Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសចរណ៍​ព្រះពុទ្ធសាសនា ទេសចរណ៍​ម្ហូបអាហារ និង​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង ត្រូវបាន​យកចិត្តទុកដាក់ កាន់តែ​ខ្លាំង​ក្នុង ACMECS និង​តំបន់ CLMV

spot_img

(​ឈៀង​រ៉ៃ​)៖ នៅក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ចំនួន​២ នៅ​ប្រទេស​ថៃ វិស័យ​ទេសចរណ៍​ព្រះពុទ្ធសាសនា ទេសចរណ៍​ម្ហូបអាហារ និង​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង ត្រូវបាន​យកចិត្តទុកដាក់​កាន់តែ​ខ្លាំង​នៅក្នុង​តំបន់ ACMECS និង​តំបន់ CLMV​។ នេះ​បើ​តាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​

​លោក ថោង ខុន បានឱ្យដឹងថា ការយកចិត្តទុកដាក់​ទាំងនេះ ត្រូវបាន​លើកឡើង​ក្នុង​ប្រជុំ​លើក​ទី​៤ នៃ​រដ្ឋមន្ត្រី​ទេសចរណ៍ ACMECS (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy) ដែល​រួមមាន​ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម និង​កិច្ចប្រជុំ​លើក​ទី​៥ នៃ​រដ្ឋមន្ត្រី​ទេសចរណ៍ CLMV (​កម្ពុជា ឡាវ ភូមា និង​វៀតណាម​) ដឹកនាំ​ដោយ​លោក​ខុន រដ្ឋមន្ត្រី​ទេសចរណ៍ នា​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ​។​

​រដ្ឋមន្ត្រី​ទេសចរណ៍​ខាងលើ​បាន​លើកឡើង​ថា ប្រទេស​សមាជិក​ទាំងអស់ មាន​សក្តានុពល​ផ្នែក​ព្រះពុទ្ធសាសនា ម្ហូបអាហារ​ប្រកប លក្ខណៈពិសេស បង្ហាញ​អំពី​អរិយធម៌ វប្បធម៌ ការរស់នៅ​ស្រដៀងៗ​គ្នា ដែល​កត្តា​ទាំង​នេះ គឺជា​ភាព​ទាក់ទាញ​ទេសចរ​ដ៏​សំខាន់ ឆ្លើយតប​នឹង​និន្នាការ​ទេសចរណ៍​បច្ចុប្បន្ន ព្រមទាំង​ចូលរួម​ដល់ ការលើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា ដែល​ជា​កេរដំណែល របស់​មនុស្សជាតិ​ផងដែរ​។​

​ទន្ទឹមនឹងនេះ ប្រទេស​ជា​សមាជិក​មាន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ដែល​ត​ភ្ជាប់​គ្នា​ទៅវិញទៅមក រវាង​ប្រទេស ACMEC និង CLMV បាន​កាន់តែ​ប្រសើរ ដែល​នឹង​អាច​ចូលរួម​ជំរុញ វិស័យ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង (Self-Driving Tour) កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ឆ្លើយតប​នឹង​និន្នាការ​ទេសចរណ៍​សកលលោក ដោយ​ការបើកបរ​ដោយ​ខ្លួនឯង ឆ្លង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត កំពុងតែ​ពេញនិយម​។​

​រដ្ឋមន្ត្រី​ទេសចរណ៍ ACMEC ក៏បាន​អបអរសាទរ​កំណើន​ទេសចរ​អន្តរជាតិ មក​ទស្សនា​ប្រទេស​ជា​សមាជិក ឆ្នាំ​២០១៨ កើន​ដល់ ៦៧,៧១​លាន​នាក់ ក្នុង​អត្រា ១០,៦១% ហើយ​ក្នុង​គោលដៅ​ជំរុញ​កំណើន​ទេសចរ​មកកាន់​តំបន់ ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត រដ្ឋមន្ត្រី​ទេសចរណ៍ ACMECS បាន​អនុម័ត​ដាក់​ចុះ​ផែនការ​សកម្មភាព នៃ​កិច្ចសហប្រតិបត្តិកា​រទេស​ច​រណ៍ ACMECS ឆ្នាំ​២០១៩-២០២៣ ដោយ​ផ្ដោត​លើ​សកម្មភាព សំខាន់ៗ​មានដូចជា (១) ការផ្សព្វផ្សាយ និង​សិក្សា​ទីផ្សារ (២) ការតភ្ជាប់​ផលិតផល​ទេសចរណ៍ (៣) ការផ្លាសប្ដូរ​ព័ត៌មាន​ស្ដី​អំពី​ទេសចរណ៍ (៤) ការបង្កើត​ផលិតផល​ថ្មី (៥) ការអភិវឌ្ឍ​ធនធានមនុស្ស (៦) សុវត្ថិភាព​ទេសចរណ៍ (៧) ការជំរុញ​ការចូលរួម​របស់​វិស័យ​ទេសចរណ៍​។​

​ដោយឡែក ឆ្នាំ​២០១៨ តំបន់ CLMV បានទទួល​ទេសចរ​អន្តរជាតិ ២៩,៤៤​លាន​នាក់ ក្នុង​កំណើន ១៣,៩៦% ក្នុង​ទេសចរណ៍​ផ្ទៃក្នុង CLMV (Intra-CLMV Traveler) មាន ២.៥៨​លាន​នាក់ ស្នើ​នឹង ៩% នៃ​ទេសចរ​អន្តរជាតិ​សរុប​។​

​រដ្ឋមន្ត្រី​ទេសចរណ៍ CLMV ក៏​បាន​ឯកភាព​គ្នា​បន្ត​ជំរុញ​ការផ្សព្វផ្សាយ «​ប្រទេស​បួន គោលដៅ​តែ​មួយ​» ឲ្យបាន​កាន់តែ​ខ្លាំង​ថែម​ទៀត ដោយ​បាន​ដាក់ចុះ​នូវ​ផែនការ​សកម្មភាព នៃ​កិច្ចសហប្រតិបត្តិកា​រទេស​ច​រណ៍ CLMV ឆ្នាំ​២០១៩-២០២១ ក្នុងនោះ​រួម​មាន​សកម្មភាព​សំខាន់ ដូចជា​៖

១៖ ការសម្រួល​ការធ្វើដំណើ​រ​ក្នុង​តំបន់​

២៖ ការកសាង​សមត្ថភាព​

៣៖ ជំរុញ​ការចូលរួម​ពី​ភាគី​ឯកជន និង​ប្រជាពលរដ្ឋ​មូលដ្ឋាន​

៤៖ ការអភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី

៥៖ ជំរុញ​សុវត្ថិភាព​ទេសចរ​៕​ ដោយ៖ កូឡាប

spot_img
×