Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា​បាន​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត​

spot_img

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​២ នីតិកាល​ទី​៦ ដើម្បី​ពិភាក្សា​និង​អនុម័ត​របៀបវារៈ​ចំនួន​៦ នៅ​ព្រឹក ថ្ងៃទី​១៧ ខែ​មិថុនា​ឆ្នាំ​២០១៩ ។ ក្នុងចំណោម​របៀបវារៈ​ទាំង​៦​នោះ មាន​ការពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិត ផល​ប្រេងកាត​។​

​សេចក្តីព្រាងច្បាប់​នេះ មាន​សារៈសំខាន់​ក្នុង​ការចាត់ចែង គ្រប់គ្រង ប្រើប្រាស់​ធនធាន​ប្រេងកាត​របស់​កម្ពុជា មក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​។

​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សិក្សា​ស្រាវជ្រាវ​លើ​ធនធាន​ប្រេងកាត​តាំងពី​អំឡុង​ទសវត្សរ៍​ទី​៦០​មក​ម្លេះ ប៉ុន្តែ​ដោយសារ​ប្រទេសជាតិ​ឆ្លងកាត់​សង្គ្រាស​ជា​បន្តបន្ទាប់ ការរុករក​និង​សិក្សា​ស្រាវជ្រាវ​ពី​ធនធាន​ដ៍​មានតម្លៃ​នេះ​បាន​អាក់ខាន​ទៅវិញ​។ មកដល់​ឆ្នាំ​១៩៨៧ សកម្មភាព​ស្វែង​រុករក​ធនធាន​ប្រេងកាត​ត្រូវបាន​ចាប់ផ្តើម​ឡើង​វិញ ហើយ​ចាប់តាំងពី​ដើម​ទសវត្សរ៍​ទី​៩០ សកម្មភាព​ស្វែង​រុករក​ធនធាន​ប្រេងកាត​ត្រូវបាន​ធ្វើឡើង​ជា​បន្តបន្ទាប់​ដោយ​ក្រុមហ៊ុន​អន្តរជាតិ​នានា នៅក្នុង​នោះ​ក្រុមហ៊ុន ឈេ​ហ្វ​រ៉ុន បានប្រកាស​រកឃើញ​ធនធាន​ប្រេង​មាន​លក្ខណៈ​ពាណិជ្ជកម្ម​នៅក្នុង​ប្លុក​អេ ដែនសមុទ្រ​កម្ពុជា នៅ​ឆ្នាំ​២០១០ ហើយ​បច្ចុប្បន្ន​ប្លុក​ប្រេងកាត​នេះ​គ្រប់គ្រង​នឹង​ឈាន​ដល់​ការធ្វើ​ផលិតកម្ម​ដោយ​ក្រុមហ៊ុនគ្រីស​អេនី​ជី នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​រាជរដ្ឋាភិបាល​បាន​តាក់តែង សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត តាំងពី​ឆ្នាំ​១៩៩៦ ដោយ​មាន​ការចូលរួម​គាំទ្រ​ពី​ស្ថាប័ន​អន្តរជាតិ និង​ជាតិ ពិសេស​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​និង​ជាតិ ហើយ​បាន​ឆ្លងកាត់​ការពិនិត្យ​កែសម្រួល​ជា​ច្រើន​ដំណាក់កាល​ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់នេះ មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ទាក់ទាញ​និងផ្គល់​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគទុន និង​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្តរភាព​និង​ប្រសិទ្ធភាព​ក្នុង​ការរួមចំណែក អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ផលប្រយោជន៍​យូរ​អង​ង្វែង​របស់​ប្រទេសជាតិ ស្របពេល​ដែល​ការ​ស្វែង​រុករក​និង​ការអភិវឌ្ឍ​ធន ធាន​ប្រេងកាត​ទាំង​ដែន​គោក​និង​ដែនសមុទ្រ កំពុង​ដំណើរ​ទៅមុខ​ដែល​ក្នុងនោះ​ប្លុក​ប្រេងកាត​មួយ​នៅ​ដែនសមុទ្រ​កំពុង​ឈានទៅរក​ការផលិត​ធនធាន​ប្រេងកាត​លើកទីមួយ ក្នុង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នា​ពេល​ខាងមុខនេះ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត មាន​៩​ជំពូក​និង​៧២​មាត្រា ត្រូវបាន​កែសម្រួល​បន្ថែម​ដោយ​បញ្ចូល​បរិបទ​ថ្មីៗ​មួយចំនួន​ផ្អែកលើ​បទពិសោធន៍​នៃ បណ្តាល​ប្រទេស​ផ្សេងៗ ដូចជា​ប្រទេសន័​រវ៉េ​ស អូស្ត្រាលី ជប៉ុន ឥណ្ឌូណេស៊ី ថៃ វៀតណាម ទីម័​រខាង​កើត ម៉ាឡេស៊ី និង​ប្រ៊ុយណេ ជាដើម​។ បន្ទាប់ពី​បាន​ពិភាក្សា​តាម​នីតិវិធី អង្គសភា​បាន​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត ទាំងមូល​ចំនួន​១០៨​សំឡេង​។​

​ចំពោះ​របៀបវារៈ​ផ្សេងទៀត​គឺ​អង្គសភា បាន ៖

-​ប្រកាស​ទទួលស្គាល់​សុពលភាព​នៃ​អាណត្តិ​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ របស់​ឯកឧត្តម សុខ ផេង ជា​តំណាងរាស្ត្រ​ថ្មី មណ្ឌល​ខេត្ត​ព្រៃវែង ជំនួស​ឯកឧត្តម​ពៅ សាមី ដែល​ទទួលមរណភាព​។​

-​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេស​ស្តីពី ការ ជំរុញ​និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ​។​

-​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម ព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត​ស្តីពី ការជំរុញ​និង​ការការពារ ទៅវិញ ទៅមក​នៃ​វិនិយោគ​។​

-​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី​ស្តីពី ការជំរុញ​និង​ការ ការពារ ទៅវិញទៅមក នៃ​វិនិយោគ​។​

-​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម ព្រៀង ស្តីពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី និង​ផ្តៅ​៕​ ដោយ​៖​កូឡាប​

spot_img
×