Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំទ្រ​ឱ្យ​សមាគម​អភិរក្ស​ដំរី​ខ្មែរ បង្កើតជា​មជ្ឈមណ្ឌល​ប​ង្កា​ត់​ពូជ​ដំរី​នៅ​កម្ពុជា​

spot_img

​នៅក្នុង​ជំនួប​ជាមួយ លោកស្រី ចិន្តា ក្លេ ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា នា​ទីស្តីការ​ក្រសួងបរិស្ថាន កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ៨​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០​ខែមិថុនា ឆ្នាំ​២០១៩ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​គាំទ្រ​ដល់​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​ដែលមាន​ទីតាំង​ក្នុង​ខេត្ត​រតនគីរី បង្កើតជា​មជ្ឈមណ្ឌល​ប​ង្កា​ត់​ពូជ​ដំរី ដើម្បី​ធ្វើការ​អភិរក្ស និង​បង្កើន​ចំនួន​ដំរី​នៅ​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា​ក្រសួងបរិស្ថាន នឹង​ពិនិត្យ​លើ​ការសហការ​គាំទ្រ​ទាំង​ស្មារតី និង​បច្ចេកទេស ដើម្បី​ជួយ​ឱ្យ​សមាគម​មានលទ្ធភាព និង​គុណភាព​ក្នុងការ​បង្កើន​ពូជ​ដំរី​ឱ្យបាន​ច្រើន ដែលជា​ការរួមចំណែក​ដល់​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ នៅក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន លើកទឹកចិត្ត និង​គាំទ្រ​ដល់​សមាគម បង្កើត​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​លើ​សារសំខាន់​នៃ​ការអភិរក្ស​ដំរី​ដល់​កុមារ នៅតាម​សាលារៀន ដើម្បី​ជួយ​បណ្តុះ​គំនិត​វិជ្ជមាន ចូលរួម​ដល់​ការអភិរក្ស​ថនិកសត្វ​ប្រភេទ​ធំ និង​ងាយ​រងគ្រោះ​នៅលើ​ពិភពលោក​។​

​លោកស្រី ចិន្តា ក្លេ បាន​សំដែង​នូវ​ការរីករាយ និង​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​សហការ​ពី​ក្រសួងបរិស្ថាន ជាពិសេស​ការគាំទ្រ​ដល់​សកម្មភាព​ការអភិរក្ស​ដំរី និង​គម្រោង​បង្កើត​កន្លែង​បង្កាត់​ពូជ​ដំរី​ដំបូង​គេ​នៅ​កម្ពុជា​។ លោកស្រី​ប្រធាន​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា បាន​បញ្ជាក់ថា ដើម្បី​ថែរក្សា និង​អភិរក្ស​សត្វ​ដំរី​កម្ពុជា និង​ប្រពៃណី​ហ្មដំរី​តាំងពី​បរម​បុរាណ ដែល​មាននៅ​សេសសល់​ក្នុង​ខេត្ត​ភាគ​ឦសាន​ប្រទេស មូលនិធិ​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​ត្តា (Airavata Khmer Elephant Foundation) ត្រូវបាន​បង្កើត​កាលពី ៤ ឆ្នាំមុន​ដោយ​ផ្ដល់ឱកាស​ឲ្យ​ភ្ញៀវទេសចរ​ទទួលបាន​ភា​ព​ស្និទ្ធស្នាល​ជាមួយ សត្វ​ដំរី​ចិញ្ចឹម​ក្នុង​បរិស្ថាន​នៃ​ព្រៃ​ធម្មជាតិ​។ មូលនិធិ​នេះ​នឹង​រួមចំណែក​អភិរក្ស​ព្រៃឈើ​ជា​ជម្រក​សត្វព្រៃ​ក៏ ដូចជា​ធ្វើ​ឲ្យ​រស់រាន​ឡើងវិញ​នូវ​ប្រពៃណី​ចិញ្ចឹម​មើលថែ​សត្វ​ដំរី​។ ស្ថិតនៅ​ចម្ងាយ​តែ​ពីរ​គីឡូម៉ែត្រ​ពី​ក្រុង​បាន​ឡុង តំបន់​អភិរក្ស​ដំរី​អៃ​រាវ​ត្តា សត្វ​ដំរី​ចំនួន​៤​ក្បាល​កំពុង​ទទួលបាន​ថែទាំ និង​អភិរក្ស​ដោយ​សមាគម ផ្ដល់​ចំណី និង​ថែទាំ​ដំរី​ក្នុង​ជម្រក​ព្រៃ​ធម្មជាតិ ព្រៃ​សហគមន៍​ទំហំ ៣០០ ហិកតា និង​បន្ថែម​ដោយ​ផ្ទៃដី​កសិកម្ម ៦០ ហិកតា​។​

​សូមបញ្ជាក់ថា​ក្រសួងបរិស្ថាន បាន​ប្តេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​ដោយ ពង្រឹង​កិច្ចសហការ​ឱ្យបាន​ល្អ​នៅ​គ្រប់​កម្រិត​ស្ថាប័ន​រដ្ឋាភិបាល អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ ដើម្បី​គាំទ្រ កិច្ច​គាំពារ​បរិស្ថាន ការពារ អភិរក្ស និង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព ស្របតាម​គោល នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×