Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ឆ្នាំ​២០១៩

spot_img

(​ភ្នំពេញ​) ៖ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ បានចេញ​សេចក្ដីថ្លែងការណ៍ គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី ៣ កាលពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​បាន​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​។

​សេចក្ដីថ្លែងការណ៍ បាន​បញ្ជាក់ទៀតថា សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ គ្រប់​រូប​ដែល​ជា​អង្គ​បោះឆ្នោត​បាន​អញ្ជើញ​ទៅ​បោះឆ្នោត នៅតាម​ការិយាល័យ​បោះឆ្នោត​នានា ដោយ​ភាព​ឯករាជ្យ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុង​បរិយាកាស​នយោបាយ​អព្យាក្រឹត និង​សុវត្ថិភាព​។ នេះ​ជា​ព្រឹត្តិការណ៍ ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដែល​ឆ្លុះបញ្ចាំង​ឲ្យឃើញ​កាន់តែ​ច្បាស់​នូវ​ការប្តេ​ជ្ញា​ចិត្ត យ៉ាង​មុតមាំ​របស់​កម្ពុជា ក្នុង​ការ​បន្ត​ដំណើរ​ទៅមុខ​ឥត​ងាករេ នៅលើ​មាគ៌ា​សន្តិភាព ប្រជាធិបតេយ្យ​សេរី ពហុបក្ស និង​អភិវឌ្ឍន៍​។​

​គណបក្ស​ប្រជាជន​កម្ពុជា សូម​ប្រកាស​ជា​ឧឡា​រិក ទទួលយក​លទ្ធផល​ផ្លូវការ នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ លទ្ធផល​នៃ​ការបោះឆ្នោត​នេះ បាន​ឆ្លុះបញ្ចាំង​ទាំងស្រុង​នូវ​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា តាមរយៈ​សមាជិក សមាជិកា​នៃ​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ជា​តំណាង​ពេញ​ច្បាប់​របស់​ខ្លួន នៅ​គ្រប់​មូលដ្ឋាន ក្នុង​ការគាំទ្រ និង​ការផ្តល់​ជំនឿ​ទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹកនាំ​នៅ​ថ្នាក់ក្រោម​ជាតិ​ជា​បន្ត​ទៀត​។​

​គណបក្ស​ប្រជាជន​កម្ពុជា សូម​សម្តែង​ការគោរព និង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ដល់​សមាជិក សមាជិកា នៃ​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅ​ទូទាំង​ប្រទេស ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឲ្យ​គណបក្ស​កាន់តែ​មាន​លទ្ធភាព​ថែម​ទៀត ដើម្បី​សម្រេច​ជោគជ័យ​ក្នុង​ការអនុវត្ត​កម្មវិធី​នយោបាយ របស់​គណបក្ស សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ​ជាពិសេស ការអភិវឌ្ឍ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ សង្កាត់​នីមួយៗ ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​បំណងប្រាថ្នា​របស់​ប្រជាជន​។​

គណបក្ស​ប្រជាជន​កម្ពុជា សូម​សម្តែង​ការគោរព និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​គណៈកម្មការ​បោះឆ្នោត​គ្រប់​ថ្នាក់ គណៈ​បញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​បំពេញ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​លើ​មូលដ្ឋាន​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​។​

​គណបក្ស​ប្រជាជន​កម្ពុជា មាន​ជំនឿ​ជឿជាក់ថា សមាជិក សមាជិកា​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​នឹង​ចូលកាន់​តំណែង នៅពេល​ខាងមុខ​នេះ នឹង​រួម​សាមគ្គី​គ្នា​យ៉ាង​ជិតស្និទ្ធ ហើយ​យក​អស់​កម្លាំងកាយ​កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី ដើម្បី​បម្រើ​ប្រជាជន​។ គណបក្ស​សូម​អំពាវនាវ ដល់​បងប្អូន​ជនរួមជាតិ​នៅ​គ្រប់ទិសទី សូម​បន្ត​រួម​សាមគ្គី​ជា​ធ្លុង​មួយ​ជុំវិញ​រាជរដ្ឋាភិបាល ក្រោម​ម្លប់​នៃ​អង្គ​ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង ដើម្បី​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ជំរុញ​ការអភិវឌ្ឍ​សង្គមជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង​លើ​គ្រប់​វិស័យ​៕​ ​ដោយ​៖​កូឡាប​

spot_img
×