ភ្នំពេញ ៖ សម្ដេចក្រឡាហោមសខេងបានមានប្រសាសន៍ថា ម្សិលមិញនៅឧត្តរមានជ័យ គេយកគ្រាប់បេ៤០ ទៅដាក់បង្កៃចោលនៅក្បែរសាលារៀនមួយ ដូច្នេះស្នើដល់សមត្ថកិច្ចពាក់ព័ន្ធស្វែងរកមនុស្សអ្នកដែលដាក់បង្កៃគ្រាប់ បេ 40 ដើម្បីចាប់មកផ្តន្ទាទោស។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យពង្រឹងសន្តិសុខបន្ថែម បន្ទាប់ពីមានការប្រទះឃើញគ្រាប់បេ៤០ (B40) នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានគេដាក់ចោលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៣ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា សកម្មភាពដាក់បង្កៃគ្រាប់បេ៤០នេះ ជាចេតនាបង្កចលាចល បង្កើតភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា គ្រាប់ប្រភេទបេ៤០ ដែលត្រូវបានប្រទះឃើញនេះ ជាគ្រាប់ដែលមិនមានជាតិផ្ទុះនោះទេ ពោលបើទោះបីជាផ្ទុះ ក៏មិនមានអ្នកត្រូវរបួសដែរ។ សម្តេចក្រឡាហោមថា ការដាក់គ្រាប់បេនេះទៀតសោត គឺជាចេតនាមានឧបាយកលមិនល្អ ព្រោះគ្រាប់នេះមានសំឡេងលឺខ្លាំង ដែលបង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
សម្តេច ស ខេង បានបញ្ជាក់ថា រឿងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ឥឡូវហ្នឹងបន្តពង្រឹង ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលក្នុងនោះបញ្ហាជាអាទិភាពស្អី បញ្ហាជាអាទិភាព គឺចោរលួច ចោរប្លន់ ភេរវកម្ម អាហ្នឹងយើងថា វាជាបញ្ហាធំ ប៉ុន្តែវាមិនមានឥទ្ធិពល ឬមានសកម្មភាពនៅបាត់ដំបងទេ ប៉ុន្តែថាមិនត្រូវដែរ ម្សិលមិញនៅឧត្តរមានជ័យ គេយកគ្រាប់បេ៤០ (B40) ប៉ុន្តែបើផ្ទុះទៅអត់មានគ្រោះថ្នាក់ទេ។ ទោះបីយ៉ាងណាក៏ដោយ គេយកសំឡេងផ្ទុះ។ អ៊ីចឹងអ្នកដាក់នោះ ពិតជាមានឧបាយកលមិនល្អហើយ។ ឥឡូវបានប្រមូលយកទុកអស់ហើយ កំពុងរកមនុស្សអ្នកដែលធ្វើហ្នឹងដើម្បីចាប់មកផ្តន្ទាទោស៕ ដោយ៖កូឡាប