Friday, September 17, 2021

ពូកែ​ខាង​អី ស្លាប់​ខាង​នឹង​! បុរស​ម្នាក់​អោយ​គេ​ចងច្រ​វ៉ាក់ និង​ខ្សែ រួច​ដាក់​គាត់​ក្នុង​ទន្លេ ប៉ុន្តែ​ភ្លាត់ស្នៀត​រំដោះខ្លួន​មិនបាន​ (វីដេអូ)

​ប៉ូលីស​ឥណ្ឌា​បាន​ស្វែងរក​ឃើញ​សាកសព​របស់​បុរស​សម្តែង​ឈុត​គ្រោះថ្នាក់​ម្នាក់ (Stuntman) បន្ទាប់​ពី​បាត់​ខ្លួន​នៅក្នុង​ទន្លេ Hooghly កាលពី​ថ្ងៃអាទិត្យ ខណៈពេលដែល​គាត់​បាន​សម្តែង​ឈុត​​រំដោះ​ខ្លួន​ដ៏​គ្រោះថ្នាក់​។​

​អ្នកលេង​សៀក​ខាងលើ​មានឈ្មោះ​ថា Chanchal Lahiri អាយុ ៤០​ឆ្នាំ​។ នៅ​ថ្ងៃ​អាទិត្យ​កន្លងទៅនេះ គាត់​បាន​ធ្វើ​ការសម្តែង​ឈុត​រំដោះ​ខ្លួន​ដ៏​គ្រោះថ្នាក់​នៅ​ក្បែរ​ស្ពាន Howrah ក្នុង​ទីក្រុង​Kolkata​។

​មុន​ពេល​សម្តែង គាត់​បានឲ្យ​គេ​ចងគាត់​នឹង​ច្រ​វ៉ាក់ និង​ខ្សែ​ព្យួរ រួច​ដាក់​គាត់​ចូល​ក្នុង​ទន្លេ​។​

​អ្នកទស្សនា​ការសម្តែង​ដ៏​គ្រោះថ្នាក់​នោះ រំពឹង​ថា​គាត់​នឹង​រំដោះខ្លួន​គាត់​អោយ​រួច ហើយ​ហែល​ទៅ​កាន់​ទី​គោក ព្រោះ​ការសម្តែង​នោះ​គាត់​ធ្លាប់បាន​ធ្វើ​ជោគជ័យ​ជាច្រើន​ដង​មក​ហើយ​។ ទោះយ៉ាងណា អ្នក​មើល​ជា​ច្រើន ព្រមទាំង​សមាជិក​ក្រុម និង​គ្រួសារ​របស់គាត់ បាន​ធ្វើ​ការស្វែងរក​គាត់​​ជាបន្ទាន់ ក្រោយ​ពេល​មិន​ឃើញ​គាត់​ផុស​ឡើង​ពី​ទឹក​អស់​រយៈពេល ៣០​នាទី​ ។​

​មុនពេល​ត្រូវ​គេ​ដាក់​ព្យួរ​ចូល​ក្នុង​ទឹក លោក​បាន​ថ្លែង​ប្រាប់​វ៉ូង​អ្នកទស្សនា​ដូច្នេះ​ថា “​ប្រសិន​ជា​ខ្ញុំ​អាច​រំដោះ​ខ្លួន​បាន វា​គឺជា​វេទមន្ត (Magic) ប៉ុន្តែ​បើ​ខ្ញុំ​មិន​អាច​ទេ វា​នឹង​ជា​សោកនាដកម្ម​”​។​

​ប៉ូលីស​កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​ករណី​នោះ​។

​មុន​ពេល​សម្តែង អ្នកលេង​សៀក​ខាងលើ​បាន​ថ្លែងប្រាប់ AFP ថា កាត់​បាន​ធ្វើ​ការសម្តែង​ស្រដៀង​គ្នា​ដោយ​ជោគជ័យ​កាលពី ២១​ឆ្នាំមុន នៅ​កន្លែង​ជាមួយគ្នា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​