Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ ដើម្បី​ទាញយក​ប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​

spot_img

​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ថ្លែងថា នឹង​យ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​” ទៅ​អនុវត្ត​ដោយ​ឈរ​លើ​ស្មារតី​ទទួលខុស​ត្រូវ​ទាំង​ការងារ​ច្បាប់ បច្ចេកទេស និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ទាញយក​ប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​។​

​នៅ​វិមាន​រដ្ឋ​សភា នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​អញ្ជើញ​ចូលរួម​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី “​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​” នៅ​វិមាន​រដ្ឋ​សភា ដែល​កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។ ក្នុងនាម​ដ៏​ខ្ពង់ខ្ពស់​នៃ​រាជ រដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា​ដែល​បានអនុញ្ញាត​ឲ្យ​ដាក់​ឆ្លង​កិច្ចប្រជុំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ នាពេលនេះ​។

​លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​សេចក្តីថ្លែងហេតុ និង​ជម្រាបជូន​អង្គប្រជុំ​នូវ​ប្រវត្តិ​សង្ខេប និង​ខ្លឹមសារ​សំខាន់ៗ​នៃ​សេចក្តីព្រាងច្បាប់​នេះ​ថា​÷ សេចក្តីព្រៀងច្បាប់​ស្តីពី “​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​” មាន​គោលបំណង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ប្រជា​សហគមន៍ ដោយ​ធ្វើ​ការកែប្រែ​ទម្លាប់ និង​ជំរុញ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ពី​ការប្រើប្រាស់​ឈើ​មកប្រើប្រាស់​ឫស្សី និង​ផ្តៅ​វិញ​តាម រយៈ​ការអភិវឌ្ឍ​ផលិតកម្ម ការអភិរក្ស និង​ការកែច្នៃ​ឫស្សី និង​ផ្តៅ តាម​គោលការណ៍​អភិវឌ្ឍ​ឫស្សី និង​ផ្តៅ​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​។ សេចក្តីព្រាងច្បាប់​នេះ​មាន ២២​មា​ត្រ ដែល​គ្របដណ្តប់​ដោយ​ខ្លឹមសារ​ពិស្តារ​អំពី​÷ ទី​១. ប្រវត្តិ​នៃ​អង្គការ​បណ្តាញ​អន្តរជាតិ​ឫស្សី និង​ផ្តៅ ទី​២. គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ ទី​៣. លក្ខន្តិក​នៃ​ការចូល​ជា​សមាជិក ទី​៤. ការ​ត្រៀមលក្ខណ​:​គ្រប់គ្រាន់​មុន​ចូល​ជា​សមាជិក និង​ទី​៥. អត្ថប្រយោជន៍​នៃ​ការចូល​ជា​សមាជិក​។ សេចក្តីព្រៀងច្បាប់​នេះ បាន​ដាក់​ឆ្លង​ពេញអង្គ​គណរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៩ បាន​ដាក់​ឆ្លង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​គណ​:​កម្ម​ការ​ទី​០៣ និង​ទី​០៥ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី ២៧ ខែ​ឧសភា ឆ្នាំ​២០១៩ កន្លងទៅ​។

​តាមរយៈ​កិច្ចព្រមព្រៀង​នេះ យើង​សង្ឃឹម និង​ជឿជាក់​ថា​កម្ពុជា​នឹង​ទទួលបាន​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​មួយ​ដ៏​ល្អ​ក្នុង​ការពង្រឹង​សមត្ថភាព​ការពារ និង​អភិវឌ្ឍ​ធនធាន​ឫស្សី និង​ផ្តៅ​ប្រកប ដោយ​និរន្តរភាព ដើម្បី​ផល ប្រយោជន៍​សង្គម សេដ្ឋកិច្ច និង​ភាតរ​បរិស្ថាន​បៃតង រួម​ទាំង​ការអភិរក្ស​ជីវៈចម្រុះ​និង​មរតក​វប្បធម៌​ជាតិ​ផង​ដែរ​។ បន្ទាប់ពី​បាន​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​នេះ​យ៉ាង​ផុលផុស​រួចមក កិច្ចប្រជុំ​រដ្ឋសភា នីតិកាល​ទី​៦ សម័យប្រជុំ​លើក​ទី​០២ បានសម្រេច​អនុម័ត​ជា​ស្ថាពរ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី “​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​” ដោយ​ទទួលបាន​សម្លេង​គាំទ្រ ១០៧ លើ ១០៨​។

​លោក​រដ្ឋមន្ត្រី​បាន​គោរព​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​ពញា​ចក្រី​ប្រធានព្រឹទ្ធសភា ឯកឧត្តម​អនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃ​រដ្ឋសភា ដ៏​ឧត្តុង្គឧត្តម និង​គ្រប់​គណ​:​កម្មា​ធិ​ការ​ទាំងអស់​ដែល​បានអនុម័​ត​យល់ព្រម​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី “​ការបង្កើត​អង្គការ​បណ្ដាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​” នាពេលនេះ លោក​រដ្ឋមន្ត្រី​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​យក​សេចក្តីព្រាងច្បាប់​នេះ​ទៅ​អនុវត្ត​ដោយ​ឈរ​លើ​ស្មារតី​ទទួល ខុស​ត្រូវ​ទាំង​ការងារ​ច្បាប់ បច្ចេកទេស និង​កិច្ចសហប្រតិបត្តិការ ដើម្បី​ទាញយក​ប្រយោជន៍​ជូន​ជាតិ និង​ប្រជាជន​ ៕​ ដោយ ​៖ ​កូឡាប​

spot_img
×