Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​នៃ​ប្រទេស​តាជី​គី​ស្ថាន បញ្ជាក់​ពី​គោលបំណង​ចង់​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ

spot_img

នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​វិមាន​ប្រធានាធិបតី​នៃ​ប្រទេស​តាជី​គី​ស្ថាន (Tajikistan) សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ជាមួយ ឯកឧត្ដម អ៊ីម៉ូម៉ាលី រ៉ា​ម៉ុ​ន (Emomali Rahmon) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​តាជី​គី​ស្ថាន​។​

​ក្នុងជំនួប​នោះ លោក​ប្រធានាធិបតី​តាជី​គី​ស្ថាន ​បាន​សំដែង​នូវ​ការស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​។ ឯកឧត្តម បានបង្ហាញ​នូវ​បំណងប្រាថ្នា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​កម្ពុជា​។

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ដែល​បាន​អញ្ជើញសម្ដេច និង​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី និង​អរគុណ​ចំពោះ​ការ​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្តៅ​ចំពោះ​សម្ដេច​និង​គណៈប្រតិភូ​កម្ពុជា​ទាំងមូល​ហើយ​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ដែល​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​។

​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​បាន​ចុះហត្ថលេខា​ក្នុង​ការកសាង​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៩៥​មក តែ​រហូតមក​ដល់ពេលនេះ​យើង​ក៏​មិនមាន​កិច្ចសហប្រតិបត្តិការ​អ្វី​ជា​ដុំកំភួន​នោះទេ​។ សម្ដេច​តេ​ជោ​នាយក​មន្ត្រី​បាន​លើក​ជាការ​ផ្ដួចផ្ដើម​មួយចំនួន​ដូចខាងក្រោម​៖

​ទី​១) ដោយសារតែ​យើង​មាន​បញ្ហា​ក្នុងការ​ស្នើសុំ​តែងតាំង​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​ទាំង​២ ដូច្នេះ​យើង​ត្រូវយក​ឯកអគ្គរដ្ឋទូត​ពី​ប្រទេស​នៅក្បែរៗ​នេះ​ដើម្បី​មកកាន់​ទីក្រុង​នៃ​ប្រទេស​ទាំងពីរ ហើយ​ក្នុងនោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់ថា នឹង​តែងតាំង​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​ម៉ូស្គូ​មកកាន់​ប្រទេស​តាជី​គី​ស្ថាន​។

​ទី​២) ដោយ​សភាពការណ៍​អន្តរជាតិ​បច្ចុប្បន្ន​ត្រូវការ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ពិភាក្សាគ្នា​គំនិត​នយោបាយ​ដើម្បី​សម្របសម្រួល​ដើម្បី​ការពារ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក រួមទាំង​ពិនិត្យ​លើ​ការ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ចូរ​ស្នើ​ឲ្យ​ប្រទេស​ទាំងពីរ​ពិនិត្យ​លទ្ធភាព​រៀបចំ​ឲ្យ​មាន​អនុស្សរណៈ​មានការ​យោគយល់​គ្នា​មួយ​ដើម្បី​ឲ្យ​លឿន​ជាពិសេស​ដើម្បី​ពិនិត្យមើល​លទ្ធភាព​នៅ​ការ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​វិនិយោគ វប្បធម៌ និង​ទេសចរណ៍​ជាដើម​។

​ទី​៣) ស្នើសុំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទស្សនៈ​កិច្ច​ពិនិត្យ​ពិគ្រោះ​យោបល់​គ្នា និង​យល់ដឹង​គ្នា​កាន់តែច្រើន​ថែមទៀត​។ ជាមួយគ្នា​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​ក្នុងនាម​ព្រះករុណា​ព្រះមហាក្សត្រ​ស្នើសុំ​គោរព​អញ្ជើញ ឯកឧត្តម​ប្រធានាធិបតី​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នៅពេល​ខាងមុខ​។

​លោក​ប្រធានាធិបតី​បានបញ្ជាក់​ពី​គោលបំណង​ចង់​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​គ្រប់​វិស័យ និង​បាន​ឯកភាព​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​តេ​ជោ​តេ​ជោ​ក្នុងការ​តែងតាំង​ឯកអគ្គរដ្ឋទូត ក្នុងនៃ​ប្រទេស​ផ្សេង​នៅ​ជិត​នេះ ទៅកាន់​ទីក្រុង​នៃ​ប្រទេស​ទាំងពីរ និង​ឯកភាព​ឲ្យ​មាន​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ឲ្យ​បាន និង​មានការ​ណែនាំ​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន​ឲ្យ​បង្កើត​ក្រុមការងារ​ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយនឹង​សម​ភាគី​ក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម វិនិយោគ វិស័យ​ឧស្សាហកម្ម ជាពិសេស​ប្រទេស​តាជី​គី​ស្ថាន​នឹងធ្វើ​ការនាំ​ចូល​ក្រណាត់ និង​សម្លៀកបំពាក់​ពី​ប្រទេស​កម្ពុជា​ផងដែរ​។ លោក​ក៏បាន​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្នុងប្រទេស​តាជី​គី​ស្ថាន តាម​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា ដើម្បី​ការពារ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​គំនិត​ផ្ដួចផ្ដើម​នានា ហើយនឹង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ ជាពិសេស​ក្នុងការ​បង្កើត​នូវ​គណៈកម្មការ​ចម្រុះ​ដើម្បី​គាំពារ​ការវិនិយោគ និង​អរគុណ​ដែល​ឯកឧត្តម​បានបង្ហាញ​ពី​បំណង​ចង់​ទិញ​នាំចូល​នូវ​សំលៀកបំពាក់ ក្រណាត់​ពី​កម្ពុជា ហើយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថាស​ម្ដេច​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​តាជី​គី​ស្ថាន​ជាថ្មី​ម្ដងទៀត នឹង​ចុះហត្ថលេខា​លើ​អ្វីដែល​យើង​បាន​ព្រមព្រៀងគ្នា​នោះ​ពេលខាងមុខ​បន្តទៀត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×