Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​វៀតណាម ឈរលើ​គោលការណ៍ គោរព​អធិបតេយ្យភាព​គ្នា ផ្តល់​ជូន​ព័ត៌មាន​គ្នា​ទៅវិញទៅមក ដោះស្រាយ​បញ្ហា ឲ្យបាន​ទាន់​ពេលវេលា តាម​ព្រំដែន​

spot_img

​កំពង់ចាម ​៖ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​អគារ​ទីបញ្ជាការ​យោធភូមិភាគ​ទី​២ បាន​ថ្លែងថា ការលើកកម្ពស់​ទំនាក់​ទំនង​ជា​មួយ​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច តាម​បណ្តោយ​​ព្រំដែន​ប្រទេស​ជិតខាង ដើម្បី​អនុវត្ត​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ឈរលើ​គោលការណ៍ គោរព​អធិបតេយ្យភាព​គ្នា ទៅវិញទៅមក ជាពិសេស​ជាមួយ​កម្លាំង និង​អាជ្ញាធរ​ព្រំដែន ប្រទេស​វៀតណាម ដោយ​សហការ​ឲ្យបាន​ជិតស្និ​ទ្ធ និង​ជាប់​ជាប្រចាំ ផ្តល់​ជូន​ព័ត៌មាន​គ្នា​ទៅវិញទៅមក ដោះស្រាយ​បញ្ហា ឲ្យបាន​ទាន់​ពេលវេលា និង​ដោយ​សន្តិវិធី ក្នុង​ករណី​ចាំបាច់ ព្រមទាំង​ជួយ​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​រកស៊ី និង​ចេញ​ចូល​តាម​ព្រំដែន​។​

​ថ្ងៃ​សៅរ៍ ៦​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩ លោក នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​អគារ​ទីបញ្ជាការ​យោធភូមិភាគ​ទី​២​។​

​នៅក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​នេះដែរ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ក៏​បាន​លើកយក​សច្ចភាព​ប្រវត្តិសាស្ត្រ និង​បច្ចុប្បន្នភាព​សំខាន់ៗ រួមមាន ​៖

​ទី​១៖ ការផ្លាស់ប្ដូរ​របប​ពី​សង្គម​រាស្ត្រនិយម ទៅ​ជា​របប​សាធារណរដ្ឋ​ខ្មែរ (​របប​លន់ នល់​) ដែល​នាំ​សង្គ្រាម​ចូល​ស្រុក មាន​ការទម្លាក់​គ្រាប់បែក គ្រាប់ផ្លោង ធ្វើឲ្យ​មនុស្ស​ស្លាប់ ពិការ ដែល​បន្សល់​ទុក​រហូត​ដល់​បច្ចុប្បន្ន​។ បញ្ហា​នៃ​ការផ្លាស់ប្ដូរ​របប​នេះ​បាន​ឈាន​ដល់​របប ប៉ុល ពត ប្រល័យពូជសាសន៍​ខ្លួនឯង កាប់សម្លាប់ និង​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី​ទាំងអស់​។

ទី​២៖​អ្នក​ដែល​រំដោះ​យើងទាំងអស់គ្នា គឺ​សម្ដេច​តេជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​៤​រូប​ទៀត បាន​លះបង់​ប្រពន្ធ កូន មិត្ត​ភ័ក្ដិ អាយុជីវិត និង​ប្រទេសជាតិ​ដើម្បី​ចេញ​ទៅ​រដោះ​យើងទាំងអស់គ្នា ដោយ​សម្ដេច​មិន​ខ្លាច​ការស្លាប់​ដោយ​ជាន់មីន ការស្លាប់​ដោយ​ប៉ះ​ជាមួយ​កងទ័ព​ប្រជាជន​វៀតណាម​ដែល​ជា​មិត្ត និង​ដោយ​គេ​ចាប់ និង​បញ្ជូន​មក​វិញ​។ សម្ដេច ហ៊ុន សែន មិនមែន​រត់​យករួចខ្លួន ដើម្បី​សេចក្ដីសុខ​ផ្ទាល់ខ្លួន​ទេ គឺ​លោក​មាន​ស្មារតី​ស្នេហា​ជាតិ ស្នេហា​ប្រជាជន ដោយ​លោក​បាន​រួមសហការ​ជាមួយ​មិត្ត​វៀតណាម​បង្កើត​បាន​វរៈ​សាមគ្គី​សង្គ្រោះ​ជាតិ ហៅ​ថា​វរៈ​លេខ​១២៥ រហូតដល់​ការបង្កើតបាន​នូវ​រណៈសិរ្ស​សាមគ្គី​សង​គ្រោះ​ជាតិ ២ ធ្នូ ១៩៧៨ ដោយ​មាន​ចលនា​ទាំង​ក្នុង និង​ក្រៅ​។ ចលនា​នេះ​បាន​សហការ​ជាមួយ​កងទ័ព​ប្រជាជន​វៀតណាម​ដើម្បី​រំដោះ​ប្រទេស​កម្ពុជា ឱ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ឆ្នាំ​១៩៧៩ ប៉ុន្តែ​សង្គ្រាម​មិនទាន់​ចប់​នៅឡើយ​ទេ រហូតមកដល់​ឆ្នាំ​១៩៩៨​ទើប​សង្គ្រាម​បាន​បញ្ចប់ កម្ពុជា​មាន​សន្តិភាព​ពេញលេញ​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលនាំឱ្យ​មាន​សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍន៍ និង​ការរស់នៅ​ប្រកបដោយ​សុខដុមរមនា​។
​ដូច្នេះហើយ យើង​ទាំងអស់គ្នា​ត្រូវ​តបស្នង​ចំពោះ​អ្នក​ដែល​បាន​រំដោះ​យើង​ដោយ​ត្រូវ​កត្ដ​ញ្ញូ និង​ដឹ​គុណ រស់នៅ​ដោយ​សុខដុម​នីយកម្ម និង​ត្រូវការពារ​និង​ថែរក្សា​សន្ដិភាព​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​។​

​បន្ថែម​ពី​នេះ នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏​បាន​ណែនាំ និង​ក្រើនរំលឹក ចំណុច​សំខាន់ៗ​ចំនួន​១០ ដើម្បី​ជា​ទុន​បន្ថែម​សម្រាប់​បំពេញការងារ នៅ​តាម​កន្លែង​រៀងៗ​ខ្លួន ​៖

​ទី​១៖ យល់​ច្បាស់​នូវ​តួនាទី និង​ភារកិច្ច​របស់​កង​យោធពល​ខេមរភូមិន្ទ ដែល​ជា​កម្លាំង​ស្នូល នៃ​កិច្ច​ការពារ​ខឿន​ឯករាជ្យ​ជាតិ​របស់​ប្រជាជន ដើម្បី​ធានា​ដល់​កិច្ច​ការពារ​ប្រទេស និង​ផលប្រយោជន៍​ជាតិ​។ នោះ​គឺ​ត្រូវតែ​សកម្ម​អនុវត្ត​ការងារ​តាម​ការ​ចាត់តាំង​របស់​ថ្នាក់​ដឹកនាំ​អង្គភាព ឲ្យបាន​សម្រេ​ចភារកិច្ច​និង​ទទួលជោគជ័យ​។​

​ទី​២៖ ត្រូវធ្វើ​ជា​គំរូ​ក្នុង​ការគោរព​ច្បាប់ និង​អនុវត្ត​ច្បាប់ ជាពិសេស ត្រូវតែ​គោរព​វិន័យ បទបញ្ជា លក្ខន្តិកៈ​ទូទៅ​របស់​យោធិន​នៃ​កងយោធពល​​ខេមរភូមិន្ទ​ដោយ​ស្មារតី​ភ្ញាក់រឭក​។ សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​ច្បាប់ នីតិវិធី ឯកសារ​បទដ្ឋាន​គតិ​យុត្តិទា​ក់​ទិ​ននឹង​បញ្ហា​ព្រំដែន ដើម្បី​លើកកម្ពស់ កិច្ចសហការ​ជាមួយ​ប្រទេសជិតខាង​ល្អ​ដោយ​គោរព​ផលប្រយោជន៍​ទៅវិញទៅមក​។​

​ទី​៣៖ អនុវត្ត​ឲ្យ​ខ្ជាប់ខ្លួន និង​ជា​ប្រចាំ​នូវ​គោលការណ៍​ដឹកនាំ ព្រមទាំង​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ជា​ត្រីវិស័យ​សម្រាប់​កសាង​អត្តចរិត​ខ្លួន​និង​ដឹកនាំ​កង​ឯកភាព​និង​ស្ថាប័ន រួមមាន​៖ អភិក្រម​ប្រាំ «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​» បាវចនា​ពីរ «​កែទម្រង់​ខាងក្នុង បង្កើន​មិត្តភាព​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ​» និង​បទបញ្ជា​ដប់​ចំណុច​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​ថ្លែង​នៅ​ក្នុង​ទិវា​គម្រប់​ខួប​២០​ឆ្នាំ នៃ​ការបង្កើត​កងទ័ពជើងគោក​។​

ទី​៤៖ ក្តាប់ជាប់​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ប្រទេស ជាពិសេស​សភាពការណ៍ ដែល​មាន​ការពាក់ព័ន្ធ​នឹង​កងយោធពល​ខេមរភូមិន្ទ​​ដើម្បី​ត្រៀម​លក្ខណៈ​អនុវត្ត​បទបញ្ជា​។ លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ចំពោះ​ឧបាយកល​បំបែកបំបាក់ បំផ្លិចបំផ្លាញ​ការឯកភាព​របស់​កង​​យោធពលខេមរភូមិន្ទ តាមរយៈ​ការប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។ ត្រូវ​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល និង​ត្រូវ​គោរព​និង​អនុវត្ត​បទបញ្ជា​តាម​ឋានានុក្រម​។​

ទី​៥៖ ពង្រឹង និង​ពង្រីក​ចំណង​សាមគ្គីភាព និង​ការឯកភាព​ផ្ទៃក្នុង​អង្គភាព ឲ្យបាន​ល្អស្តាប់​មតិយោបល់ និង​ទទួលយក​បទពិសោធន៍​ថ្មីៗ ពី​មជ្ឈដ្ឋាន​ជុំវិញ និង​យកចិត្ត​ទុកដាក់​ខ្ពស់​នូវ​ទស្សនៈ​ជា​សមូហភាព ទាំង​ការរស់នៅ និង​ធ្វើ​ការងារ ដោយ​ត្រូវ​ចាត់ទុក​ថា​សាមគ្គី គឺ​ជា​ស្នូល​នៃ​ភាពជោគជ័យ នៃ​ការអនុវត្ត​ភារកិច្ច​។ ម្យ៉ាងវិញទៀត ត្រូវធ្វើ​ទំនាក់ទំនង​ឲ្យបាន​ល្អ​ជាមួយ​មហាជន ព្រោះថា​កងយោធពល​ខេមរភូមិន្ទ ជា​កូនចៅ​ប្រជាជន បង្កើត​ដោយ​ប្រជាជន និង​បម្រើប្រជាជន​។​

ទី​៦៖ រៀបចំ​ទុកដាក់​ថែទាំ និង​ជួសជុល​មធ្យោបាយ គ្រឿង​បំពាក់​អាវុធយុទ្ធភណ្ឌ គ្រាប់រំសេវ និង​ឧបករណ៍​បច្ចេកទេស ដើម្បី​បង្កា​បាន​នូវ​ការ​ខ្ជះខ្ជាយ និង​បាត់បង់ លើកកម្ពស់​មនសិកា​ប្រើប្រាស់​សន្សំសំចៃ និង​រក្សា​បាន​គត់មត់​តាម​លក្ខណៈ​បច្ចេកទេស​។ ជាពិសេស ត្រូវ​យកចិត្ត​ទុក​ថែរក្សា​និង​ជួសជុល​ជំរុំ​ជម្រក សំណង់​អគារ​ដែល​ជា​អំណោយ​របស់​មិត្ត​វៀតណាម ដោយ​ចាត់ទុកថា​នោះ​ជា​ការរួមចំណែក និង​ចែករំលែក​ដែល​មិន​អាច​កាត់ថ្លៃ​បាន​។​

​ទី​៧៖ បន្ត​រៀនសូត្រ​ចំណេះដឹង​ទូទៅ ជំនាញ​ថ្មីៗ និង​ភាសាបរទេស​ដែល​ចាំបាច់ ចែករំលែក​ចំណេះដឹង និង​ជំនាញ​ដែល​ទទួលបាន​ពី​ការរៀនសូត្រ ដល់​សហការី​ដែល​នៅក្នុង​អង្គភាព ដោយ​ទឹក​ចិត្តភាតរៈ ព្រមទាំង​លើកកម្ពស់​សីលធម៌​រស់​នៅ កាយសម្បទា និង​ការកម្សាន្ត​សប្បាយ​។​

​ទន្ទឹមនឹងនេះ ត្រូវតែ​លើកកម្ពស់​ការយល់ដឹង​អំពី​ផលវិបាក នៃ​គ្រឿងញៀន​ខុសច្បាប់ ព្រមទាំង​មាន​វិធានការ​ប្រុងប្រយ័ត្ន បង្កា​ទប់ស្កាត់ និង​សហការ​បង្ក្រាប បាន​ទាន់ពេលវេលា​នូវ​ការផលិត ចរាច​រណ៍ និង​ប្រើប្រាស់​គ្រឿងញៀន​គ្រប់​ប្រភេទ នៅក្នុង​ភូមិសាស្ត្រ​ទទួលខុសត្រូវ​ដើម្បី​រួមចំណែក​រក្សា បាន​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

​ទី​៨៖ ចូលរួម​កសាង​អង្គភាព​ក្រោម​ការដឹកនាំ​របស់​មេ​បញ្ជាកា​រ​របស់ខ្លួន ដើម្បី​ក្លាយជា​អង្គភាព​រៀបរយ រស់នៅ​និង​ធ្វើ​ការងារ​ស្អាត និង​មាន​អនាម័យ​ល្អ ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់​ចិញ្ចឹមសត្វ និង​បង្កបង្កើនផល​ដើម្បី​ធានា​ជីវភាព​រស់នៅ​របស់​យោធិន​បន្ថែម លើ​គោល​របប​កំណត់​។​

​ទី​៩៖ ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ នៅពេល​ជួប​វិបត្តិ​ធម្មជាតិ ការ​ជ​ញ្ចៀ​ស​ប្រជាពលរដ្ឋ​ទៅ​កាន់​តំបន់​មាន​សុវត្ថិភាព ផ្តល់​ការរក្សាសន្តិសុខ និង​ការកសាង​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ខូចខាត​ជាដើម​។​

ទី​១០៖ លើកកម្ពស់​ទំនាក់ទំនង​ជាមួយ​កងកម្លាំង និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​តាម​បណ្តោយ​ព្រំដែន​ប្រទេស​ជិតខាង ដើម្បី​អនុវត្ត​គោលនយោបាយ​​របស់​រាជរដ្ឋាភិបាល ឈរលើ​គោលការណ៍​គោរព​អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក ជាពិសេស​ជាមួយ​កម្លាំង​និង​អាជ្ញាធរ​ព្រំដែន​ប្រទេស​វៀតណាម ដោយ​សហការ​ឲ្យបាន​ជិតស្និ​ទ្ធ និង​ជាប់​ជាប្រចាំ ផ្តល់​ជូន​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ដោះស្រាយ​បញ្ហា​ឲ្យបាន​ទាន់​ពេលវេលា និង​ដោយ​សន្តិវិធី ក្នុង​ករណី​ចាំបាច់ ព្រមទាំង​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រល​ដល់​ប្រជាពលរដ្ឋ​រកស៊ី និង​ចេញ​ចូល​តាម​ព្រំដែន​៕​ ដោយ ​៖ ​កូឡាប​

spot_img
×