Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម មិន​អនុញ្ញាត​ឲ្យ​យក​កម្លាំង​ប្រដាប់អាវុធ​ជាតិ ទៅ​ការពារ​តាម​ក្លឹប​កម្សាន្ដ និង​ខារ៉ាអូខេ កាស៊ីណូ​

spot_img

​ភ្នំពេញ ​៖ សម្ដេច​ក្រឡាហោម ស ខេង បាន​ដាក់បទបញ្ជា​ហាម​ដាច់ខាត​មិន​អនុញ្ញាត ឲ្យមាន​ការយក​កងកម្លាំងស​ម​ត្ថ​កិច្ច ទៅ​ការពារ​នៅ​កន្លែង​កម្សាន្ដ ជាពិសេស​ក្លឹប​កម្សាន្ត ខារ៉ាអូខេ និង​កាស៊ីណូ ជាដើម​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ឲ្យចូល​កាន់តំណែង ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​សាលា​រាជធានី​ភ្នំពេញ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា កម្លាំង​សមត្ថកិច្ច​របស់​យើង ជា​មន្ដ្រី​រាជកា​រទាំង​ស៊ីវិល ទាំង​កងទ័ព ទាំង​នគរបាល ទាំង​កងរាជអាវុធហត្ថ អ៊ីចឹង​អ្នកគ្រប់គ្រង​សុំ​ឲ្យមើល កុំ​ចាត់តាំង​កម្លាំង​របស់​ខ្លួន​ទៅ​យាម​ខារ៉ាអូខេ​។ ការយក​កងកម្លាំង​ទៅ​យាម​ការពារ គឺ​ខុស​នឹង​ច្បាប់​ទាំងស្រុង ហើយ​អ្វី​ដែល​កាន់តែ​ខុស​ទៀត​នោះ កន្លែង​សប្បាយ​ទាំងអស់នោះ មាន​បង្កប់​ការប្រើប្រាស់​ថ្នាំញៀន គឺ​កាន់តែ​មាន​កំហុស​ធ្ងន់ធ្ងរ​។ ជាមួយគ្នានេះ សម្ដេច​ក្រឡាហោម ស ខេង ក៏​បានឲ្យដឹងថា ក្រសួងមហាផ្ទៃ នឹង​ចេញ​សេចក្ដីណែនាំ​មួយ ដាច់ខាត​មិន​អនុញ្ញាត​ឲ្យមាន​រឿងនេះ កើតឡើង​នោះ​ឡើយ​។ សម្ដេច​បន្ថែម​ទៀត​ថា “​អ្នកគ្រប់គ្រង​កងកម្លាំង​ប្រដាប់អាវុធ ដូចជា​នគរបាល​កង​រាជ​អាវុធហត្ថ សូម​ឱ្យ​មើល​កុំ​ចាត់តាំង​កម្លាំង​របស់​ខ្លួន ទៅ​យាម​ខារ៉ាអូខេ ព្រោះ​បើ​យើង​យក​កម្លាំង​ទៅ​យើង គឺ​វា​ខុសច្បាប់​និង​មិន​ត្រឹមត្រូវ តាម​បទបញ្ជា ការប្រើប្រាស់​កម្លាំង​។ ជាពិសេស​ទៅ​យាម​កន្លែង ប្រើប្រាស់​គ្រឿងញៀន​តែម្ដង គឺ​កាន់តែ​ខុស​ធ្ងន់ធ្ងរ​ថែម​ទៀត ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ កុំឲ្យ​ករណី​នេះ​កើតមាន ។ ខ្ញុំ​នឹង​ចេញ​សេចក្តីណែនាំ​មួយ​កំពុងតែ​រៀបចំ ។ យើង​ត្រូវ​លើក​កិត្តិយស​ជាតិ សេ​ចក្រី​ថ្លៃថ្នូរ​របស់​ជាតិ​”​។ សម្តេច បានបញ្ជាក់​ថា “​កម្លាំង​របស់​យើង​អត់​ការងារ​ធ្វើ​ទៅ​យាម​កាស៊ីណូ ។ ការ​យាម​កាស៊ីណូ គឺ​ត្រូវ​ប្រើប្រាស់​កម្លាំង​សន្តិសុខ​ឯកជន ដែល​មាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ មិនមែន​យក​កាំភ្លើង​របស់​ជាតិ កម្លាំង​របស់​ជាតិ ទៅ​យាម​កាស៊ីណូ​នោះទេ ហើយ​បើ​យក​កម្លាំង​ស៊ីប្រាក់ខែ​ជាតិ ទៅ​យាម​កន្លែង​គ្រឿងញៀន​នោះ គឺ​អន្តរធាន​ហើយ​”​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា បណ្ដា​ក្លឹប​កម្សាន្ដ ខារ៉ាអូខេ ឬ​កន្លែង​សប្បាយភាព​ទាំងអស់ គួរតែ​ប្រើប្រាស់​ភ្នាក់ងារ​សន្ដិសុខ​ឯកជន​ឲ្យបាន​ច្រើន ៕​ ដោយ​ ៖​ កូឡាប​

spot_img
×