​សម្រាប់​ចាយវាយ​ក្នុង​ចំនួន​ច្រើន​ជាង​មុន​។ ជាមួយ​នឹង​កំណើន​ជា​មធ្យម ៧,៧% ចន្លោះ​ពី​ឆ្នាំ ១៩៩៥ ដល់ ២០១៨ ប្រទេស​កម្ពុជា គឺ​សេដ្ឋកិច្ច​ដែល​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ជាង​គេ​ទី ៦ ក្នុង​ពិភពលោក​។ គេ​រំពឹងថា កំណើន​សេដ្ឋកិច្ច​នេះ នឹង​បន្ត​មាន​និរន្តរភាព ដោយ​ធនាគារពិភពលោក​ព្យាក​រថា កំណើន​នឹង​មាន​កម្រិត ៧% សម្រាប់​ឆ្នាំ ២០១៩​។​

​អំពី ​PPCBank

​ចុះបញ្ជី​ក្នុងប្រទេស​កម្ពុជា កាលពី​ខែ កញ្ញា ឆ្នាំ ២០០៨ បច្ចុប្បន្ននេះ PPCBank ប្រតិបត្តិការ​ជាមួយនឹង​សាខា​ចំនួន ១៩ និង​ម៉ាស៊ីន ATM ចំនួន ២៨ ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​ធំៗ​។ ជាមួយនឹង​ចក្ខុវិស័យ “​ការបង្កើត​នូវ​ជោគជ័យ​ដោយ​ប្រើប្រាស់​គំរូ​ផ្តល់​សេវា​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន​ក្នុងស្រុក ដែល​មាន​លក្ខណៈ​ទំនើប​នៅ​អាស៊ី​អាគ្នេយ៍​” ធនាគារ​PPCBank ប្តេជ្ញា​ផ្តល់​បទពិសោធន៍​តាម​គ្រប់​ច្រក​ទាំងអស់ដ​ល់​អតិថិជ​ន​។ ចាប់​ពី​សាខា​ដែល​គិត​ពី​ប្រយោជន៍​សង្គម ជាមួយនឹង​ហាង​កាហ្វេ​ដែល​ផ្តល់​សេវា​ដោយ​អ្នក​ដែល​មាន​តម្រូវការ​ពិសេស កម្មវិធី​ធនាគារ​តាម​ទូរ​សព្ទ​ចល័ត​(Mobile Banking) ដែល​ផ្តល់​នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​ម្នាក់ៗ រហូត​ដល់​កម្មវិធី smartBiz ដែល​ជា​ប្រព័ន្ធ​គ្រប់គ្រង​សាជីវកម្ម​សម្រាប់​ប្រភេទ​អតិថិជន​សាជីវកម្ម ក្នុង​ការគ្រប់គ្រង​សេវា​ធនាគារ និង​គ្រប់គ្រង​សេវា​ប្រមូល​បំណុល ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ជាមួយនឹង​គណនី Virtual Account​។ ធនាគារ PPCBank ក៏​ផ្តល់​នូវ​សេវា Mobile Teller សម្រាប់​ផ្តល់​ប្រឹក្សា​នៅនឹងកន្លែង​ជាក់ស្តែង នៅក្នុង និង​ខាងក្រៅ​សាខា​ផងដែរ​។ បន្ថែម​ពីលើ​សេវា​ទាំងនេះ ធនាគារ​PPCBank​ក៏​ផ្តល់​សេវា​ដល់​អតិថិជន (High Net-Worth Individual- HNWI) ជាមួយនឹង​សេវា​បដិសណ្ឋារកិច្ច​ធនា​គារ​កម្រិត​ខ្ពស់​ប្រភេទ Gold Club​។ ហើយ​សម្រាប់​អតិថិជន​ដែល​ជា​ជនជាតិ​ជប៉ុន ជនជាតិ​កូរ៉េ និង​ជនជាតិ​ចិន ពួកគេ​ក៏​អាច​ទៅ​ធនាគារ ដើម្បី​ទទួលបាន​សេវា​ពី​តុ​ផ្តល់​សេវា​ពិសេស​សម្រាប់​ជនជាតិ​ជប៉ុន កូរ៉េ និង​ចិន និង​ទទួលបាន​បទពិសោធន៍​ជាមួយនឹង​ទស្សនទាន “Fun Bank” របស់​ធនាគារ PPCBank ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​មើល​គេហទំព័រ​​ www.ppcbank.com.kh

អំពី IFC

IFC ក្នុងនាម​ជា​ស្ថាប័ន​បងប្អូន​របស់​ធនាគា​រ​ពិភពលោក និង​ជា​សមាជិក​មួយ​របស់​ក្រុម​ធនាគារ​ពិភពលោក គឺជា​ស្ថាប័ន​អភិវឌ្ឍន៍​សកល​ធំជាងគេ ដែល​ផ្តោត​សំខាន់​លើ​វិស័យ​ឯកជន​នៅតាម​ទីផ្សារ​ដែល​កំពុង​មានកា​រ​រីកចម្រើន​។ យើង​ធ្វើ​ការងារ​ជាមួយ​នឹង​សហគ្រាស​ជាង ២.០០០ ទូ​ទាំង​សកលលោក តាមរយៈ​ការប្រើប្រាស់​មូល​ធុន ជំនាញ និង​ឥទ្ធិពល​របស់​យើង ដើម្បី​បង្កើត​ទីផ្សារ និង​កាលានុវត្តភាព សម្រាប់​តំបន់​ដែល​ជួប​ការលំបាក​ជាង​គេ​ក្នុង​ពិភពលោក​។ ក្នុង​ឆ្នាំសារពើពន្ធ ២០១៨ យើង​ផ្តល់​ហិរញ្ញប្បទាន​ទឹកប្រាក់​ជាង​២៣​ប៊ី​លាន​ដុល្លារ ដល់​ប្រទេស​កំពុង​អភិវឌ្ឍ តាមរយៈ​ការ​កៀរគរ​អានុភាព​របស់​វិស័យ​ឯកជន ដើម្បី​ជួយ​បញ្ចប់​ភាពក្រីក្រ និង​លើកកម្ពស់​វិបុលភាព​សម្រាប់​ទាំងអស់គ្នា​៕ ​ដោយ​៖​កូឡាប​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​មើល​គេហទំព័រ​www.ifc.org​

         

spot_img
×