Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ផែង វណ្ណៈ ធ្វើ​លិខិត​សុំ​ទោស​សម្តេច​តេជោ ហ៊ុន សែន តើ​តុលាការ​សម្រេច​បែប​ណា នៅ​ថ្ងៃ​១៤​មិថុនា​

spot_img

​ភ្នំពេញ ​៖​ ចុងបញ្ចប់ មុន​តុលាការ​ប្រកាស​កាត់​លោក​ផែង​ វណ្ណៈ សម្រេច​សរសេរ​លិខិត​សុំទោស​សម្តេច​និង​អ្នកលេង​បណ្តាញ​សង្គម​ដល់​លោក ។​

លោក​ផែង វណ្ណៈ សន្យា​នឹង​កែប្រែ​អត្ត​ចរិក​មិនល្អ​ចោល​ទាំងអស់​ ។ ​លោក​ផែង​វណ្ណៈ​សង្ឃឹមថា​ សម្តេច​និង​មហាជន​នឹង​អភ័យទោស​អោយ​លោក​មិន​ខាន​។​

លោក ផែង វណ្ណៈ ទំនង​ជា​ភ្ញាក់ខ្លួន​ដឹង​កំហុស​ខ្លួនឯង បាន​សរសេរ​លិខិត​សុំ​អភ័យទោស​ពី​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នូវ​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ ។​

​លោក ផែង វណ្ណៈ បាន​រៀបរាប់​ចេញពី​មន្ទីរឃុំឃាំង​ថា “​ទង្វើ​ដ៏​ឆ្គាំឆ្គង​នេះ​កើតឡើង​ដោយសារ ខ្ញុំ​មាន​ការ​ភ្លេចខ្លួន​មាន​អារម្មណ៍​ឆេវឆាវ ខ្វះ​ការពិចារណា ច្រឡោ​ត ខឹងសម្បា ទៅលើ​អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន ដោយ​មិន​បាន​គិត​វែងឆ្ងាយ ជាហេតុ​នាំឲ្យ​ប៉ះពាល់​ដល់​កិត្តិយសសម្តេច​តេជោ ហ៊ុន សែន ដែល​ជា​ប្រមុខ​ដឹកនាំ​ដ៏​ល្អ​ប្រពៃ នៃ​ប្រជាជន​កម្ពុជា​ ។ ទន្ទឹម​នេះ​ខ្ញុំបាទ ក៏​សុំ​ការ​អភ័យទោស​ផងដែរ ពី​សំណាក់​ថ្នាក់ដឹកនាំ និង​បងប្អូន​មួយចំនួន​នា​ពេលកន្លងមក ដែល​ខ្ញុំ​ធ្លាប់​បាន​រិះគន់ ដោយ​ប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ ធ្វើឲ្យប៉ពាល់​ដល់​កិត្តិយ​ស​ផ្ទាល់ខ្លួន​របស់​ថ្នាក់ដឹកនាំ និង​បងប្អូន​មួយចំនួន​។ ខ្ញុំបាទ​ចងចាំ​នូវ​កំហុសឆ្គង​កន្លងមកនេះ ដោយ​សន្យាថា​នឹង​ធ្វើ​ការកែប្រែ​អត្តចរិត ពាក្យ​សម្តី​របស់​ខ្លួន និង​មិន​ឲ្យ​បញ្ហា​ទាំង​នេះ​កើតឡើង​ជា​ថ្មី​ម្តងទៀត​”​ ។​

​លោក​ពេជ្រ ​ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្តល់​យោបល់ នៅ​ថ្ងៃទី​១៣​មិថុនា បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ថា “​ការជេរប្រមាថ​មិនមែន​ជា​ការបញ្ចេញមតិ​នោះទេ ហើយ​អ្នកលេង​ហ្វេ​ស​បុក​ក៏​គ្មាន​ច្បាប់​ណា​ការពារ​នោះ​ដែរ​..​ក្នុងន័យនេះ សូម​បងប្អូន​អ្នកលេង​ហ្វេ​ស​បុក​ទាំងឡាយ​លេង​ហ្វេ​ស​បុក ដោយ​មាន​ការប្រុងប្រយ័ត្ន​ផង​កុំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នកដទៃ​…​ដូច្នេះ​ករណី​របស់​បង ផែង វណ្ណៈ ក្នុងនាម​រូប​ខ្ញុំ​ផ្ទាល់​ក៏​ចង់​ឃើញ​គាត់​មាន​សេរីភាព​ឡើងវិញ​ដែរ​ពីព្រោះ​ថា​គាត់​បាន​ដឹង​កំហុស​ខ្លួន​ហើយ​ក៏​ប៉ុន្តែ​ការ​ឲ្យ​គាត់​មាន​សេរីភាព​វិញ​នោះ​គឺ​អាស្រ័យ​ទៅលើ​ឆន្ទានុសិទ្ធិ​​របស់​តុលាការ​”​។​

​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ស្អែក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បេីកសវនាការ​ជំនុំជ​ម្រះ​សំណុំរឿង​លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុកដ៏​ល្បីល្បាញ​មួយរូប ពាក់ព័ន្ធ​បទល្មើស​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បណ្តឹង​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​ចន្លោះ​ពេល​នេះ លោក ផែង វណ្ណៈ ដែល​បច្ចុប្បន្ន​ជាប់​ពន្ធនាគារ​ជាង​ ៣ ​ខែ​មក​ហើយ បាន​ធ្វើលិខិត​ជា​សាធារណៈ​សុំទោស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សុំ​បាន​ចេញពី​ពន្ធនាគារ​ទៅជួបជុំ​គ្រួសារ​ និង​ព្យាបាលជំងឺ ។​

​ទោះបីយ៉ាងណា ការសម្រេច​បែប​ណា​នោះ ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ជំនុំជម្រះ ព្រោះ​តុលាការ​ជា​អំណាច​ឯករាជ្យ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​ស្ថាប័ន​ណាមួយ​ឡើយ ។

​សូមបញ្ជាក់​ថា មជ្ឈដ្ឋាន​ជាច្រើន នៅ​ចាំបាន​ថា លោក ផែង វណ្ណៈ អ្នកលេង​ហ្វេ​ស​ប៊ុកដ៏​ល្បីល្បាញ​មួយរូប ត្រូវ​ជាប់​ពន្ធនាគា​ររ​ហូត​មកទល់​បច្ចុប្បន្ន​នេះ មាន​រយៈពេល​ជាង​៣​ខែ​មក​ហើយ ដោយសារតែ​ការ​លូកដៃ​ចូល​ជួយ​ករណី​កញ្ញា យិន ឃុន​ម៉ី ហៅ​ម៉ា​ណា កូនស្រី​អ្នកមាន​ស្តុកស្តម្ភ​មួយរូប​នៅ​ខេត្ត​សៀមរាប និង​ជា​ថៅកែ​លក់​រថយន្ត​ស៊េរី​ទំនើប​ដែល​បើក​រថយន្ត​ទាំង​កម្រោល បុក​និស្សិត​ស្រី ឌុំ រី​ដា ស្លាប់​។​

​ដំបូង​ឡើយ លោក ផែង វណ្ណៈ បាន​ដើរតួនាទី​ជា​អ្នកចរចា​ជំនួស​ឳ​ពុក​ជនបង្ក ដោយ​យក​បច្ច័យ​៥០០០​ដុល្លារ​ចូល​បុណ្យសព​និស្សិត​ស្រី ឌុំ រី​ដា រហូត​មាន​ការរិះគន់​ជា​បន្តបន្ទាប់ ហើយ​ចុងក្រោយ​ក្រុមគ្រួសារ​ជនបង្ក ក៏​ផ្តល់​ថវិកា​ជាង​៧​ម៉ឺន​ដុល្លារ ដល់​ម្តាយ​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង​។​

​ដោយសារ​តែ​ទប់​សម្តី​ខ្លួនឯង​មិន​បានលោកផែង វណ្ណៈ បាន​សរសេរ​ករណី​ចូល​បុណ្យ​សព​និស្សិត​ស្រី ឌុំ រី​ដា ប្រៀបធៀប​កាល​ដែលសម្តេច​តេជោ ហ៊ុន សែន ចូល​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី ទើប​កកើត​ជា​បណ្តឹង​ព្រហ្មទណ្ឌ ដែល​ប្តឹង​ដោយ លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ ហ៊ុន សែន តែម្តង ។​

​ទោះបីយ៉ាងណា កញ្ញា យិន ឃុន​ម៉ី ហៅ​ម៉ា​ណា ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ហើយ បន្ទាប់​ពី​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​១​ឆ្នាំ តែ​អនុវត្ត​ក្នុង​ពន្ធនាគារ​តែ​២​ខែ​ប៉ុណ្ណោះ ហើយ​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ​។​

​តុលាការ បានសម្រេច​ចោទប្រកាន់​លោក ផែង វណ្ណៈ ចំនួន​២​បទល្មើស ដែល​អាច​ប្រឈម​មុខ​ការ​ជាប់ពន្ធនាគា​រ​រហូតដល់​២​ឆ្នាំ ។ ក្រោយ​ពី​តុលាការ បាន​ពិនិត្យ​សំណុំរឿង​និង​ការសាកសួរ​ចម្លើយ​លើ​ឈ្មោះ ផែង វណ្ណៈ រួចមក តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពីបទ បរិហារកេរ្តិ​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ ៕​ ដោយ​ ៖ ​កូឡាប​

 

 

spot_img
×