Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ចងចាំ​នយោបាយ ឈ្នះ​-​ឈ្នះ ២៩​ធ្នូ ខួប​១៩​ឆ្នាំ ជា​ថ្ងៃ​បញ្ចប់​សង្គ្រាម​ស៊ីវិល នៅ​កម្ពុជា​ទាំងស្រុង​

spot_img

​ភ្នំពេញ ៖​នៅ​ថ្ងៃ​២៩​ធ្នូ​នេះ​គឺជា​ខួប​ឆ្នាំ​ទី​១៩ នៃ​ថ្ងៃ​បញ្ចប់​សង្គ្រាម​ស៊ីវិល និង​ទទួល​បាន​សន្តិភាព​ពេញលេញ​នៅ​កម្ពុជា ដោយ​នយោបាយ​ឈ្នះ ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ ។​

​បើ​តាមផេក​ហ្វេស​ប៊ុក​ផ្លូវការ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែងថា ថ្ងៃទី​២៩ ខែ​ធ្នូ​នេះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ “​ឈ្នះ​ទាំងអស់គ្នា​”​។ នៅពេលនោះ ទោះបី​យើង​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) នៅ​បន្ត​គ្រប់គ្រង​តំបន់​មួយចំនួន​ដែល​ពួកគេ​កាន់កាប់​ជាមួយនឹង​គ្រឿង​អាវុធ​យុទ្ឋភ័ណ្ឌ​យ៉ាង​ច្រើនសន្ឋឹក​សន្ឋាប់​។ នៅពេល​នោះ​ពួកគេ​ក៏​នៅ​បន្ត​បង្ក​សកម្មភាព​គ្រោះថ្នាក់​ជា​ច្រើន​ដល់​ប្រទេស ជាតិ និង​បង្ក​ការភ័យខ្លាច​ដល់​ភ្ញៀវទេសចរ​បរទេស​ផងដែរ​។​

​សម្តេច​បាន​ថ្លែងថា ដើម្បី​បញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង និង​ដើម្បី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ​ទាំងមូល ទើប​នៅ​ថ្ងៃទី ២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ដាក់​ចេញ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​ធានា​ដល់​អាយុជីវិត និង​កម្ម​សិទ្ឋិ​នានា​របស់​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ (​ខ្មែរក្រហម​) នៅ​ពេល​ពួកគេ​ទម្លាក់​អាវុធ​វិល​មក​រួមរស់​នៅក្នុង​សង្គម​ជាតិ​ក្រោម​ដំបូល​នៃ​រាជរដ្ឋាភិបាល​តែមួយ និង​នាយករដ្ឋមន្ត្រី​តែមួយ ទើបបាន​ធ្វើ​អោយ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព​ពេញលេញ​រហូតមក​ទល់​សព្វថ្ងៃនេះ​។​

​នយោបាយ ឈ្នះ​-​ឈ្នះ គឺ​ខ្មែរ​ទាំងអស់​គ្នា​ឈ្នះ កម្ពុជា​ទាំងមូល​មាន​សុខសន្តិភាព ហើយ​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មាន​ឱកាស​ច្រើន​ឡើង​ក្នុង​ការកសាង​សង្គម​គ្រួសារ និង​អភិវឌ្ឍន៍​ប្រទេស​អោយ​កាន់តែ​រីកចម្រើន​។​

​ពេលនោះ​មាន​ព្រឹត្តិការណ៍​ដ៏​សំខាន់ និង​ជា​ប្រវត្តិសាស្ត្រ ថ្ងៃទី​២៩ ធ្នូ ១៩៩៨ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឲ្យ​មេដឹកនាំ​ខ្មែរក្រហម នួន ជា ខៀវ សំផន ចូល​ជួប​ដើម្បី អះអាង​បញ្ជាក់​អំពី​ការបញ្ចប់​សកម្មភាព​ដោយ​កម្លាំង​ខ្មែរក្រហម ជ្រុលនិយម​ដែល​នៅ​សេសសល់​។ ថ្ងៃ​នោះ​ហើយ ដែល​យើង​ប្រាកដ​ក្នុង​ចិត្ត​ថា លែង​មាន​ការបារម្ភ​អំពី​ការវាយប្រហារ ការធ្វើ​សកម្មភាព​ដោយ​យោធា ឬក៏​វិនាសកម្ម​ផ្សេងៗ​ទៀត នៅ​ទូទាំង​ប្រទេស​។​

​ថ្ងៃកំណើត​ទី​១​របស់​យើង​ម្នាក់ៗ​គឺ​ពេល​ចេញពី​ផ្ទៃ​ម្តាយ​…​។ បន្ទាប់​មក​ថ្ងៃ​៧ មករា ១៩៧៩ យើងទាំងអស់គ្នា តែង​បាន​កំណត់​ថា ជា​ថ្ងៃកំណើត​ទី​២ របស់​យើង​ដែល​ត្រូវបាន​រំដោះ​ខ្លួន ជីវិត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត ដ៏​ព្រៃផ្សៃ​និង​សាហាវយង់ឃ្នង​គ្មាន​ពីរ​ក្នុង​លោក​។ ទន្ទឹមនេះ យើង​ក៏​ឃើញថា សង្គ្រាម​ស៊ីវិល​នៅ​មិនទាន់​បាន​ពន្លត់​ទាំងស្រុង និង​នៅតែ​មាន​បន្ត​ការ បាត់បង់​ជីវិត គ្រោះថ្នាក់ និង​វិនាសកម្ម​មួយចំនួន​ថែមទៀត​។​

​គួរបញ្ជាក់​ថា​៖​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៥ សម្តេច​តេជោ​ហ៊ុន សែន ក៏​បាន​បញ្ជាក់​និង​ពន្យល់​បន្ថែម​ពី អត្ថន័យ​នយោបាយ​ឈ្នះ ឈ្នះ​ដ៏​ជាក់ច្បាស់​ទៀតថា​៖ “…​ខ្ញុំ​ក៏​សូម​លើក​បង្ហាញ​ថា ហេតុអ្វី​បាន​ជា​នាយករដ្ឋមន្ត្រី មាន​ការចាំបាច់​ទទួល​មេដឹកនាំ​ខ្មែរក្រហម​មកដល់​ផ្ទះ​? ខ្ញុំ​មាន​បំណង​ផ្ញើ​សារ ០៣​យ៉ាង ជូន​ចេញទៅ​ក្រៅ​៖ ទី​១-​ជូន​ទៅ​អ្នក​ដែល នៅ​សេសសល់​ឲ្យ​បញ្ឈប់​ការប្រយុទ្ធ​ទៅ ព្រោះ​មេដឹកនាំ​របស់​អ្នក​បាន​ចុះ​ចូលដល់ ផ្ទះ​នាយករដ្ឋមន្ត្រី​ហើយ​…​។​
​ទី​២៖ ចង់​ជូនទៅ​ប្រជាជន​កម្ពុជា ដែល​ធុញទ្រាន់​ជាមួយនឹង​សង្គ្រាម​យូរណាស់​មកហើយ​ថា សង្គ្រាម​ចប់​ហើយ​…​។ ទី​៣៖ ចង់​ជូន​ដល់​សហគមន៍​អន្តរជាតិ សូម​មក​វិនិយោគ និង​ធ្វើ​ទេសចរ​មក​កម្ពុជា ព្រោះ​កម្ពុជា​ចប់​សង្គ្រាម​ហើយ​…”​។​

​យើង​ពិតជា​អាច​ទទួល​ស្គាល់​ដ៏​មុតមាំ​ថា ថ្ងៃទី​២៩ ខែ​ធ្នូ ១៩៩៨​នោះ​ហើយ គឺជា​ថ្ងៃកំណើត​ទី​៣​មួយទៀត សម្រាប់​ជីវិត​របស់​យើង ដែល​អាច​ទទួលបាន នូវ​សុខសន្តិភាព​ពេញលេញ ទៅ​ណា​ក៏​បាន​គ្រប់​ទីកន្លែង ហើយ​អាច​ប្រមូលផ្ដុំ​អភិ​វ​ឌ្ឃ និង​កសាង​ស្រុកទេស​ដោយ​លែង​បារម្ភ​នូវ ការ​ប៉ះ​ប្រយុទ្ធ ដោយ​គ្រាប់កាំភ្លើង ឬ​ពួនស្ទាក់​ឬ​សកម្មភាព​នានា​ដែល​ប៉ះពាល់​ដល់​អាយុជីវិត​។ យើង​គប្បី​ផ្ដល់​នូវ​តម្លៃ​ដ៏​ខ្ពង់ខ្ពស់ មិន​អាច​កាត់ថ្លៃ​បាន​នូវ​ទិវា​នោះ ដែល​អាច​ចាត់ទុកថា ថ្ងៃទី​២៩ ខៃ​ធ្នូ ឆ្នាំ​១៩៩៨ ជា​ទិវា​នៃ​នយោបាយ​ឈ្នះ ឈ្នះ ដោយ​ទទួល​បាន​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​ដែល​មាន​តម្លៃ​ធំធេង​ឥតឧបមា​។​

​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ តែង​រំលឹក​ជា​ញឹកញយ​ថា​៖ “…​យើង​គប្បី​ខិតខំ​ចងចាំ​រំលឹក និង​កត់ត្រា​នូវ​ប្រវត្តិការណ៍​នានា ដែល​បាន​មក​ដោយ​នយោបាយ​ឈ្នះ ឈ្នះ គឺ​បាន​មក​ដោយ​ថ្ងៃ​មួយ​នោះ ដែល​ជា​ការទន្ទឹងរង់ចាំ​ជា​យូរណាស់​មកហើយ នូវ​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង និង​ជា​ស្ថាពរ​ក្នុង​មាតុភូមិ​កម្ពុជា​នេះ​…”​។ ដូច្នេះ​សារៈសំខាន់​នៃ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ ពិតជា​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ មិន​ត្រឹមតែ​សម្រាប់​ប្រជាជាតិ​យើង​ទេ តែ​ជា​ន័យ​រួម​នៃ​សន្តិភាព ន័យ​រួម​នៃ​ការអភិវឌ្ឍ ដែល​គប្បី​ខិតខំ​ថែរក្សា​ការពារ ឱ្យបាន​ដាច់ខាត​ដោយ​រៀនសូត្រ ឱ្យបាន​ច្រើន​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​នានា ដែលជា​មូលហេតុ​នាំឱ្យ​មាន​ការ​ប្រទូស្ត​រាយ ការ​បាក់បែក​នៃ​សង្គ្រាម ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ជាថ្មីទៀត​។​

​បើសិនជា​យើង​មិន​បាន​យល់​ច្បាស់​នូវ​អត្ថន័យ​ពិតប្រាកដ​នៃ​នយោបាយ​ឈ្នះ ឈ្នះ និង​អត្ថន័យ​ពិតប្រាកដ​នៃ​ទិវា​២៩ ធ្នូ ១៩៩៨ ដែល​ចាត់ទុកថា កាលបរិច្ឆេទ​នៃ​នយោបាយ​ឈ្នះ ឈ្នះ ប្រវត្តិសាស្ត្រ​អាច​នឹង​សារ​ដាន អាច​ត្រឡប់មកវិញ​។ ការជាន់​ដាន​នៃ​ប្រវត្តិសាស្ត្រ​នេះ អាច​នឹង​
បង្ករ​នូវ មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ ដល់​ប្រជាជាតិ​យើង​ផង​ដែរ​។​

​ប្រការ​ដែល​ត្រូវ​ខិតខំ​ចងចាំ​នូវ​ទិវា​នយោបាយ​ឈ្នះ ឈ្នះ និង​អត្ថន័យ​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​នេះ ព្រោះ​យើង​ក៏​ដឹង​ច្បាស់​ដែរ​ថា តាម​ជំនាន់​នី​មួយៗ គឺ​មាន​ការឆ្លងកាត់រ​ស​ជាតិ​ខុសគ្នា នៃ​ព្រឹត្តិការណ៍​ជីវិត​។ អ្នក​ជំនាន់​មុន ដែល​បាន​ឆ្លងកាត់​ជា​ច្រើន សោកនាដកម្ម និង​ជា​ជនរងគ្រោះ នៃ​ព្រឹត្តិការណ៍ ដ៏​អនោច​អ​ធម ដ៏​គ្រោះថ្នាក់ អាច​យល់​ដឹង​ច្បាស់លាស់​។ អ្នក​ដែល​កើត​ក្រោយ​ថ្ងៃ ៧ មករា ១៩៧៩ ពិតជា​ពុំ​អាច​យល់​អស់ពី​ព្រឹត្តិការណ៍​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ និង​ព្រឹត្តិការណ៍​មុនៗ​ដោយ​ផ្ទាល់​ទេ​។ ឯ​អ្នក​ដែល​កើត​ក្រោយៗ​មកទៀត​នា​ទស្សវត្សរ៍​ឆ្នាំ​១៩៩០ និង​សហសវត្ស​រ៍ថ្មី ក្រោយ​ឆ្នាំ​២០០០ ក៏​កាន់តែ​យល់ មិន​អស់​ច្បាស់ បន្ថែមទៀត នូវ​អ្វី​ដែល​អ្នក​មុន​បាន​ធ្លាប់​ឆ្លងកាត់​ដែរ ពិសេស​ដំណើរការ​អនុវត្ត​នយោបាយ​ឈ្នះ ឈ្នះ ក្រៅ​អំពី​ការសិក្សា​រៀនសូត្រ ការកត់ត្រា​អំពី​អ្នក​ដែល​បាន​ឆ្លងកាត់​ហើយ​តាមរយៈ​សាច់ញាតិ​គ្រួសារ សាច់​សារ​លោហិត​និង​ប្រវត្តិសាស្ត្រ​នេះ​ឯង​។​

​ដូច្នេះ​តាម​ដំណាក់កាល​នីមួយៗ​នេះ សម្រាប់​អ្នក​ត្រូវ​បន្តវេន​ជំនាន់​ក្រោយ ហើយ​អ្នក​ដែល​មិន​បាន​ឆ្លងកាត់​អាច​នឹង​ផ្ដល់​ឱ្យ​ទទួល​បាន​យល់​កាន់តែច្បាស់ នូវ​គុណ​តម្លៃ​ដ៏​ធំធេង និង​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នៃ​នយោបាយ​ឈ្នះ ឈ្នះ​បន្ទាប់​ពី​ថ្ងៃ ៧​មករា ១៩៧៩​ផងដែរ​។ ដូចនេះហើយ​ទើប​ទិវា​នយោបាយ​ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ គឺជា​ថ្ងៃកំណើត​ទី​៣​សម្រាប់​ចង​ចាំ និង​រំលឹក​និង​ការពារ​ការអនុវត្ត​គោល​នយោបាយ​ឈ្នះ ឈ្នះ​ក្នុង​បរិបទ​ថ្មីៗ​ទៀត ដើម្បី​ធានាបាន នូវ​សុខសន្តិភាព កា​អភិវឌ្ឍន៍​ដ៏​យូរអង្វែង​ត​ទៅ​មុខ​សម្រាប់​ជាតិ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​យើង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×