Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីល​ការ ស្នើ​ដល់​អាជ្ញាធរ​កម្ពុជា​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ បន្ទាប់​ពី លោក T. Mohan ចាងហ្វាង​កាសែត​ខ្មែរ​ថា​មស៍ បៀតបៀន​ផ្លូវភេទ​

spot_img

​ភ្នំពេញ ​៖ ​ទាក់ទង​នឹង​ករណី អតីត​បុគ្គលិក​កាសែត ខ្មែរ​ថា​មស៍ ចោទ​លោក T. Mohan ចាងហ្វាង​កាសែត​មួយ​នេះ​ថា បៀតបៀន​ផ្លូវភេទ​នោះ នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីល​ការ កញ្ញា សេង រាសី មានប្រសាសន៍ថា​៖ «​អាជ្ញាធរ​កម្ពុជា​គួរតែ​ចូលរួម​នៅក្នុង​រឿងនេះ ដើម្បី​ជួយ​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង​លុបបំបាត់​អំពើ​បៀតបៀន​ផ្លូវភេទ​ក្នុង​ប្រទេស​កម្ពុជា​។​»​។ នេះ​បើ​តាម​ការផ្សាយ​របស់​ហ្វេ​សប៊ុក​អង្គការ​សីលការ នៅ​ថ្ងៃ​ទី​១៩​មិថុនា​នេះ​។​

​បើ​តាម​ការផ្សាយ​របស់​កាសែត​ក្នុងស្រុក​មួយ ​ចាងហ្វាង​កាសែត ខ្មែរ​ថា​មស៍ លោក T. Mohan ច្រាន​ចោល​ការចោទប្រកាន់​ថា លោក​បាន​បៀតបៀន​ផ្លូវភេទ​លើ​អតីត​បុគ្គលិក​ស្រី​ជា​ជនជាតិ​ហ្វីលីពីន​ម្នាក់ ខណៈ​នាង​កំពុង​រៀបចំ​ដំណើរ​ក្ដី​ប្រឆាំង​រូបលោក​។​

​ចាងហ្វាង​កាសែត ខ្មែរ​ថា​មស៏ រូបនេះ បាន​ហៅ​ការចោទប្រកាន់​ពី​សំណាក់​អតីត​បុគ្គលិក​របស់​លោក ដែល​ជា​អ្នកសរសេរ​អត្ថបទ​ជីវិត​កម្សាន្ដ និង​សង្គម អ្នកនាង April Reposar ថា ជា​រឿងប្រឌិត និង​ចង់​បង្ខូច​កិត្តិយស​លោក​តែប៉ុណ្ណោះ​។​

​លោក T. Mohan ចោទថា នាង April Reposar គឺ​ជា​អតីត​បុគ្គលិក​ដែល​ចង់បាន​កេរ្តិ៍ឈ្មោះ ចូលចិត្ត​ផឹកស្រា​ស្រវឹង និង​ស្លៀកពាក់​មិន​សមរម្យ ហើយ​ថា សារ​ឆ្លើយឆ្លង​ដែល​នាង​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ គឺ​ត្រូវបាន​ប្រឌិត​ឡើង​ទាំងស្រុង​។

​លោក អះអាងថា នៅក្រោយ​ពិធីជប់លៀង​បញ្ចប់​អាណត្តិ​អតីត​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា​កន្លង​ទៅ នាង April Reposar បាន​ផឹកស្រា​ស្រវឹង ហើយ​និយាយ​ថា នាង​ស្ម័គ្រចិត្ត​ធ្វើជា​ដៃគូ​ជីវិត​របស់​លោក ជា​ថ្នូរ​នឹង​ប្រាក់ ១​ពាន់​ដុល្លារ និង​ការឧបត្ថម្ភ​ផ្សេង​ទៀត​ប្រចាំខែ ដោយសារ​តែ​ជួប​បញ្ហា​ហិរញ្ញវត្ថុ មិន​មាន​ប្រាក់​ផ្ញើ​ទៅ​កូន​២​នាក់ និង​ម្ដាយ នៅ​ប្រទេស​ហ្វីលីពីន និង​ម្យ៉ាង មក​ពី​ចង់​កសាង​ជីវិត​ល្អប្រសើរ​ផង​នោះ​។​

មួយវិញទៀត លោក T. Mohan អះអាងថា នាង April Reposar បាន​ខ្ចី​ប្រាក់​លោក​សរុប​ចំនួន ៩០០​ដុល្លារ រួចមកហើយ ដើម្បី​ដោះស្រាយ​បញ្ហា​ជីវភាព និង​ការចង់​ផ្លាស់ប្ដូរ​កន្លែង​ស្នាក់នៅ​ថ្មី​។ លោក​បន្ដថា មួយ​សប្ដាហ៍​ក្រោយមកទៀត នាង April Reposar ក៏​បាន​សុំ​ខ្ចី​លុយ​បន្ថែមទៀត ប៉ុន្ដែ លោក​បាន​បដិសេធ ដែលថា បាន​ធ្វើឲ្យ​នាង​ខឹងសម្បារ​នឹងលោកជា​ខ្លាំង​។​

​យ៉ាងណាក៏ដោយ លោក​ថា សារ​ទាក់ទង​គ្នា​រវាង​គាត់ និង​នាង គឺ​បាន​បញ្ជាក់​ច្បាស់​ត្រង់​ចំណុច​នេះ ប៉ុន្ដែ ថា លោក​បាន​លុប​សារ​ទាំងអស់នោះ​ចោល​ហើយ ដោយសារ​គួរ​ឲ្យ​ខ្មាស​អៀន​ពេក​។​

​ក្នុង​អត្ថបទ​ដដែល​នោះ លោក T. Mohan លើកឡើងថា ប៉ុន្មាន​ថ្ងៃ​មុនពេល​នាង​លាឈប់​ពី​ការងារ​នោះ លោក​សង្កេត​ឃើញ​នាង April Reposar មើល​ទៅ​ហត់នឿយ​អស់កម្លាំង ដោយ​ថា នាង​បាន​ឆ្លើយ​តប​មក​លោក​វិញ​ថា នាង​បាន​នៅ​ដល់​យប់​ជ្រៅ ដោយ​មាន​ណាត់​នៅ​ខាងក្រៅ និង​ថា បុរស​នោះ​ក៏​គេង​នៅផ្ទះ​របស់​នាង​ដែរ​។​

​ក្នុង​អត្ថបទ​សង្ខេប​នោះ លោក T. Mohan សរស​រថា​៖ «​ច្បាស់​ណាស់ នេះ​គឺ​ការប៉ុនប៉ង​បង្ខូច​កេរ្ដិ៍ឈ្មោះ​របស់​ខ្ញុំ​ជា​ថ្មី​ម្ដងទៀត […] បង្ខូច បង្ខូចកេរ្ដិ៍​ឈ្មោះ​ខ្ញុំ មានន័យ​ថា បង្ខូចកេរ្ដិ៍​ឈ្មោះ​កាសែត Khmer Times ហើយ​ខ្ញុំ​យល់ថា នេះ​គឺជា​រឿង​នយោបាយ​សុទ្ធសាធ ដែល​រឿងរ៉ាវ​ទាំងអស់​នេះ​មិន​ដែល​កើតឡើង​នោះ​ទេ​។ ខ្ញុំ​មិន​ដែល​យក​ម្រាមដៃ​ប៉ះ​បុគ្គលិក​ស្រី​ណា​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដែល​គំរាមកំហែង​អ្នកណា​ដែរ​»​។​

​អតីត​បុគ្គលិក​កាសែត ខ្មែរ​ថា​មស៏ អ្នកនាង April Reposar April ប្រាប់​កាសែត​ក្នុង​ស្រុក​ថា នៅ​ថ្ងៃ​នេះ​ថា អ្វី​ដែល​លោក T. Mohan អះអាង​នេះ គឺជា​ការ​កុហក​ទាំងស្រុង និង​ថា អ្នក​នាង​មាន​សាក្សី ដែល​អាច​បញ្ជាក់បាន​ថា នាង​មិន​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​នោះឡើយ​នៅ​ពេល​ចូលរួម​ពិធីជប់លៀង​បញ្ចប់​អាណត្តិ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នោះ​។​

​ប៉ុន្ដែ អ្នកនាង April Reposar សារភាពថា នៅ​អំឡុង​ពេល​នោះ នាង​ពិតជា​ជួប​បញ្ហា​ថវិកា និង​ការចង់​ផ្លាស់ប្ដូរ​កន្លែង​ស្នាក់នៅ​មែន​។ ប៉ុន្ដែ​ថា លោក T. Mohan ខ្លួនឯង​ទេ ដែល​ស្ម័គ្រចិត្ត​ឲ្យប្រាក់​ដល់​នាង​ខ្ចី​ចំនួន ៩០០​ដុល្លារ ក្រោយ​ដឹងថា នាង​បាន​ស្នើសុំ​បើកប្រាក់​មុន​សម្រាប់​ខែ​ដំបូង​ដែល​នាង​បាន​បំពេញ​ការងារ​នៅ​ស្ថាប័ន​កាសែត​មួយ​នេះ​។​

​យ៉ាងណាក៏ដោយ អ្នកនាង April Reposar និយាយថា នាង​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​បន្ដទៀត​នោះទេ ដោយ​ថា ទុក​ឲ្យ​មេធាវីជា​អ្នក​ដំណើរក្ដី​រឿង​នេះ​ចុះ​។

​អ្នកនាង April Reposar អះអាងថា​៖ «​ពី​កថាខណ្ឌ​ទី​១ ដល់​កថាខណ្ឌ​ចុងក្រោយ ទាំងអស់នេះ​គឺ​សុទ្ធតែ​កុហក​ទាំងអស់​។ មាន​មនុស្ស​ដែល​អាច​បញ្ជាក់​រឿងនេះ​បាន​។ ពី​ឥឡូវនេះ​ទៅ ខ្ញុំ​គិតថា នឹង​មិន​ឆ្លើយតប​ទាក់ទង​នឹង​ការអះអាង​របស់​គាត់​នោះទេ ព្រោះថា ទោះ​ខ្ញុំ​ផ្ដល់​ព័ត៌មាន​យ៉ាងណា គាត់​នឹង​ប្រឌិត​វា​ឡើង ហើយ​ខ្ញុំ​សូម​ប្រកាន់​ជំហរ​យ៉ាង​ច្បាស់​ថា គាត់​បាន​បៀតបៀន​មក​លើ​ខ្ញុំ​»​។​

​ក្នុង​លិខិត​ចំហរ​ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ ដែល​ផ្ញើជូន​ទៅ​ស្ថានទូត​ហ្វីលីពីន​ប្រចាំ​ប្រទេស​កម្ពុជា អ្នកនាង April Reposar បាន​លាតត្រដាង​នូវ​រឿងអាស្រូវ​ផ្លូវភេទ​នេះ​ឡើង ដោយ​អ្នកនាង​ចាត់ទុកថា ទង្វើ​របស់​លោក T. Mohan គឺ «​គ្មាន​វិជ្ជាជីវៈ​» និង​មិន​អាច​ទទួលយកបាន​។​

​អ្នកនាង April Reposar ឲ្យដឹង​ផងដែរ​ថា មូលហេតុ​ដែល​នាង​ទម្លាយ​រឿងនេះ​ក្រោយ​ទៅដល់​ប្រទេស​ហ្វីលីពីន​វិញ​នោះ គឺ​មកពី​ភ័យខ្លាច និង​បារម្ភ​បញ្ហា​សុវត្ថិភាព​ពេល​ស្នាក់​ប្រទេស​កម្ពុជា​។​

​លោក T.Mohan ជា​ជនជាតិ​ម៉ាឡេស៊ី បាន​ចូលប្រឡូក​ក្នុង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ដំបូង នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដោយ​នៅពេល​នោះ លោក​គឺជា​អ្នកគ្រប់គ្រង​ទូទៅ​នៃ​កាសែត Cambodia Times ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៥ ហើយ​បន្ទាប់មក​គឺ​នៅ​កាសែត Cambodia Today ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​១៩៩៦​។​

​ក្រោយមកទៀត លោក T. Mohan គឺជា​ស្ថាបនិក​កាសែត ខ្មែរ​ថា​មស៍ ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ខែ​ឧសភា ឆ្នាំ​២០១៤៕​ ដោយ​៖​កូឡាប​

spot_img
×