Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ខេត្តមណ្ឌលគិរី បាន​អះអាងថា មាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៣ នៅ​ស្រុក​កោះ​ញ៉ែ​ក កំពុង​ប្រមូល​កាប់​ឈើ​ខុសច្បាប់​

spot_img

​ខេត្តមណ្ឌលគិរី ​៖ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច រស់នៅក្នុង​ស្រុក​កោះ​ញ៉ែ​ក បានផ្តល់​ព័ត៌មាន​មក​ថា មាន​ក្រុមហ៊ុន​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន​៣ នៅ​ស្រុក​កោះ​ញ៉ែ​ក កំពុង​ធ្វើ​សកម្មភាព​ប្រមូល​កាប់​ឈើ​ខុសច្បាប់ រួច​ដឹក​ចូលក្នុង​ដី​បរិវេណ​ក្រុមហ៊ុន ដើម្បី​បំ​លែង​ឈើ​ខុសច្បាប់​នោះ ឱ្យក្លាយ​ទៅជា​ឈើ​ស្របច្បាប់ រួចហើយ​ដឹក​ចេញ​តាម​រថយន្ត​ធំៗ រាប់រយ​គ្រឿង ក្នុង​១​ខែៗ ចេញទៅ​ក្រៅប្រទេស​។​

​បទល្មើស​ព្រៃឈើ​អនាធិបតេយ្យ ដែល​អាច​បន្តធ្វើ​សកម្មភាព​រាល់ថ្ងៃ នៅ​ខេត្តមណ្ឌលគិរី ដោយ​គ្មាន​ការហាមឃាត់ គឺ​ត្រូវបាន​មជ្ឈដ្ឋាន​នានា បានដឹង​ជា​យូ​ឆ្នាំ​មកហើយ ប៉ុន្តែ​ពួកគេ​មាន​ចម្ងល់​ថា បែរជា​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណាមួយចេញមុខ​ចុះបង្ក្រាបឱ្យមាន​ប្រសិទ្ធភាព​នោះទេ​។​

​ត្រង់ចំណុច​នេះ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច និង​ប្រជាពលរដ្ឋ រស់នៅ​ខេត្តមណ្ឌលគិរី បានដាក់​ការសង្ស័យថា ក្រុម​ឧក​ញ្ញ៉ា ឬ​ឈ្មួញ រកស៊ី​កាប់​ឈើ​ខុសច្បាប់​មួយចំនួន​នោះ ទំនងជា​បាន​យកលុយ​ទៅ​ញ៉ុ​ក​ភ្នែក​មន្ត្រី​ទាំងនោះ​ហើយ​មើលទៅ ទើបបានជា​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​នោះ ង​ងឹត​ភ្នែក​មើល​អ្វី​មិនឃើញ ដូច​ដេកលក់​បែបនេះ​។​

​ទាក់ទិន​បញ្ហា​នេះ សមាជិក​សហគមន៍​ម្នាក់ ថ្លែង​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន យ៉ាន​ថាវ ខេ​ម​បូ​ឌា ដែលមាន​ម្ចាស់​ឈ្មោះ ZHANG WENIAO និង ក្រុមហ៊ុន ថាច់​វូដ ខេ​ម​បូ​ឌា​ខូ​អិ​ល​ធី​ឌី មាន​នាយក​ក្រុមហ៊ុន​ឈ្មោះ SONG WENZHANG ដែល​ទីតាំង​ក្រុមហ៊ុន​ទាំងពីរ​នេះ ស្ថិតនៅក្នុង​ស្រុក​កោះ​ញ៉ែ​ក កំពុង​ធ្វើ​សកម្មភាព​ដាក់ពង្រាយ​កម្លាំង​កម្មក​រទាំង​ខ្មែរ និង​ជនជាតិ​បរទេស​ជាច្រើន​នាក់​ចូលទៅ​នៅក្នុង​ព្រៃ ដើម្បី​ធ្វើ​សកម​ក្ម​ភាព​កាប់រំលំ​ដើមឈើ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​យ៉ាងសកម្ម​។ ហើយ​ថា ក្រោយមក ក៏បាន​ដឹកឈើ​ខុសច្បាប់​ទាំងនោះ ចូលក្នុង​បរិវេណ​ក្រុមហ៊ុន​ទាំង ៣ ទាំងយប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ការរំខាន​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​នោះទេ​។​

​ប្រភពព័ត៌មាន​ដដែល​បន្តថា ក្រុមហ៊ុន​ទាំង​៣​នោះ​រួមមាន​៖ ក្រុមហ៊ុន យ៉ាន​ថាវ , ក្រុមហ៊ុន ថាច់​វូដ និង​ក្រុមហ៊ុន ប៉ា​ស៊ី​ភិ​ក​។​

​ប្រភពព័ត៌មាន​ឱ្យដឹង​បន្តទៀតថា ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៣​នោះ គឺមាន​ក្រុមហ៊ុន​មួយ​ឈ្មោះ យ៉ាន​ថាវ កំពុងតែ​សកម្ម​ជាងគេ ក្នុង​ប្រមូល​ដឹកឈើ ដែល​បាន​កាប់​ផ្តួលរំលំ​នោះ ចេញពី​ក្នុងព្រៃ ហើយ​បាន​បំ​លែង​ឈើ ដែល​ខុសច្បាប់​នោះ ឱ្យក្លាយ​ជា​ឈើ​ស្របច្បាប់ រួច​ដឹក​ចេញ​ទាំងយប់​ទាំង​ថ្ងៃ​ចេញទៅ​ក្រៅប្រទេស​។​

​ត្រង់ចំណុច​នេះ ប្រជាពលរដ្ឋ និង​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច បាន​លើក​ជា​ចម្ងល់​ថា ចំពោះ​សកម្មភាព​ដឹកឈើ​អនាធិបតេយ្យ ដែល​អាចធ្វើ​សកម្មភាព​បាន​គគ្រឹក​គ្រេង ហើយ​គ្មាន​ការរំខាន​ពី​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បែបនេះ ទំនងជា​ក្រុមហ៊ុន​ទាំងនោះ អាចមាន​ខ្នងបង្អែក​ជា​មន្ត្រី​មានអំណាច​មាន​ឋានៈ​ខ្ពស់ ទើប​គ្មាន​សមត្ថកិច្ច នៃ​រដ្ឋបាល​ខេត្តមណ្ឌលគិរី ចេញមុខ​បង្ក្រាប​បែបនេះ ​។​

​យោងតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ពាក់ព័ន្ធ​សកម្មភាព​ខាងលើនេះ គឺមាន​មេកា​មើល​ការខុសត្រូវ របស់​​ក្រុម​យ៉ាន​ថាវ ឈ្មោះ ម៉េង និង​មេកា​ម្នាក់ទៀត ដែល​មិនសូវ​ចេញមុខ​មាន ឈ្មោះ យ៉​ត ត្រូវជា​កូនលោក​ធំ និង​មាន​ឋានៈ​ខ្ពស់​នៅក្នុង​ខេត្តមណ្ឌលគិរី គឺជា​អ្នក​នៅ​ពីក្រោយ​សកម្មភាព​រត់កា​រ​បង់លុយ​តាមផ្លូវ ជូន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ នៅពេល​ឡាន​ដឹកឈើ ចេញទៅ​ក្រៅប្រទេស​ម្តងៗ​។​

​ប្រភព​បន្តទៀតថា ក្រុម​មេកា​ឈ្មោះ ម៉េង និង​ឈ្មោះ យ៉​ត ទាំងពីរ​នាក់​ខាងលើនេះ បានប្រគល់​ការងារ​រត់ការ​នេះ ទៅឱ្យ​ឈ្មោះ ហេង ជា​អ្នកចាត់ចែង​ជាមួយ​សមត្ថកិច្ច​គ្រប់​ជំនាញ ក្នុង​ខេត្តមណ្ឌលគិរី និង​ចាត់ចែង​បន្ត​រហូតដល​គោលដៅ​ចុងក្រោយ ដែល​ក្រុមហ៊ុន​ត្រូវ​នាំ​ឈើ​ចេញ​។​

​ទាក់ទិន​បញ្ហា​នេះ នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច លោក ហាន សុខន បានឱ្យដឹងថា ក្រុមហ៊ុន​ទាំង​៣​ខាងលើនេះ មាន​ទីតាំងនៅ​តំបន់​របៀង​អភិរក្ស​។ ហើយ​ថា រាល់​បទល្មើស​ព្រៃឈើ​ទាំងនោះ គឺ​មិន​ជាប់​ពាក់ព័ន្ធ ជាមួយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រិច​នោះទេ​។​

​ចំណែក លោក គង់ វិ​រៈ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ញ៉ែ​ក មិនទាន់​អាច​សុំ​ការបំភ្លឺ បានទេ​តាម​ទូរស័ព្ទ ដោយ​លេខ​ទូរស័ព្ទ របស់គាត់​ហៅចូល​ច្រើនដង ប៉ុន្តែ​មិនមាន​អ្នក​លើក​ទទួល​៕ ដោយ ៖ ដែន សីមា​

spot_img
×