Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គកា​លីកាដូ​ស្នើ​សុំឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ស្ដីអំពី​ពលកម្ម​កុមារ​ឱ្យមាន​ប្រសិទ្ធភាព​

spot_img

​ភ្នំពេញ ​៖​ អង្គការ​លីកាដូ​បានចេញ​សេចក្តីថ្លែងការណ៍​ស្ដីពី ថ្ងៃ​ទិវា​ពិភពលោក​ប្រឆាំងនឹង​ពលកម្ម​កុមារ​ ។ លីកាដូ​ស្នើ​សុំឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ស្ដីអំពី​ពលកម្ម​កុមារ​ឱ្យមាន​ប្រសិទ្ធភាព​។​

​ថ្ងៃនេះ (១២​មិថុនា​) អង្គការ​ស​ម្ព័​ន​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (​លីកាដូ​) បាន​ចូលរួម ប្រារព្ធ ទិវា ពិភពលោក ប្រឆាំងនឹង ពលកម្ម​កុមារ ដោយមាន រៀបចំ​សកម្មភាព មួយចំនួន នៅក្នុង សិប្បកម្ម ផលិត​ឥដ្ឋ ចំនួន​ពីរ រួមមានសិប្បកម្មផលិត​ឥដ្ឋ ខេង ហុក ស្ថិតក្នុងស្រុក​ខ្សាច់កណ្ដាល និងសិប្បកម្មផលិត​ឥដ្ឋ ត្បូង​ពេជ្រ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល​។ មនុស្សប្រមាណ​ជា ២០០ នាក់ បាន​ចូលរួមប្រារព្ធទិវា​នេះ ក្នុងនោះមាន ម្ចាស់សិប្បកម្ម ផលិត​ឥដ្ឋ កម្មករ​-​កម្មការិនី និង​កុមារ​។ ការ​ប្រារព្ធ ទិវា​នេះ ធ្វើឡើង ដើម្បីចូលរួមលើកកម្ពស់ ការយល់ដឹងនៅក្នុងវិស័យសិប្បកម្មផលិត​ឥដ្ឋ ពាក់ព័ន្ធនឹង​បទល្មើសព្រហ្មទណ្ឌ និង​ផលវិបាកនៃ​ការប្រើប្រាស់ ពលកម្ម កុមារ និង​ទាសភាពបំណុល ក៏ដូចជាសារៈសំខាន់ នៃ​សុវត្ថិភាពនៅ​កន្លែងធ្វើការ​ជាដើម​។​

​ការ​ប្រារព្ធទិវាទាំងពីរទីតាំងខាងលើនេះ ត្រូវបានរៀបចំឡើងដើម្បីធានាថា ម្ចាស់សិប្បកម្មផលិត​ឥដ្ឋទាំងពីរ និងន​យោ​ជិតទាំងអស់ ដែលធ្វើការនៅ​ទីនោះទទួលបានការ​យល់ដឹងប្រសើរជាង​មុនស្ដីពីហានិភ័យ នៃ​ការប្រើប្រាស់ពលកម្មកុមារ និងទាសភាពបំណុល​។ ក្រៅពីនេះក៏មាន​ការធ្វើ​បទបង្ហាញ និងចែក​ខិត្តប័ណ្ណផ្សព្វផ្សាយ ដល់ម្ចាស់សិប្បកម្ម និងកម្មករពាក់ព័ន្ធនឹង​បទបញ្ញត្តិមួយចំនួននៅក្នុងច្បាប់​ស្ដីពីការងារ និងការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាជាមួយនឹង​អនុសញ្ញាលេខ ១៨២ របស់អង្គការពលកម្មអន្តរជាតិដើម្បីបញ្ឈប់រាល់ទម្រង់អាក្រក់បំផុត នៃ​ពលកម្មកុមារ ។​

​លីកាដូជឿជាក់ថា ការចូលរួមរបស់ភាគពាក់ព័ន្ធ ទាំងអស់រួមមានអាជ្ញាធរម្ចាស់ សិប្បកម្មផលិត​ឥដ្ឋកម្មករ -​កម្មការិនី និងកូនៗ របស់អ្នក​ទាំងនោះ គឺជាមធ្យោបាយមួយ​ប្រកបដោយប្រសិទ្ធភាព ដើម្បី​លើកកម្ពស់ការយល់ដឹងស្ដីពីការបម្រើពលកម្ម ដើម្បីដោះបំណុល និងកម្មករជា​អនីតិជនដែល​ត្រូវបាន​ប្រទះឃើញ​ជារឿយៗ នៅក្នុងសិប្បកម្មផលិត​ឥដ្ឋ ក្នុងប្រទេសកម្ពុជា​។ ប៉ុន្តែ​នេះជា​រឿងសំខាន់សម្រាប់អាជ្ញាធរកម្ពុជា ដែលមានទំនួល​ខុសត្រូវ ក្នុងការអនុវត្តបទបញ្ញត្តិផ្សេងៗ ដែលមានស្រាប់ដើម្បី​បញ្ឈប់ជាបន្ទាន់នូវ​ពលកម្មកុមារ នៅក្នុងសិប្បកម្មផលិត​ឥដ្ឋ និងធានាថាគ្មាន​កុមារណា​ម្នាក់ ត្រូវ​រងរបួសនៅ​សិប្បកម្មទាំងនេះបន្តទៀត​។​

​ថ្មីៗ​នេះ ក្នុង​ខែមីនា ឆ្នាំ​២០១៩ ក្មេងស្រី អាយុ​១០​ឆ្នាំ​ម្នាក់ ត្រូវបាន រងរបួសដាច់​ដៃស្ដាំម្ខាងនៅក្នុងសិប្បកម្ម ផលិត​ឥដ្ឋ​។ ទោះបីជានាង​ជាអនីតិជន ប៉ុន្តែនាង​បានជួយឪពុកម្ដាយដាក់​ដីចូលក្នុងម៉ាស៊ីនកាត់​ឥដ្ឋ ដែល​ទទួលបាន​ប្រាក់កម្រៃតាមចំនួនផលិតកម្ម​។ ជា​ទម្លាប់នៃ​សិប្បកម្មផលិត​ឥដ្ឋដែលមានកម្មករជំពាក់បំណុល ម្ចាស់​សិប្បកម្ម ផលិត​ឥដ្ឋ ប្រាក់កម្រៃ បែបនេះ អាច​ផ្ដល់ ជា​មធ្យោបាយលើកទឹកចិត្តដល់​គ្រួសារដើម្បីបង្កើន ចំនួនផលិតកម្ម ដោយឱ្យ​សមាជិក គ្រួសារចូលរួមជួយ​ធ្វើការ​។​

​ភ្លាមៗ បន្ទាប់ពីហេតុការណ៍​នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេច​ផាកពិន័យម្ចាស់​សិប្បកម្ម និងបិទ​ដំណើរការរបស់សិប្បកម្ម​។ ប៉ុន្តែគិត​ត្រឹម​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ លីកាដូបានសង្កេត ឃើញថាសិប្បកម្មផលិត​ឥដ្ឋមួយ​នេះ គឺ​នៅ​ដំណើរការនៅឡើយ ទោះបីជាមាន​ចំនួនផលិតកម្មតិចជាង​មុន ក៏ដោយ​។ អាជ្ញាធរអនុវត្តច្បាប់ និង​មន្ត្រី​ពាក់ព័ន្ធមានកាតព្វកិច្ច ដើម្បីចាត់​វិធានការឱ្យ​មានប្រសិទ្ធភាពជាង​នេះក្នុងការបញ្ឈប់ពលកម្មកុមារ និង​ទាសភាពបំណុលនៅក្នុងសិប្បកម្ម​ផលិត​ឥដ្ឋ​។​

​នៅក្នុង​របាយការណ៍ ចុះផ្សាយ​ឆ្នាំ​២០១៦ ដែលមាន​ចំណងជើង​ថា ការ អភិវឌ្ឍ លើ ទាសភាព “​ការ បញ្ចាំ ខ្លួន ដោះ បំណុល និង ពលកម្ម កុមារ ក្នុង សិប្បកម្ម ផលិត​ឥដ្ឋ នៅ កម្ពុជា​” លីកាដូ​បាន ឃ្លាំមើល​ដំណើរការ ផលិត​ឥដ្ឋ ចំនួន​១១ ទីតាំង​ធំៗ នៅ​ភាគ​ខាងជើង រាជធានី​ភ្នំពេញ ក្នុងនោះ មាន សិប្បកម្ម ផលិត​ឥដ្ឋ​ជាង​១០០ និង​កម្មករ​រាប់ពាន់នាក់​។ របាយការណ៍​នេះ បាន​ពណ៌នា​លម្អិត ពី​មធ្យោបាយ​ដែល ម្ចាស់​សិប្បកម្ម​ជ្រើសរើស​កម្មករ ផ្ដល់ប្រាក់​បំណុល​ឱ្យ​ខ្ចី និង​កន្លែង​ស្នាក់នៅ ដោយ​ដោះដូរ​គ្នា​ថា កម្មករ​នឹងធ្វើ​ការ រហូតដល់​អ្នក​ទាំងនោះ ដោះបំណុល​ទាំងអស់នោះ​រួច​។ ប្រាក់កម្រៃ ទាប​មានន័យថា កម្មករ​ជារឿយៗ​តែងតែ​តស៊ូ ធ្វើការ​រកប្រាក់​ដើម្បី​ដោះបំណុល និង​ស្នើសុំ ឱ្យ​កូនៗ ជួយ​ធ្វើការ ដើម្បី​បង្កើន​ចំនួន ផលិតកម្ម និង​ប្រាក់កម្រៃ​។ របាយការណ៍​ក៏បាន​រៀបរាប់ ពី​ករណី​ចំនួន​៣ ដែល​កុមារ​ត្រូវបាន​រងគ្រោះ​ដាច់​ដៃ ដោយ​ម៉ាស៊ីន​កាត់​ឥដ្ឋ ក្នុងនោះ​មាន​កុមារ​ម្នាក់ បាន ស្លាប់បាត់​បង់ជីវិត ដោយសារ​របួសធ្ងន់​ធ្ង​រ ពេក​។​

​ទោះបី​ជាមាន​បទបញ្ញត្តិ មួយចំនួន និង​ការលើកឡើង ជាច្រើន​ឆ្នាំ​លើ​បញ្ហា​នេះ ការរីក​រាលដាល នៃ​ពលកម្ម​កុមារ​នៅក្នុង សិប្បកម្ម​ផលិត​ឥដ្ឋ បាន​បង្ហាញថា អាជ្ញាធរ​មិនទាន់ បាន​ចាត់វិធានការ សមស្រប ក្នុងការ​បញ្ឈប់ ពលកម្ម​កុមារ និង​ទាសភាព​បំណុល នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ នៅឡើយ​ទេ​។ នៅក្នុង របាយការណ៍ ឆ្នាំ​២០១៦ លីកាដូ​បានដាក់​ចេញ អនុសាសន៍ ជាច្រើន​ជូនទៅ រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី ស្នើ​សុំឱ្យ​អនុវត្ត ឱ្យមាន​ប្រសិទ្ធភាព នូវ​ច្បាប់​ស្ដីពី ទាសភាព​ពលកម្ម និង​ដើម្បី​លុបបំបាត់ រាល់​ទម្រង់ នៃ​ទាសភាព បំណុល​។ ធនធាន និង​ថវិកា​គ្រប់គ្រាន់ គួរ​ត្រូវ​បានផ្ដល់ សម្រាប់​អាជ្ញាធរ ដើម្បី​ឃ្លាំមើល និង​ស៊ើបអង្កេត ទៅលើ​ករណី​ពលកម្ម​កុមារ និង​អនុវត្ត​ឱ្យមាន ប្រសិទ្ធភាព​នូវ​ការដាក់ទោស ប្រឆាំងនឹង ជន​ប្រព្រឹត្ត បទល្មើស ដូច​មានចែង ក្នុង​ច្បាប់​ស្ដីពី​ការងារ និង​សេចក្ដីណែនាំ ផ្សេងៗ​។ ដូចគ្នា​ផងដែរ រាជរដ្ឋាភិបាល និង​ម្ចាស់​សិប្បកម្ម គួរ​មាន​ទំនួល​ខុសត្រូវ និង​គណនេយ្យភាព ចំពោះ​ភាពខ្វះ​ចន្លោះ ក្នុងការ​បញ្ឈប់​ទម្រង់ ណាមួយ ឬ​ទាំងអស់ នៃ​ពលកម្ម​កុមារ​។​

​កាលពី​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ ក្រសួង​ការងារ​បានចេញ សេចក្ដីណែនាំ​ដោយ មាន​វិធានការ​៥​ចំណុច ក្នុង​ការហាម​ក្មេង​ចូលទៅ ក្នុង​បរិវេណ​ខ្សែសង្វាក់ ផលិតកម្ម​នៃ​សិប្បកម្ម ផលិត​ឥដ្ឋ​។ វិធានការ​ទាំងនេះ​រួមមាន ការធ្វើ​ស្លាក​សញ្ញា​ហាមឃាត់ ការហាមឃាត់ ជាដាច់ខាត នូវ​ការ ប្រើប្រាស់ ទាសភាព​បំណុល ការឃ្លាំមើល​ជាប្រចាំ នៃ​ខ្សែសង្វាក់​ផលិតកម្ម ការរៀបចំ​កន្លែង ស្នាក់នៅ ឱ្យ​ឃ្លាតឆ្ងាយ ពី​ខ្សែសង្វាក់​ផលិតកម្ម និង​ការហាមឃាត់ ជាដាច់ខាត​នូវ​រាល់​ទម្រង់ នៃ​ការកេងប្រវ័ញ្ច ពលកម្ម​លើ​កុមារ ។​

អ្វីដែល​សំខាន់​ជាង​ការ ចេញ​សេចក្ដីណែនាំ​ទៅទៀត​នោះ គឺ អាជ្ញាធរ​គួរតែ​អនុវត្ត វិធានការ ផ្លូវច្បាប់ ឱ្យបាន​ហ្មត់ចត់ រួមមាន ការធ្វើ​អធិការកិច្ច ឱ្យបាន​តឹងរឹង និង​ទៀងទាត់ ការធ្វើការ​ជាមួយ ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ និង​ការអប់រំ​កម្មករ អំពី​ហានិភ័យ និង​បទល្មើស​ព្រហ្មទណ្ឌ នៃ​ពលកម្ម​កុមារ និង​ទាសភាព បំណុល​។ អនុសាសន៍ ទាំងនេះ និង មួយចំនួនទៀត ត្រូវបាន​រៀបរាប់ លម្អិត នៅក្នុង របាយការណ៍ លីកាដូ​ឆ្នាំ​២០១៦​ហើយ​។​
​ជាថ្មី​ម្ដងទៀត លីកាដូ សូម​ស្នើសុំ​ដោយ ទទូចថា មិនគួរ មាន​ពលកម្ម​កុមារ នៅក្នុង ប្រទេស កម្ពុជា ហើយ​ក្មេង​មិនទាន់ គ្រប់​អាយុ មិនគួរ​ត្រូវបាន រងរបួស ឬ​ស្លាប់​បាត់បង់ ជីវិត នៅ​កន្លែងធ្វើការ ក្នុង​វិស័យ​ណាមួយ​នោះទេ​។ អាជ្ញាធរ​កម្ពុជា គួរ​ចាត់វិធានការ ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ប្រឆាំង រាល់​ទម្រង់ នៃ​ការប្រើប្រាស់​ពលកម្ម​កុមារ និង​ទាសភាព​បំណុល​។ ប្រសិនបើ​ចំណាត់ការ ទាំងនេះ មិនត្រូវ​បាន ធ្វើឡើង​នោះទេ ទម្រង់​អាក្រក់ នៃ​ទាសភាព​សម័យ​ទំនើប នេះ​នឹង​បន្ត​រីក​រាលដាល នៅក្នុង ប្រទេស​កម្ពុជា​៕​ ដោយ​៖​កូ​ឡាប​

spot_img
×