Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​លូកដៃ​ខុសច្បាប់​របស់​អ្នកនយោបាយ​កូរ៉េ​លើ​រឿង​ CAMKO CITY ​កាន់តែ​ធ្វើ​ឲ្យ​​មាន​ភាព​ស្មុ​គ្រ​ស្មាញ

spot_img

ភ្នំពេញ ៖ ខណៈពេល​និយាយ​ដល់​រឿង​ក្តីក្តាំ​របស់​ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី ដែលជា​ក្រុមហ៊ុន​កំពុង​វិនិយោគ​ទីក្រុង​រណប​CAMKO CITY​ ដែល​បាននិងកំពុង​អូសបន្លាយ និង​ត្រូវបាន​អ្នកនយោបាយ​កូរ៉េ​ចូលរួម​ពាក់​ព័​ន្ឋ​លើ​កិច្ចការ​នេះ ដែល​ធ្វើ​ឲ្យ​នីតិវិធី​ក្នុង​តុលាការ​កម្ពុជា​កាន់តែ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​។​

នៅក្នុង​ការដាក់​ដំណើរការ​នីតិវិធី​ដើម្បី​បញ្ចប់​នូវ​ជម្លោះ​នេះ អ្វីៗ​កាន់​តែមាន​សភាព​កាន់តែ​អួរ​អាប់ បើទោះបីជា​ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី តែងតែ​បង្ហាញ​សុ​ឆន្ទៈ​ដោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​ក្តី​។ រឿង​វិវាទ​នេះ​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៤ ហើយ​រឿងក្តី​នេះ​បាន​បន្ត​អូសបន្លាយ​រហូត ទល់​ពេលនេះ ខណៈ​សំណុំ​រឿងនេះ​បាន​ឈាន​មកដល់​សាលា​ឧ​ទ្ទ​រណ៍ មុនពេល​រឿងក្តី​នេះ​ត្រូវ​ជំនុំជំ​រះ​បញ្ចប់​។​

លោក ​Kim Sang Joo ​នាយក​គ្រប់គ្រង​ទី​ទៅ​នៃ​គម្រោង ​CAMKO CITY​ បាន​មានប្រសាសន៍ប្រាប់​អ្នក​សារ​ព័​ត៌​មាន​កាលពី​ថ្ងៃទី​១៦ មិថុនា ឆ្នាំ​២០១៩​កន្លងមក​បាន​ឲ្យ​ដឹងថា កន្លងមក សមាជិកសភា​កូរ៉េខាងត្បូង​លោក​Jeon Jae Su ​ដែល​បានមក​កម្ពុជា និង​បាន​ចូលរួម​ក្នុង​សវនាកា​សាលា​ឧ​ទ្ទ​រណ៍​កាលពី​សប្តាហ៍​មុន បាន​ចោទប្រកាន់​ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី ថា ​ជា​អ្នកធ្វើ​ឲ្យ​ធនាគារ​ប៊ូសាន​ដែលជា​ធនាគារ​ផ្តល់​មូលនិធិ​ដល់​ការបង្កើត​ទីក្រុង​រណប​ដំបូង​គេ​នៅ​ក្រុងភ្នំពេញ​ដួលរលំ​។ លោក KIM បាន​ឆ្លើយតប​ថា ការលើកឡើង​របស់​ស​មា​ជិ​ក​សភា​រូបនោះ​គឺ​មិន​ត្រឹមត្រូវ​ទេ ​ព្រោះថា​ក្នុង​គ្រា​នៃ​ការដួលរលំ​របស់​ធនា​គារ​នេះ ទឹកប្រាក់​កម្ចី​ខូច​មាន​ចំនួន​ជាង ៤០០០​លាន​ដុល្លារ​អាមេរិក ខណៈដែល​ទឹកប្រាក់​ប្រហែលជា​ជិត ១៣៧ លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ត្រូវបាន​វិនិយោគ​គម្រោង​ទីក្រុង Camko ​។​

លោក​បាន​ពន្យល់ថា បន្ទាប់ពី​ធនាគារ​ប៊ូសាន​ដួលរលំ ស្ថាប័ន​មួយ​ឈ្មោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ប្រាក់​បញ្ញើរ​កូរ៉េ​Korea Deposit Insurance Corporation(KDIC)​បានទទួល​បន្ទុក​ការងារ​ប្រមូល​កម្ចី​ខូច​ដែល​ធនាគារ​ប៊ូសាន​ធ្លាប់​ផ្តល់​អោយទៅ​គម្រោង​នានា​នៅ​គ្រា​មុន​ក្ស័យធន​។ លោក​បន្តថា ជាការ​កត់សម្គាល់ ស្ថាប័ន​នេះ​ប្រមូលបាន​តិចជាង​៤០​ភាគរយ​នៃ​ទឹកប្រាក់​ដែល​ធនាគារ​ប៊ូសាន បានផ្តល់​ទៅឱ្យ​គម្រោង​ផ្សេងៗ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។ ស្ថាប័ន​នេះ​មិនទាន់បាន​ប្រមូល​កម្ចី ដែល​ខ្លួន​បានឱ្យ​គម្រោង​ទីក្រុង​ Camko​ នៅឡើយ​ទេ ដោយសារ​តែមាន​ការតវ៉ា​ពី​ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី​ទៅលើ​ទឹកប្រាក់​ដែល​ស្ថាប័ន​នេះ បានទាមទារ​លើសលុប​ពី​ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី​។​

​លោក​បន្ថែមទៀតថា ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី​មិនមែនជា​អ្នក​ខ្ចី​កម្ចី​ពី​ធនាគារ​ប៊ូសាន​នោះទេ​។ តាមពិតទៅ​ធនាគារ​នេះ បានផ្តល់​កម្ចី​អោយ​ក្រុមហ៊ុន​កូរ៉េ​មួយ​ឈ្មោះ LMW ហើយ​ក្រុមហ៊ុន LMW នេះ​បានផ្តល់​កម្ចី​មក​ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី​ក្នុង​ទឹកប្រាក់​ចំនួន​ប្រហែលជា ១៣៧ លាន​ដុល្លារ​អាមេរិក​។ ដូច្នេះ ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី​មាន​កាតព្វកិច្ច​ទូទាត់​ប្រាក់​ជូន​តែ​ទៅ​ក្រុមហ៊ុន LMW តែប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន LMW និង​ធនាគារ​ប៊ូសាន​គួរ​ដោះស្រាយ​វិវាទ​ផ្ទាល់ខ្លួន មិន​គួរអោយ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន វើ​លដ៍ ស៊ី​ធី​ទេ​។ ប៉ុន្តែ ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី​ក៌​ចង់​បញ្ចប់​វិវាទ​រវាង​ក្រុមហ៊ុន​ទាំងពីរ​នេះដែរ ទើប​ខ្លួន​បានស្នើ​កាត់​ដី​៥០​ហិកតា​ដែលមាន​តម្លៃ​រហូតដល់​៥០០​លាន​ដុល្លារ​ជូន​ដល់​ស្ថាប័ន ​KDIC ​ក្តី ប៉ុន្តែ​ស្ថាប័ន​នេះ​បានទាមទារ​សំណង​រហូតដល់​៦០០​លាន​ដុល្លារ​ពី​ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី ដែលជា​ការទាមទារ​មិនអាច​ទទួលយកបាន​។​

លោក ​Kim Sang Joo​ បាន​បន្តថា “​ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី​នៅតែ​ស្វាគមន៍ និង​អង្គុយ​ច​ចា​ដើម្បី​បញ្ចប់​សំណុំ​រឿងនេះ ហើយ​គ្មាន​ចេតនា​ណាមួយ ដើម្បី​គេចវេស​មិន​ដោះស្រាយ​នោះទេ​”​។ លោក​បន្តថា “​យើង​ចង់​បញ្ចប់​រឿងនេះ ដើម្បី​អាច​ឲ្យ​ក្រុមហ៊ុន​បន្ត​អភិវឌ្ឍន៍​គម្រោង​នេះ​ត​ទៅមុខទៀត ហើយ​បើ​ទោះ​ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី​ឈ្នះ​រឿងក្តី​នេះ នៅ​តុលាការ​កម្ពុជា​ក៏ដោយ ក៏​ក្រុមហ៊ុន​នៅតែមាន​ចេទនា​បន្ត​ផ្តល់​លុយ​ដែល​ធនាគារ​ប៊ូសាន​នេះ​ផ្តល់​ដល់​គម្រោង​ខាម​ខូ​ត្រលប់​ទៅ​ធនាគារ​នេះ​វិញ​ជាមួយ នឹង​ប្រាក់​បន្ថែម​សមរម្យ​។​

លោក ​Kim បានចាត់ទុក​សមាជិក​សភា​កូរ៉េខាងត្បូង​លោក Jeon Jae Su ដែល​បាន​លូកដៃ​ចូលក្នុង​រឿងនេះ និង​បាន​ទៅកាន់​សាលា​ឧ​ទ្ទ​រណ៍​កាលពី​ថ្ងៃទី​១៤ មិថុនា​កន្លងមកនេះ ជា​បុគ្គល​ប្រើ​អារម្មណ៍​ផ្ទល់​ខ្លួន តាមរយៈ​ការលើកឡើង​ពីអ្វី​ដែល​គាត់​បាន​និយាយថា ដើម្បី​ជួយ​ប្រជាជន​រងគ្រោះ​ជា​ជនជាតិ​កូរ៉េ ប៉ុន្តែ​ការពិត​គាត់​ចង់បាន​ប្រជាប្រិយភាព​ដើម្បី​ប្រជាជន​បោះឆ្នោត​ជូន​គាត់ ព្រោះ​ប្រទេស​កូរ៉េ​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​។​

លោក​បាន​បន្តថា “​ប្រសិនជា​សមាជិកសភា​កូរ៉េ​រូបនេះ​មាន​ចេតនា​ដោះស្រាយ​រឿងនេះ និង​មាន​សុ​ឆន្ទៈ​ដោះស្រាយ​រឿងនេះ​ដើម្បី​ជួយ​ប្រជាជន​កូរ៉េ​ពិតប្រាកដ លោក​គួរ​ជម្រុញ​ស្ថាប័ន KDIC អោយ​ទទួលយក​សំណើរ​ដែល​ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី​បានធ្វើ​ឡើង ដើម្បី​យក​ជូន​ប្រជាជន​កូរ៉េ ដែល​លោក​អះអាងថា​ពួកគេ​ជា​អ្នករងគ្រោះ​”​។​
លោក​ Kim Sang Joo ​បាន​បន្ត​ឲ្យ​ដឹងថា “​តុលាការ​កម្ពុជា​ក៏​ធ្លាប់​ព្យាយាម​សម្របសម្រួល​រឿងនេះ​ផងដែរ ប៉ុន្តែ​KDIC​ បន្ត​បដិសេធ ហើយ​ក្រុមហ៊ុន​វើ​លដ៍ស៊ី​ធី​ក៏​ព្យាយាម​សម្របសម្រួល​និង​ច​ចា​ដើម្បី​បញ្ចប់​ក្តីក្តាំ​នេះ​ផងដែរ​”​។​
​ទាក់ទង​ករណី​អគ្គនាយក​ក្រុមហ៊ុន​នេះ ត្រូវ​ប៉ូលីស​ស្វែងរក​ចាប់ខ្លួន លោក ​Kim Sang Joo​ បាន​ពន្យល់ថា KDIC បានដាក់​បណ្តឹងរដ្ឋប្បវេណី (​ការលុបចោល​ទង្វើ​គៃបន្លំ​) ប្រឆាំងនឹង​វិនិយោគិន​របស់​ក្រុមហ៊ុន LMW និង​បាន​ចោទប្រកាន់​លោក​Lee អគ្គនាយក​ក្រុមហ៊ុន LMW ដោយ​ខុស​ប្រក្រតី ទៅកាន់​ការិយាល័យ​អយ្យការ មុនពេល​ធ្វើការ​សន្និដ្ឋាន​សំណុំរឿង​រដ្ឋ​ប្ប​វេ​​ណី​នេះ​។ ការិយាល័យ​អយ្យការ​បានស្នើ​សុំឱ្យ​លោក ​Lee ​ចូលរួមក្នុង​នីតិវិធី​សាកសួរ ប៉ុន្តែ​លោក ​Lee បានស្នើ​សុំឱ្យ​មានការ​យោគយល់ ដោយ​លោក​បានលើកឡើង​ពី​ស្ថានភាព​បន្ទាន់​របស់​គម្រោង ដែល​មិន​អនុញ្ញាតឱ្យ​លោក​អវត្តមាន​ពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​បង្ហាញខ្លួន​បាន​នោះទេ​។ លោក ​Lee បានបង្ហាញ​ពី​បំណង​របស់គាត់​ក្នុង​ការផ្ញើ​អំណះអំណាង​ជា​លាយលក្ខណ៍អក្សរ​ជំនួស​វិញ​ដើម្បី​ជាការ​ឆ្លើយតប​នឹង​សំណួរ​របស់​ការិយាល័យ​អយ្យការ​។ ប៉ុន្តែ​យ​ការិយាល័យ​អយ្យការ​មិន​ពិចារណា​ឱ្យបាន​ច្បាស់លាស់​អំពី​ភាពចាំបាច់​របស់​គម្រោង​នោះទេ គឺ​ព្យាយាម​ធ្វើ​បត្យាប័ន​លោក ​Lee តាមរយៈ​ការចេញ​ដីកាចាប់ខ្លួន និង​ការទទួលបាន “​ប្រតិវេទន៍​ក្រហម​” ពី​ប៉ូលិស​អាំងទែ​ប៉ូល​។ តាមពិតទៅ សំណុំ​រឿងនេះ​គឺជា​ប់​ពាក់ព័ន្ធ​ថា តើ​ការសង​បំណុល​របស់​ LMW ជា​ទង្វើ​គៃបន្លំ​តាមច្បាប់​រដ្ឋប្បវេណី​ដែរ​ឬ​យ៉ាងណា​។ ដូច្នេះ សំណុំ​រឿងនេះ​គួរតែ​ត្រូវ​សម្រេច​ដោយ​តុលាការ​រដ្ឋប្បវេណី​មិនមែន​តុលាការ​ព្រហ្មទណ្ឌ​នោះទេ​។

លោក​បន្តថា “​ករណីបែបនេះ​ធ្លាប់​ត្រូវបាន​ធ្វើឡើង​ម្តង​រួចមក​នៅ​អយ្យការ​តុលាការ​កំពូល​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ​២០១១ ប៉ុន្តែ​តុលាការ​កំពូល​ប្រទេស​កូរ៉េ​សម្រេច​ថា លោក Lee​គ្មាន​ទោស​ពៃ​ទេ ហើយ​សំណុំរឿង​នោះ​ក៏បាន​បញ្ចប់​។ ប៉ុន្តែ​ពេលនេះ​ពួកគេ​បានរៀបចំ​ជាថ្មី ធ្វើយ៉ាងណា​ដើម្បី​ចាប់ខ្លួន​លោក​Lee ឲ្យ​បាន​សិន​”​។​

លោក ​Kim Sang Joo ​បាន​បន្តថា តាមពិត​ស្ថាប័ន ​KDIC​ មិនមាន​សមត្ថភាព ឬ​មូលដ្ឋាន​ណាមួយ​ដើម្បី​ប្រមូល​លុយ​នោះទេ ហេតុនេះហើយ​ទើប​ពួកគេ​យក​សមាជិកសភា​កូរ៉េ​មក​ចូលរួម​ដើម្បី​បង្កើត​ឲ្យ​មានការ​ចាប់អារម្មណ៍​។ ទី​២ ក្រុមហ៊ុន​វើ​លដ៍ ស៊ី​ធី​ចង់​បញ្ជាក់ថា​យើង​នៅតែមាន​ឆន្ទៈ​សង​ត្រលប់​ទៅតាម​ទំហំ​សាច់ប្រាក់​តាម​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​បញ្ចប់​រឿងក្តី​នេះ ទី​៣ យើង​ជឿជាក់ថា​តុលាការ​កម្ពុជា​នឹង​ផ្តល់នូវ​យុ​ត្តិ​ធ៌​ម​ដល់​សំណុំ​រឿងនេះ និង​មិន​រង​សម្ពាធ​ណាមួយ​ពី​ភាគី​ណា​នោះទេ​។​

ជាមួយគ្នានេះ​លោក បាន​សំណូមពរ​ដល់​រដ្ឋាភិបាល​កម្ពុជា មេត្តា​ផ្តោត​ការយកចិត្តទុកដាក់ និង​គាំទ្រ​ដល់​គម្រោង​ទីក្រុង​រណប ​CAMKO ដែលជា​គម្រោង​ធំជាងគេ​នៅ​កម្ពុជា ដែល​បានផ្តល់​ការអភិវឌ្ឍ និង​ផ្លាស់ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ និង​បានផ្តល់​ការងារ​និង​ប្រាក់ចំណូល​ជាច្រើន​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ពាក់​ព័​ន្ឋ​ដទៃទៀត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×