Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ហ៊ុន សែន ជួប​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ផុត​អាណត្តិ​ប្រចាំ​នៅ​កម្ពុជា​

spot_img

​នៅ​វិមាន​សន្តិភាព​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប លោក Ingo Karsten អគ្គរដ្ឋទូត​អាល្លឺម៉ង់ ដើម្បី​ជួប​សំដែង​ការគួរសម និង​ជម្រាបលា បន្ទាប់ពី​លោក​បាន​ចប់​អណត្តិ​បេសកកម្ម​ការងារ​នៅ​កម្ពុជា​។

​នៅក្នុង​ជំនួប​ព្រឹក​មិញ​នេះ លោក Ingo Karsten បាន​គោរព​ជូន សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា លោក​ពេញ​ចិត្តខ្លាំង​បំផុត​ចំពោះ​បេសកកម្ម​ការទូត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក​មាន​ការ​នឹករឭក​ប្រទេស​កម្ពុជា​យ៉ាងខ្លាំង ហើយ​សង្ឃឹមថា ថ្ងៃ​ណា​មួយ​លោក​នឹង​មកលេង​ប្រទេស​កម្ពុជា​សារ​ជា​ថ្មី​មិន​ខាន​។

​លោក Ingo Karsten បាន​សង្កេត​ឃើញ​កម្ពុជា​មាន​ការរីកចម្រើន​យ៉ាងខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង នយោបាយ​។ លោក​បាន​សំដែង​នូវ​ការរីករាយ​ដែល​បាន​ឃើញ ការអភិវឌ្ឍ​នេះ​កាន់តែ​រឹងមាំ ហើយ លោក​ក៏​មាន​មោទនភាព​ក្នុង​នាម​ជា​អគ្គរដ្ឋទូត​ដែល​បាន​ចូលរួម​ចំណែក​ធ្វើការ​ជាមួយ​កម្ពុជា​ជា​ដៃគូ​ដ៏​ល្អ​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ការអភិវឌ្ឍរ​បស់​កម្ពុជា​។ ជាមួយគ្នា​នោះ​ដែរ​លោក Ingo Karsten បាន​បញ្ជាក់ជូន​សម្តេច​តេ​ជោថា កំណែទម្រង់​វិនិយោគ​និង​ពាណិជ្ជកម្ម​កន្លងទៅ​ថ្មីៗ​ដែល​បាន​កាត់ចេញ​នូវ​ការបង់ថ្លៃ​មួយចំនួន គឺ​បាន​ទាក់ទាញ និង​ធ្វើអោយ​អ្នកវិនិយោគ​អាល្លឺម៉ង​ជាច្រើន​មាន​ការពេញចិត្ត​ក្នុង​ការ​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជូន​ដល់ លោក Ingo Karsten ដែល​បាន​បំពេញ​បេសកកម្ម​ការទូត​ដ៏​មាន​សារៈសំខាន់​នៅ​កម្ពុជា​។ សម្ដេច​តេជោក៏បាន​បញ្ជាក់ពី​កា​រ​ពេញចិត្ត​ចំពោះ​ទំនាក់​ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ដែល​មិន​ជ្រៀតចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​នី​មួយៗ​។ សម្តេច​តេជោ បាន​បញ្ជាក់​ផង​ដែរ​ថា កត្តា​សំខាន់​បំផុត​ដែល​បាន​ជំរុញ​ដល់​ល្បឿន​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​គឺ​ដោយសារ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​។ ទន្ទឹម​នឹង​នោះ​គឺ​សម្តេច​តេជោ បានកំណត់​យុទ្ធសាស្ត្រ​២​សំខាន់​បន្ថែម​គឺ ទី​១ កែប្រែ​តំបន់​សង្គ្រាម​ឲ្យទៅជា​តំបន់​អភិវឌ្ឍន៍​និង​ទីផ្សារ និង​ទី​២ កែប្រែ​តំបន់​ព្រំដែន​ឲ្យទៅជា​ព្រំដែន​មាន​សុខសន្តិភាព មិត្តភាព​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​នូវ​អំណរគុណ​ដល់​រដ្ឋាភិបាល និង ប្រជាជន​អាល្លឺម៉ង់​ដែល​តែងតែ ជួយ​ដល់​កម្ពុជា​កន្លងមក ដូចជា​ការជួយ​លើ​វិស័យ​ដោះ​មីន​តាម​រយៈ​អង្គា Halo Trust ដែល​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​ជីវិត​របស់​ប្រជាពលរដ្ឋ និង​បាន​ជួយ​ស្តារ​នូវ​ដីធ្លី​ជាច្រើន​ដើម្បី​ពលរដ្ឋ​មាន​ឱកាស​បាន​បង្កបង្កើន​ផលដំណាំ​កសិកម្ម​គ្រប់​ប្រភេទ និង​អភិវឌ្ឍន​លំនៅដ្ឋាន​បាន​រីក​ចម្រើន​នៅ​តាម​បណ្តា​ខេត្ត​នានា​។ ទន្ទឹមនឹងនោះ​ដែរ គឺ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ចូលរួម​ជួយ​ពង្រឹង​ដល់​លទ្ឋិប្រជាធិបតេយ្យ ជំរុញ​ដល់​ការអភិវឌ្ឍន៍​ជនបទ រួម​ទាំង​វិស័​អប់រំ វប្បធម៌ និង​វិស័យ​ផ្សេងៗ​ទៀត​ជាច្រើន ដែល​នេះ​បាន​បង្ហាញ​អោយឃើញ​ពី​សណ្តាន​ចិត្ត និង​ជា​មិត្ត​ល្អ និង​ជា​ដៃគូ​ដ៏​ល្អ​របស់​របស់​កម្ពុជា​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ដល់ លោក Ingo Karsten និង​ផ្ញើ​សេចក្តី​នឹករ​ឮ​ក​និង​សួរសុខទុក្ខ​ដល់ លោកស្រី​អធិការបតី​អាល្លឺម៉ង់ (Angela Merkel, Chancellor of Germany) ហើយក៏​បាន​ស្នើសុំ​ឲ្យ​ភាគី​អាល្លឺម៉ង់​បន្ត​ជួយ​ដល់​កម្ពុជា​ជា​បន្ត​ទៀត ជាពិសេស​លើ​វិស័យ​ដោះមីន ដូចជា​តាមរយៈ​មជ្ឈមណ្ឌល​ដោះ​មីន​អាស៊ាន​ដែល​មាន​ទីតាំង​នៅក្នុង​ប្រទេស​កម្ពុជា​៕​ ដោយ​៖​កូឡាប​

spot_img
×