Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រួមគ្នា​ធ្វើ​អ្វីៗ​ទាំងអស់គ្នា ដើម្បី​កីឡា​ឆ្ពោះទៅ​ជោគជ័យ នៅ​ស៊ី​ហ្គេម​ឆ្នាំ ​២០២៣

spot_img

​ភ្នំពេញ ​៖ លោក​ក៏បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន​ដៃគូ​អភិវឌ្ឍ​សប្បុរសជន​និង​ប្រជាជន​សូម​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​ជា​ស្មារតី សម្ភារៈ ថវិកា ដើម្បី​រួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ជាតិ​យើង​។ ក្រោម​ពាក្យស្លោក “​រួមគ្នា​ធ្វើ​អ្វីៗ​ទាំងអស់គ្នា ដើម្បី​កីឡា​ឆ្ពោះទៅ​ជោគជ័យ​នៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣” ។​

​លោក ស សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា មានប្រសាសន៍ថា វិស័យ​អប់រំ​កាយ និង​កីឡា​បានរួម​ចំណែក​លើកកម្ពស់​សុខភាព និង​សុខុមាលភាព​សិស្ស និស្សិត ប្រជាជន​គ្រប់រូប និង​កាត់បន្ថយ​ភាព​អសកម្ម​ផ្សេងៗ​ក្នុងសង្គម​។​

​លោក ស សុខា បាន​ថ្លែង​ក្នុង​ពិធី​បិទ​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា សិស្ស​ថ្នាក់ជាតិ (National School Games) ឆ្នាំ​២០១៩​នា​ល្ងាច​ថ្ងៃទី​១៨​មិថុនា​ថា បច្ចុប្បន្ននេះ​វិស័យ​កីឡា​មានការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់​ហើយ​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ចូលរួម​គាំទ្រ​យ៉ាងច្រើន​ពី​យុវជន​ហើយ​លទ្ធផល​នៃ​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មានការ​ប្រែប្រួល​ជា​វិជ្ជមាន​ទទួលបាន​ការអបអរ​សាទរ​ពី​មហាជន រហូតដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​។​

លោក​បាន​បន្តថា ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ ស្ថេរភាព​នយោបាយ សេដ្ឋកិច្ចជាតិ​មានការ​រីកចម្រើន​បានធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ​និង​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​បាន​ចាត់ទុកថា ការងារ​អប់រំ​កាយ និង​កីឡា បាន​ដើរតួនាទី​យ៉ាងសំខាន់ និង​ជា​យាន​ក្នុងការ​អភិវឌ្ឍ​សង្គម ពីព្រោះ “ កីឡា​កសាង​មនុស្ស មនុស្ស​កសាង​សង្គម​” ។

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​កាយ​និង​កីឡា​ដោយ​ឈរលើ​មូលដ្ឋាន​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ​ផែនការ​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍ​ជាតិ​ឆ្នាំ​២០១៩-២០២៣​និង​ដោយ​ផ្អែកលើ​បរិបទ​នៃ​ការរីកចម្រើន​កីឡា​ជាតិ​និង​បរិបទ​នៃ​ការរីកចម្រើន​កីឡា​នៅក្នុង​តំបន់​ក៏ដូចជា​អន្តរជាតិ​ជាពិសេស​ការត្រៀម​លក្ខណៈ​សម្បត្តិ​ត្រៀម​សម្រាប់​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នាពេលខាងមុខ​។

លោក​រដ្ឋលេខាធិការ​បន្ថែម​ទៀតថា ដើម្បី​ឲ្យ​ការធ្វើកំណែទម្រង់​នេះ​ទទួលបាន​ជោគជ័យ ក្រសួង​អប់រំ យុវជន និង​កីឡា​សំណូមពរ​ដល់​អង្គការ​រដ្ឋ​កីឡា​និង​អង្គការ​សង្គម​កីឡា​ឲ្យ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បន្ថែមទៀត​ដោយ​យក​អស់​ស្មារតី កម្លាំងកាយ និង​លទ្ធភាព​បំពេញភារកិច្ច​ទៅតាម​តួនាទី​រៀងៗ​ខ្លួន ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។

លោក​ក៏បាន​កោតសរសើរ​និង​អបអរសាទរ​ដល់​ក្រុមកីឡា​ដែល​បាន​មេដាយមាស​ច្រើនជាងគេ​ប្រចាំឆ្នាំ​២០១៩​នេះ​គឺ​ចំណាត់ថ្នាក់​លេខ​១​ បាន​ទៅលើ​ក្រុមកីឡា​មកពី​រាជធានី​ភ្នំពេញ​ចំណាត់ថ្នាក់​លេខ​២ ​បាន​ទៅលើ​ក្រុមកីឡា​មកពី​ខេត្តកណ្តាល និង​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅលើ​ក្រុមកីឡា​មកពី​កំពត​។ លោក​ក៏បាន​ចូលរួម​សោកស្តាយ​ដល់​ក្រុមកីឡា​ដែល​មិន​បានទទួល​មេដាយ​ក្នុង​ការប្រកួត​នេះ​ត្រូវខិតខំ​ប្រែង​ឲ្យ​ខ្លាំង​ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​នៅក្នុង​ការប្រកួត​លើក​ក្រោយ​ទៀត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×