Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ចុះ​ពិនិត្យមើល​ការស្តារ​ប្រឡាយ និង​ការដាក់​លូ​មេ ដើម្បី​រំដោះ​ទឹក​ផ្នែក​ខាងត្បូង​ផ្លូវ​សហព័ន្ធរុស្សុី

spot_img

​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​​លោក ​ឃួង ស្រេង កាលពី​ព្រឹក​ថ្ងៃទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្ដែង​នៃ​ការស្ដារ​ប្រឡាយ​និង​ការដាក់​លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​តំបន់​ភាគខាងត្បូង​ផ្លូវ​សហព័ន្ធរុស្ស៊ី ខណៈ​ដែល​តំបន់​នេះ នៅតែ​ប្រឈម​នឹង​ការលិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​ពេលដែល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្ដងៗ​។​

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ដើម្បី​រំដោះ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ក្នុង​រដូវវស្សា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ​ពី​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​
​ស្ដារ​ប្រឡាយ​និង​ការដាក់​លូ ដើម្បី​រំដោះ​ទឹកភ្លៀង ចេញពី​តំបន់​មួយចំនួន នៅក្នុង​សង្កាត់​ចោមចៅ​៣ សង្កាត់​កា​កាប​១ សង្កាត់​កា​កាប​២ និង​មួយ​ប៉ែក​ទៀត​នៅក្នុង​សែន​សុខ​។​

ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការស្តារ​ឡាយ និង​ការដាក់​លូ ដំណើរការ​ទៅ​បានរ​លូន និង​រួចរាល់​ទៅតាម​ផែនការ និង​ទៅ​តាម​លក្ខណៈ​បច្ចេកទេស​ផង​នោះ លោក អភិបាល​រាជធានី​ភ្នំពេញ ក៏​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី​ចុះ​មក​ពិនិត្យ ស្ថានភាព ជាក់ស្តែង​តែ​ម្តង​។​

​ក្នុង​ការចុះ​ពិនិត្យ​នោះ​ឃើញថា មាន​លំនៅដ្ឋាន មិន​រៀបរយ​មួយចំនួន បាន​សង់​រំលោភ ប្រឡាយ​តែម្តង​។ ជុំវិញ​បញ្ហា​នេះ លោក​ឃួង ស្រេង បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី ធ្វើ​សេចក្តីជូនដំណឹង ដើម្បី​ឲ្យ​ប្រ​​ជា​ពលរដ្ឋ​រុះរើ​លំនៅដ្ឋាន​របស់​ខ្លួន​ចេញ ពីលើ​តួ​ឡាយ ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ ក៏ដូចជា​មន្ទីរ​ជំនាញ ងាយស្រួល​ក្នុង​ការស្ដារ​ប្រឡាយ​នេះ​។ ដោយឡែក​រោងចក្រ​មួយ​កន្លែង ភូមិ​ត្រពាំង​ជ្រៃ ត្រូវបាន​លោក​អភិបាល​រាជធានី​ភ្នំពេញ ធ្វើការ​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី ជំរុញ​ឲ្យ​រោងចក្រ​ខាងលើ ធ្វើការដាក់លូ​ទំហំ​២​ម៉ែត្រ ជំនួស​លូ​ចាស់ ដែល​មាន​ទំហំ​ត្រឹមតែ ៨​តឹក ប្រវែង​២០០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ទៅ​ប្រឡាយ​ភូមិ​ចំការឪឡឹក ។ បន្ថែម​ពី​នេះ​ទៀត រដ្ឋបាល​រាជធានី ត្រូវ​ដាក់លូ​ទំហំ​២​ម៉ែត្រ​ប្រវែង​១១៧០​ម៉ែត្រ​ថែម​ទៀត​។​

ប្រឡាយ​ដែល​បាននិងកំពុង​ស្ដារ​នេះ បានចាប់ផ្តើម​​ពី​ប្រឡាយ​រ៉ា​ដា រហូត​ទៅ​ដល់​ប្រឡាយ​ទួល​សំពៅ ។ បើ​តាម​មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ឲ្យដឹងថា ប្រឡាយ​នេះ មាន​តួនាទី​យ៉ាងសំខាន់ ក្នុង​ការរំដោះ​ទឹក​ផ្នែក​ខាងត្បូង ផ្លូវ​សហព័ន្ធរុស្ស៊ី ដោយ​មិន​ឲ្យ​ទឹក​ហូរ​ចូល​ទៅ ក្នុង​ព្រលាន​យន្តហោះ​ភ្នំពេញ​។ រំដោះ​ទឹក​មិន​ឲ្យ​ទឹកភ្លៀង​លិចលង់​នៅ ភូមិ​ត្រពាំង​ជ្រៃ ភូមិ​ត្រពាំង​ពោធិ៍ ព្រៃ​ព្រីង​ខាងជើង ភូមិ​ព្រៃទា សង្កាត់​កា​កាប​១ សង្កាត់​កា​កាប​២ សង្កាត់​ចោមចៅ​៣ និង​មួយ​ផ្នែក​ទៀត រំដោះ​ទឹក​នៅ​ក្នុង​ខណ្ឌ​សែន​សុខ​៕​ ដោយ​៖​កូឡាប​

spot_img
×