Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ប្រទេស​កូរ៉េ កំពុង​រក​ដំណោះស្រាយ លើ​បញ្ហា​កាក​សំណល់​រឹង និង​ប្លា​ស្ទិច 

spot_img

​ខេត្ត​ព្រះសីហនុ ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ រួម​ជាមួយ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ នៃ​រដ្ឋបាល​ខេត្ត​នេះ បាន​ជួបប្រជុំ​គ្នា ជាមួយ​ប្រតិភូ​បរទេស ដឹកនាំ​ដោយ លោកស្រី Katelijn Van Den Berg អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ប្រឹក្សា​យោបល់ នៃ​វិទ្យាស្ថាន​ឧស្សាហកម្ម​បរិស្ថាន និង​បច្ចេកវិទ្យា នៃ​សាធារណរដ្ឋ​កូរ៉េ KEITI ស្តីពី​គម្រោង​សំណល់​រឹង និង​ប្លា​ស្ទិច​។​

​ជំនួប​ពិភាក្សា​នេះ ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នា​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ​។

​ជំនួប​ពិភាក្សា​ខាងលើនេះ គឺ​ភាគី​ប្រទេស​កូរ៉េ មាន​គម្រោង​ផ្តល់​ជំនួយ​បច្ចេកទេស នៅ​លើ​ផ្នែក​កាក​សំណល់​រឹង និង​ប្លា​ស្ទិច នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ដើម្បី​ឲ្យមាន​បរិស្ថាន​អនាម័យ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ​។​

​នា​ឱកាស​នោះ លោក ជាវ វិជ្ជា​ក់ អភិបាលរង​ខេត្ត​ព្រះសីហនុ ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ បាន​ស្វាគមន៍ និង​ជម្រាបជូន​ប្រតិភូ​មកពី​ប្រទេស​កូរ៉េ​ថា ក្រុងព្រះសីហនុ ចែកជា ៦​សង្កាត់ និង​មាន​ប្រជាពលរដ្ឋ​ចំនួន ៧៥.២១០​នាក់ (​ស្ថិតិ​ឆ្នាំ​២០១៨) និង​មាន​ជនបរទេស (​ជនជាតិ​ចិន​) ប្រមាណ ៤០.០០០​នាក់ បាន​ចូលមក​រស់នៅ​។

​លោក​អភិបាលរង​បន្តថា បញ្ហា​សំរាម​នាពេល​បច្ចុប្បន្ន​នេះ គឺ​អាច​មាន​ចន្លោះ​ពី ៤០០ ទៅ ៥០០​តោន ក្នុង​មួយ​ថ្ងៃ ៗ​។ ហើយ​ថា ចំនួន​នេះ គឺ​មិន​ទាន់​គិត​ពី​កាកសំណល់ របស់​ការដ្ឋាន​សំណង់​ផ្សេង​ម ផង​ទេ​។

​លោក ជាវ វិជ្ជា​ក់ បញ្ជាក់បន្ថែម​ថា រាល់ថ្ងៃនេះ ដោយសារ​តែ​កំណើន នៃ​ការវិនិយោគម្ពី​ប្រទេស​ចិន មាន​សន្ទុះ​កើន​ខ្ពស់​យ៉ាងគំហុក​នោអ ព្រម​ជាមួយគ្នានេះ បញ្ហា​កាកសំណល់​សំរាម ក៏​មាន​ការកើនឡើង​ស្របគ្នា​ផងដែរ​។​

​លោក​បន្តថា ការកើនឡើង នៃ​កាកសំណល់​សំរាម​នា​ក្រុង​ព្រះសីហនុ​ពេលបច្ចុប្បន្ន​នេះ គឺ​ជា​កង្វល់ របស់​រដ្ឋបាល​ក្រុង​-​ខេត្ត ព្រះសីហនុ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ជួយ​គិតគូរ​រក​ដំណោះស្រាយ ឲ្យបាន​ប្រសើរ​ឡើង​នា​ថ្ងៃ​អនាគត​។​

​តាមរយៈ​ជំនួប​ជាមួយ​គណៈប្រតិភូ មកពី​ប្រទេស​កូរ៉េ​ខាងលើ​នេះ លោក ជាវ វិជ្ជា​ក់ រំពឹងថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​នេះ បញ្ហា​សំរាម​- ទឹក​កខ្វក់ – បរិស្ថាន អាច​នឹង​វិល​មក​រក​ភាពប្រក្រតី​ដូចដើម​ឡើងវិញ​ជា​មិន​ខាន​ ។​

​លោក ជាវ វិជ្ជា​ក់ ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា រាល់ថ្ងៃនេះ ទន្ទឹម​គ្នា​បញ្ហា​ប្រឈម នៃ​កាកសំណល់​សំរាម ក៏​នៅ​មាន​បញ្ហា កាកសំណល់​ប្លា​ស្ទិច កំពុង​កកស្ទះ​នៅតាម​អូរ និង​នៅតាម​ប្រឡាយ​បង្ហូរទឹក​មួយចំនួន មានដូចជា​៖ ប្រឡាយ​អិល​វី ស្ថិតក្នុង​សង្កាត់​លេខ​៤ និង​តំបន់​ទំនប់រលក ត្រង់​ចំណុច​ផ្ទះ​ប្រជា​នេសាទ​បណ្តែត​លើ​ទឹកសមុទ្រ ជិត​កំពង់ផែ​ក្រុងព្រះសីហនុ ក៏​ទាមទារ​ឲ្យមាន​ដំណោះស្រាយ​ដូច​កាកសំណល់​សំរាម​ដែរ​។​

​ចំណែក លោកស្រី Katelijn Van Den Berg អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ នៃ​វិទ្យាស្ថាន​ឧស្សាហកម្ម​បរិស្ថាន និង​បច្ចេកវិទ្យា Korea Environmental Industry and Technology Institute/KEITI នៃ​សាធារណរដ្ឋ​កូរ៉េ បានឲ្យដឹងថា គោលបំណង នៃ​គម្រោង​ការងារ របស់​លោកស្រី គឺ​មាន​បំណង​ចង់​ជួយ​ដំណោះស្រាយ​ធ្វើឲ្យ​ប្រសើរឡើង លើ​ផ្នែក​ហិរញ្ញវត្ថុ និង​បរិស្ថាន ដែល​ផ្តើម​ចេញពី​កាក​សំណល់​រឹង និង​ថង់​ប្លា​ស្ទិច នៅតាម​តំបន់​គោលដៅ​ចំនួន​បី សំខាន់ៗ រួមមាន​៖ រាជធានី​ភ្នំពេញ – ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​។

​ទាក់ទិន​បញ្ហា​នេះ កិច្ចប្រជុំ​បាន​រកឃើញ​ថា តាម​ការសិក្សា និង​តាម​ការអង្កេត គឺ​បញ្ហា​គ្រប់គ្រង​កាកសំណល់​សំរាម និង​ផ្លា​ស្ទិក មិនបាន​ល្អ នា​ខេត្ត​ព្រះសីហនុ នា​ពេលកន្លងមក គឺ​បណ្តាល​មក​ពី​សាលាក្រុង​ព្រះសីហនុ ពុំ​មាន​ថវិកា​គ្រប់គ្រាន់​។ ហើយ​ម្យ៉ាងទៀត តម្លៃ​សេវា​ប្រមូល​សំរាម ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ គឺ​មាន​ការលំបាក ក្នុងការ​ប្រមូលយក​- ការគ្រប់គ្រង​ស្ថាប័ន​នានា និង​ហិរញ្ញវត្ថុ មាន​ការខ្វះខាត​- កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម មិន​មាន​តម្លាភាព ខ្វះ​ការទំនាក់ទំនង ក្នុង​ការប្រមូល​បញ្ចេញ​សំរាម នៅក្នុង​ក្រុងព្រះសីហនុ នៅមានកម្រិត​ជាដើម​..​។

​ចំពោះ​ភាពមិនប្រក្រតី​ខាងលើនេះ គឺ​ទាមទារ​ឲ្យ​រដ្ឋបាល​ខេត្តព្រះសីហនុ ត្រូវ​ពង្រឹង​ធនធាន​ស្ថាប័ន​ប្រមូល​សំរាម ពិសេស​សាលាក្រុង​ព្រះសីហនុ ត្រូវ​បង្កើត​ការិយាល័យ​គ្រប់គ្រង​សំរាម​- ផ្សព្វផ្សាយ​រៀបចំ​ផែនការ ចូលរួម​ត្រួតពិនិត្យ និង​វាយតម្លៃ​ក្នុង​ការប្រមូល​សំរាម ឲ្យបាន​ត្រឹមត្រូវ​។ បង្កើន​ការគ្រប់គ្រង និង​ប្រមូល​សំរាម ដោយ​អនុវត្ត​តាម អនុក្រិត្យ​លេខ​១១៣- បង្កើន​សកម្មភាព​ក្នុង​ការងារ​ប្រមូល​សំរាម មានដូចជា​៖ រៀបចំ​គោលនយោបាយ​ថ្នាក់ជាតិ​-​ក្រុង​។ គាំទ្រ​លើ​ផ្នែក​បច្ចេកទេស​។ ការវិនិយោគ​លើ​គម្រោង​សំណល់​រឹង និង​ត្រូវ​ពិនិត្យ​តាមដាន រាល់​គ្រប់​គម្រោង​នានា ឲ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព ដើម្បី​ធានា​ឲ្យ​បរិស្ថាន នា​ខេត្ត​ព្រះសីហនុ ឲ្យមាន​អនាម័យ​ល្អនៅ​ឆ្នាំ​ខាង​មុខ​៕ ដែន សីមា​

spot_img
×