Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គយ​កម្ពុជា និង​ចិន ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ការជួយ​គ្នា​ទៅវិញទៅមក​

spot_img

​ភ្នំពេញ ​៖ ​នា​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មាន​ប្រារព្ធ​កិច្ចប្រជុំ​ទ្វេភាគី រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹម អគ្គនាយក និង រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ​លោក Hu Wei អនុរដ្ឋមន្ត្រី​នៃ​​រដ្ឋបាល​គយ​ចិន ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ស្របតាម​ខ្លឹមសារ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​និង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ ដែល​បាន​ចុះហត្ថលេខា​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ។​

​លោក​បណ្ឌិត គុណ ញឹម បាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា និង​ប្រទេស​ចិន មាន​ទំនាក់ទំនង​ស្អិតល្មួត​ជា​ប្រវត្តិសាស្ត្រ​ទាំង​ផ្នែក នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។ បច្ចុប្បន្ន ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​យ៉ាងសំខាន់​ស​ម្រា​ប់​កម្ពុជា ហើយក៏​ជា​ប្រភព​វិនិយោគ​ផ្ទាល់​ពី​បរទេស​ធំជាងគេ​នៅ​កម្ពុជា​ផងដែរ​។ លើសពីនេះ​ទៀត ប្រទេស​ចិន​ក៏​ជា​ប្រទេស​ដែល​ផ្តល់ជំនួយ​ហិរញ្ញវត្ថុ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​ប្រទេស​កម្ពុជា ។ ឆ្លៀត​ក្នុងឱកាស​នេះ លោក​ប្រតិភូ​រាជរដ្ឋាភិបាល ក៏បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំងពីរ និង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បានផ្តល់​ម៉ាស៊ីន​ស្កែ​ន​កុងតឺន័រ​ចំនួន ០៨ គ្រឿង ហើយ​បច្ចុប្បន្នកំពុង​ប្រើប្រាស់​នៅតាម​មាត់ច្រក​សំខាន់ៗ និង​បាន​ក្លាយជា​ឧបករណ៍​យ៉ាងសំខាន់​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ ក៏ដូចជា​ចូលរួម​ជំរុញ​បន្ថែមទៀត​ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ផងដែរ ។​
​លោក​Hu Wei បានលើកឡើង​អំពី​ទំនាក់ទំនង និង ដៃគូ​ជា​យុទ្ធសាស្ត្រ​រវាង​កម្ពុជា និង​ចិន ហើយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២​តែង​យកចិត្តទុកដាក់​ខ្ពស់បំផុត​លើ​ទំនាក់ទំនង​នេះ ។ លោក​បាន​បញ្ជាក់ថា ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិ​ប​ត្ត​កា​រលើ​គ្រប់​វិស័យ ជាពិសេស​ផ្នែក​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំង​២ ត្រូវ​ជម្រុញ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ឲ្យ​កាន់តែ​ជិតស្និទ​ថែមទៀត ហើយ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​និង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ គឺជា​សក្ខីភាព​នៃ​ជំហាន​ថ្មី​នៃ​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​រវាង​រដ្ឋបាល​គយ​ទាំង​២ ។ ឯកឧត្តម​ក៏បាន​ចែករំលែក​បទពិសោធ​នៃ​ការកែទម្រង់​រចនាសម្ព័ន្ធ និង​ស្ថាប័ន ក៏ដូចជា​ការធ្វើ​ទំនើបកម្ម​គយ​ផងដែរ ។

​នៅក្នុង​កិច្ចប្រជុំ​នេះ រដ្ឋបាល​គយ​កម្ពុជា និង រដ្ឋបាល​គយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​មតិយោបល់​ពាក់​ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​គយ​ទ្វេភាគី តំបន់ និង​ពិភពលោក (​ក្រោម​ក្របខណ្ឌ​អង្គការ​គយ​ពិភពលោក​) ហើយ​ចែករំលែក​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​និង​ទំនើបកម្ម​នៅក្នុង​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំងពីរ និង​បាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម ​៖

• រួមគ្នា​រៀបចំ​កាលវិភាគ​ការងារ​អនុវត្ត​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ស្របតាម​ខ្លឹមសារ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​និង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ចការ​គយ

• បង្កើត​ចំណុច​ទំនាក់ទំនង​សម្រាប់​ផ្លាស់ប្តូរ​ទិន្នន័យ​ស្ថិតិ និង​ព័ត៌មាន​សម្ងាត់​

• បង្កើត​យន្តការ​រួមគ្នា​លើ​ការទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​និង​បទល្មើស​ឆ្លងដែន​

• សហការ​ផ្លាស់ប្តូរ​ព័ត៌មាន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនៃ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​

• រដ្ឋបាល​គយ​ចិន​នឹង​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​គយ​កម្ពុជា​

• គយ​កម្ពុជា​ត្រៀមខ្លួន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ (BRI)

• ដើម្បី​បង្កើត​យន្តការ​សហ​ប្រតិ​ប​ត្ត​ការ​គយ​ក្រោម​ក្របខ័ណ្ឌ ឡាង​ឆាង​-​មេគង្គ រដ្ឋបាល​គយ​ចិន​នឹង​រៀបចំ​សេចក្ដីព្រាង TOR ហើយ​រដ្ឋបាល​គយ​កម្ពុ​ជា​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ និង​ត្រៀមខ្លួន​ផ្ដល់​ធាតុ​ចូល​លើ TOR នោះ

• រដ្ឋបាល​គយ​ទាំង​២​នឹង​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​ក្នុង​គម្រោង “​ប្រតិបត្តិការ​រួមគ្នា​” (Joint Operations) ដែល​រៀបចំឡើង​ដោយ​អង្គការ​គយ​ពិភពលោក (WCO) ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លងដែន និង​ការពង្រឹង​សន្តិសុខ​ក្នុង​តំបន់ និង​សកលលោក​ជាដើម ។​

ជា​កិច្ចបញ្ចប់ ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់ និង​សារសំខាន់​នៃ​កិច្ចប្រជុំ​ទ្វេភាគី​នេះ ដែល​បាន​រៀបចំឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​កំណើន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ហើយ​រដ្ឋបាល​គយ​នៃ​ប្រទេស​ទាំងពីរ​មាន​តួនាទី និង​ភារកិច្ច​ក្នុងការ​អនុវត្ត​គោលនយោបាយ​និង​កិច្ចព្រមព្រៀង​សហ​ប្រតិ​ប​ត្ត​ការ​នានា ជាពិសេស​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×