Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី កំពុង​សុំ​ដីកា​ពី​តុលាការ​ដើម្បី​តាម​ចាប់ខ្លួន ម្ចាស់​ក្លឹប​កម្សាន្ដ លុ​ច្ស​សារី​

spot_img

(​ភ្នំពេញ​) ៖ លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា នៅពេលនេះ លោក​កំពុង​សុំ​ដីកា​ពី​តុលាការ ដើម្បី​តាម​ចាប់ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ដ លុ​ច្ស​សារី ដែល​កម្លាំង​សមត្ថកិច្ច​ចុះបង្ក្រាប នៅ​យប់​ឈានចូល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​ជាង ៤០០​នាក់​។​

​ក្នុងឱកាស​អញ្ជើញ​ដឹកនាំ​កម្មករ កម្មការិនី ហូប​នំ​បញ្ចុក​សាមគ្គី​ជាតិ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វត្ត​ជម្ពូ​វន្ត​ថា កន្លងទៅ​អាជ្ញាធរ​ធ្លាប់បាន​ណែនាំ​ជាច្រើនលើក​ច្រើនសា​រហើយ ដល់​ម្ចាស់​ទីតាំង​ក្លឹប​កម្សាន្ដ​ខាង​លើនេះ ប៉ុន្ដែ​ហាក់​គ្មាន​ប្រសិទ្ធភាព​នោះទេ ពោល​ម្ចាស់​ទីតាំងនៅ​បន្ដ​បើក​ដដែល​មិន​ថា យប់​ថ្ងៃ​នោះឡើយ ដោយ​បង្ក​ការរំខាន​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋ សិស្ស​និស្សិត រហូត​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​ករណី​បាញ់បោះ​ផងដែរ​។​

​លោក​អភិបាល​បាន​បញ្ជាក់ថា «​នៅពេលនេះ​យើង​កំពុង​សុំ​ដីកា​ពី​តុលាការ ដើម្បី​តាម​ចាប់​ម្ចាស់​ក្លឹប​យក​ផ្តន្ទាទោស​តាមច្បាប់​»​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ភួង ម៉ា​ល័យ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា គិត​រហូតមក​ដល់ពេលនេះ មនុស្ស​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​៤០០​នាក់​នោះ កំពុងធ្វើការ​ពិនិត្យ​ទឹកនោម​ដើម្បី​ស្វែងរក​សារធាតុ​ញៀន​ជិត​រួចរាល់​ហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ភួង ម៉ា​ល័យ បញ្ជាក់ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែលមាន​សារធាតុ​ញៀន នៅក្នុង​ខ្លួន​នោះទេ​?​។ ប៉ុន្ដែ​សមត្ថកិច្ច​កំពុងតែ​ដុតដៃដុតជើង​លើក​ការងារ​នេះ ឲ្យ​ទៅតាម​នីតិវិធី​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​មិនទាន់បាន​បង្ហាញ​អំពី​អត្ដ​សញ្ញាណ​ម្ចាស់​ទីតាំង​ក្លឹប លុ​ច្ស​សារី ថា​ឈ្មោះ​អ្វី ហើយ​មាន​តួនាទី​ម្ចាស់​នោះទេ​។​

​កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិការ​ទាំង​កណ្តាល​អា​ធ្រា​ត្រ​ចុះ​ឆែកឆេរ​ក្លឹប​កម្សាន្ត «​លុ​ច្ស​សារី​» រកឃើញ​ថ្នាំញៀន​មួយចំនួន និង​ឃាត់ខ្លួន​អ្នក​ចូល​លេង​កម្សាន្ត​ក្នុង​ក្លឹប​ជាង ៤០០​នាក់​។​

​ប្រតិបត្តិ​ការចុះ​ឆែកឆេរ​ក្លឹប​កម្សាន្ត​កណ្តាល​រាជធានី​ភ្នំពេញ​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​ប្រមាណ​៤​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៩​។ ក្លឹប​កម្សាន្ត «​លុ​ច្ស​សារី​» ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។​

​ក្រោយ​ការឆែកឆេរ​កម្លាំង​សមត្ថកិច្ច​បាន​បិទ​ក្លឹប​ជា​បណ្តោះអាសន្ន និង​បាន​នាំ​អ្នកលេង​កម្សាន្ត​ប្រមាណ ៤០០​នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ បើតាម​ប្រភពពី​សមត្ថកិច្ច​អ្នកលេង​កម្សាន្ត​ក្នុង​ក្លឹប​នេះ​ភាគច្រើន​ជនជាតិ​ចិន និង​វៀតណាម​។​

​ក្លឹប​កម្សាន្ត «​លុ​ច្ស​សារី​» ជា​ក្លឹប​កម្សាន្ត​មួយ ក្នុងចំណោម​ក្លឹប​កម្សាន្ត​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​បិទ​ជា​បន្តបន្ទាប់​ក្រោយពី​សមត្ថកិច្ច បាន​ចូល​ឆែកឆេរ​រកឃើញ​មានការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន ចាប់តាំងពី​លោក ស ថេត ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ចុងឆ្នាំ​២០១៨។​

​សូមបញ្ជាក់ថា ប្រតិបត្តិ​ការចុះ​ឆែកឆេរ​ក្លឹប​កម្សាន្ត លុ​ច្ស​សារី បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មាន​ករណី​បុរស​ម្នាក់ ដែលជា​កូន​របស់​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល បាន​ចូល​ទៅលេង​ក្នុង​ក្លឹប​នេះ ហើយ​មានការ​ផ្ទុះអាវុធ​ប ណ្តា​ល​ឱ្យ​នារី​ម្នាក់​រងរបួស​ភ្លៅ ហើយ​មកដល់ពេលនេះ ខ្មាន់កាំភ្លើង​រូបនោះ ក៏​ត្រូវបាន​តុលាការ​ចេញពី​ការឃុំខ្លួន​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×