Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ៖ ពង្រឹង​ការអនុវត្ត​ច្បាប់ ឲ្យ​បាន​ខ្លាំង​បន្ថែមទៀត ខណៈ​១១​ខែ​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ៣.២៣៤​លើក ស្លាប់​ចំនួន​១.៦១៧​នាក់​

spot_img

​ភ្នំពេញ​៖ តាម​របាយការណ៍​រយៈ​ពេល​១១​ខែ​ឆ្នាំ ២០១៧ របស់​អនុគណៈកម្មការ​ត្រួតពិនិត្យ ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បង្ហាញថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ៣.២៣៤​លើក បណ្តាលអោយ​ស្លាប់​ចំនួន​១.៦១៧​នាក់ និង​រងរបួស​ចំនួន​៥១០៧​នាក់​។ ប្រៀបធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន គ្រោះថ្នាក់​ថយ​ចំនួន​១០៤​លើក ស្មើនឹង​៣% ស្លាប់៎​កើន​៤១​នាក់ ស្មើនឹង​២.៦% របួស​ថយចុះ ៨៥៥​នាក់ ស្មើនឹង​១៤% ប​ង្កើ​ឡើង​ដោយ​ល្មើស​ល្បឿន​កំណត់ ៣៦% មិន​គោរព​សិទ្ធិ ១៧%, មិន​ប្រកាន់​ស្តាំ ១៣%, វ៉ា​ជែង​១១%, បត់​មិន​ប្រយ័ត្ន​១០% ស្រវឹង​១០% កក្តា​យានយន្ត​៤% និង ងងុយគេង​១% ។ អ្នកស្លាប់​ជា​អ្នកជិះ​ម៉ូតូ​មាន​ចំនួន​៧៦% (៨៣% មិន​ពាក់មួក​)​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍​នៅ​ទូទាំងប្រទេស ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​កាន់តែខ្លាំង​បន្ថែមទៀត ព្រោះថា​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​មួយ​នេះ កំពុងតែ​កើនឡើង​នៅ​រយៈពេល​ចុងក្រោយ​នេះ​។​

​សម្ដេច ស ខេង ក៏បាន​ផ្ដាំផ្ញើ​ដល់​មន្ដ្រីនគរបាល​ចរាច​រណ៍​ទាំង​ដែរ​ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍ ត្រូវតែ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ មិនត្រូវ​គាប់សង្កត់​ពលរដ្ឋ ឬ​ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ជាមួយ​ពលរដ្ឋ​ណាមួយ​ជាដាច់ខាត ដោយ​មន្ដ្រីនគរបាល​ត្រូវ​ប្រកាន់​ឥរិយាបថ​សុភាពរាបសារ ម៉ឺងម៉ាត់ និង​គោរព​វិន័យ​។​

​ការ​ថ្លែង​បែបនេះ របស់​សម្ដេច​ក្រឡាហោម ស ខេង ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​មហាសន្និបាត សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា អាណត្តិ​ទី​៤ នៅ​ក្រសួងមហាផ្ទៃ​។ សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា យើង​ទាំ​អស់​គ្នា​ដែលជា​សមត្ថកិច្ច ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បន្ដទៀត ដើម្បី​បំពេញភារកិច្ច ពិសេស​ទាក់ទង​នឹង​ការងារ​ចរាចរណ៍​នេះ កំពុង​តែមាន​ការវិវត្ត​ន៍ គួរ​ឲ្យ​មានការ​ព្រួយបារម្ភ ពិសេស​រយៈពេល​២​ខែ​ចុងក្រោយ​នេះ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​។​

​សម្ដេច ស ខេង ក៏បាន​លើកឡើង​ដែរ​ថា ការស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​មួយ​រយៈពេល​ចុងក្រោយ​នេះ ភាគី​ច្រើន​កើតមាន​ទៅលើ​អ្នកបើកបរ​ម៉ូត ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការកំណត់​។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បានបង្ហាញ​គោលជំហរ​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​នគរបាល គួរតែ​ពង្រឹងកម្លាំង​នគរបាល​ដែលមាន​ស្រាប់ ប្រសើរ​ជាង​រើស​កម្លាំង​ថ្មី​បន្ថែម ដែល​តម្រូវ​ឲ្យ​រដ្ឋ​ចំណាយលុយ​ច្រើនជាង​មុន​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា មូល​ហេតុដែល​សម្ដេច​មិន​ចង់​ឲ្យ​រើស​កម្លាំង​ថ្មី​បន្ថែម​ច្រើន​បែបនេះ ក៏​ព្រោះតែ​ចង់​ឲ្យ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព ហើយ​មិន​ចង់​ឲ្យ​មាន​ចំនួន​មនុស្ស​ច្រើន ប៉ុន្ដែ​ប្រសិទ្ធភាព​ការងារ​នៅតែ​ដដែល​។​

​សម្ដេច ស ខេង បាន​ថ្លែងថា នៅសល់​កិច្ចការ​ខ្លះ​ដែល​ត្រូវ​បន្ដ​កែទម្រង់ ពិសេស​ការលើកកម្ពស់​គុណភាព សមត្ថភាព ជារួម​ការកសាង​សមត្ថភាព​ឲ្យ​មន្ដ្រីនគរបាល មិនមែន​ទៅ​រើស​ប្រឡង​ចូល​អ្នក​ដែលមាន​សមត្ថភាព​ស្រាប់​នោះទេ ប៉ុន្ដែ​បើ​មាន​ក៏​ល្អ​ដែរ ប៉ុន្ដែ​អភិវឌ្ឍន៍​នៅ​ហ្នឹង​កន្លែង មានន័យថា ធ្វើ​បង្ហាត់បង្រៀន​មនុស្ស​ដែលមាន​ស្រាប់ កសាង​សមត្ថភាព ហើយ​បើ​ថា​កសាង​ទៅ​លែង​ទៅ ចឹ​ង​បាន​រើស​ថ្មី ដើម្បី​ជៀសវាង​នូវ​ការចំណាយ​ថវិកា​របស់​រដ្ឋ​។​

​សូមជម្រាបថា ក្នុង​មួយឆ្នាំៗ​ក្រសួងមហាផ្ទៃ បានប្រកាស​រើស​មន្ដ្រីនគរបាល​ក្របខណ្ឌ​ថ្មី​បន្ថែម ប្រមាណ​៥០០០​នាក់ ដើម្បី​បំពេញបន្ថែម​ជំនួស​មន្ដ្រីនគរបាល​ដែល​បាន​ចូលនិវត្តន៍ និង​បាត់បង់​សមត្ថភាព​ក្នុងការ​បំពេញការងារ ជាដើម​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×