Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​អនុប្រធាន​សភា​ប្រឹក្សា​ប្រជាជន​ចិន​

spot_img

​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​បាន​អញ្ជើញ​ជួប​ជាមួយ លោក អគ្គរដ្ឋទូត​អាល្លឺម៉ង់ ប្រចាំ​កម្ពុជា​ដែល​ផុត​អាណត្តិ​បេសកកម្ម​រួចហើយ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​បន្ត​ជាមួយ លោក Wang Gang អនុប្រធាន​សភា​ប្រឹក្សា​ប្រជាជន​ចិន និង ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន​។

​នៅក្នុង​ជំនួប​ទី​២​នេះ លោក Wang Gang បាន​សម្តែង​នូវ​ក្តីរីករាយ​យ៉ាងខ្លាំង​ដែល​មាន​ឱកាស​បាន​ជួប​សម្ដេច​តេជោជា​លើកទី​២​នៅ​កម្ពុជា​ផ្ទាល់​តែម្តង ដែល​ជំនួប​លើក​លើ​ទី​១ គឺ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ ទៅកាន់​ប្រទេស​ចិន​កាលពី​ខែ​មករា​កន្លងមក​។

​លោក Wang Gang បាន​គោរព​ជម្រាបជូន សម្ដេច​តេ​ជោថា នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​បាន​មក​កាន់​ប្រទេស​កម្ពុជា​។ លោក​ពេញចិត្ត និង​រីករាយ​យ៉ាង​ខ្លាំង​ដែល​បានឃើញ​កម្ពុជា​មាន​ការ​រីកចម្រើន ជាមួយ​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ល្អ នៅក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​មកកាន់​ប្រទេស​កម្ពុជា​នៅពេលនេះ គឺ​មាន​គោលបំណង​សំខាន់​២​គឺ​ទី​១​គឺ​ដើម្បី​ចូលជួប​សំដែង​ការគួរសម​ជូន​ចំពោះ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​ទី​២ គឺ​ដើម្បី​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ លោក Wang Gang បាន​បញ្ជាក់​ប្រាប់​សម្តេច​តេ​ជោថា សម្តេច​គឺ​ជា​ថ្នាក់ដឹកនាំ​ដែល​ទទួលបាន​ការគោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​បំផុត​អំពី​រដ្ឋាភិបាល និង​ប្រជាជន​ចិន​។ កម្ពុជា​គឺជា​បងប្អូន និង​ជា​ដៃគូ​យុទ្ឋសាស្ត្រ​គ្រប់​ជ្រុងជ្រោ​យរបស់​ប្រទេស​ចិន​។ មិត្ត​ចិន​បាន​អរគុណ​ដល់​កម្ពុជា​ដែល​បាន​ជួយ​ផ្សាភ្ជាប់​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ចិន​និង​សហគមន៍​អាស៊ាន​ផងដែរ ហើយ​នឹង​ការជួយជ្រោមជ្រែង​ដល់​ដំណោះស្រាយ​ដោយ​សន្តិភាព​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​អរគុណ​ចំពោះ​ការលើកឡើង​របស់ លោក Wang Gang ហើយក៏​មាន​ប្រសាសន៍ថា​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា គឺ​ចាំបាច់​ត្រូវការ​ធនធាន​មនុស្ស ការស្រាវជ្រាវ និង​ជំរុញ​ការអភិវឌ្ឍ​ក្នុង​យុគសម័យ​ឌីជីថល ឬ​ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ នេះ ដែល​ចាំបាច់​ណាស់​ត្រូវ​មានការ​សិក្សា​ការស្រាវជ្រាវ ។ សំរាប់​ប្រទេស​កម្ពុជា ក៏​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​នេះ​ផង​ដែរ ក្នុងន័យ​នេះ​សម្ដេច​តេជោ​បាន​ជម្រាប​ជូន លោក Wang Gang កម្ពុជា​កំពុងតែ​តម្រង់​ទិស​របស់​ខ្លួន​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សម្រប​ស្របទៅតាម​ចរន្ត​នៃ​យុគសម័យ​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​ត្រូវ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​អោយបាន​កាន់តែ​ច្រើន​លើ​វិស័យ​នេះ​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ស្នើសុំ​ឲ្យ​ភាគី​ចិន​ជួយ​សហការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង សហការ​ជាមួយនឹង​រាជបណ្ឌិត្យសភា​កម្ពុជា ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏ដូចជា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា​ផង​ដែរ ដើម្បី​ជំរុញ​វិស័យ​នេះ​អោយ​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​លោក Wang Gang ក្នុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង (Xi Jinping) និង លោកនាយក​រដ្ឋមន្ត្រី លី គឺ​ឈាង (Li Keqiang) ហើយ​សម្តេច​តេជោ​បានបញ្ជាក់​ថា ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​គឺ​រឹងមាំ​ដូច​ដែកថែប ដែល​ប្រទេស​យើង​បន្ត​គាំទ្រ និង​ជួយ​គ្នា​ទៅវិញទៅមក​ដូច​ជា​បងប្អូន​៕​ ដោយ​ ៖​ កូឡាប​

spot_img
×