Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​នូវ​បញ្ហា​និង​សំណូមពរ​មួយចំនួន​របស់​វិស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​គយ​

spot_img

​កិច្ចសន្ទនា​លើក​ទី​៣ រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​គយ​កម្ពុជា (​អគរ​) និង​សមាគម​ធុរកិច្ច​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា (JBAC) ក្នុង​គោលបំណង​បន្ត​ពិនិត្យ​ដោះស្រាយ​នូវ​បញ្ហា​និង​សំណូមពរ​មួយចំនួន​របស់​វិស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​នីតិវិធី​គយ​។ កិច្ចសន្ទនា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក​គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ អគរ និង​មានការ​ចូលរួម​ដោយ​តំណាង JBAC ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ស្ថាប័ន​ធុរកិច្ច​ជប៉ុន​នៅក្រៅ​ប្រទេស (JETRO) និង​មន្ត្រី​គយ​និង​រដ្ឋាករ​មួយចំនួន​ផងដែរ នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល​។​

​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចសន្ទនា លោក ណូរី​ម៉ាសា យ៉ាម៉ា​ហ្សា​គី ប្រធាន JBAC បាន​ថ្លែងអំណរគុណ​ដល់​អគ្គនាយក​ដ្ឋា​ន​គយ​និង​រដ្ឋាករ​គយ​កម្ពុជា ដែល​បាន​សហការ​រៀបចំ​កិច្ចសន្ទនា​នេះ​ឡើង និង​បានធ្វើការ​កត់សម្គាល់​ពី​វិធានការ​កែលម្អ​នានា​ដែល អគរ បានដាក់​ចេញ​។ ទន្ទឹមនេះ​លោក គុណ ញឹម បានលើកឡើង​នូវ​វិធានការ​មុត​ស្រួច​ដែល​ដាក់ចេញ​នាពេល​ថ្មីៗ​នេះ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុងនោះ​មាន​ក៏មាន​វិធានការ​មួយចំនួន​ពាក់ព័ន្ធ​នឹង​គយ​ផងដែរ​។ លើសពីនេះ​ទៀត លោក​ក៏បាន​គូសបញ្ជាក់​នូវ​កម្មវិធី​កំណែទម្រង់​និង​ទំនើបកម្ម​របស់​រដ្ឋបាល​គយ​កម្ពុជា ដែល​សម្រេចបាន​នូវ​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ រួមមាន សន្ទុះ​កើនឡើង​នៃ​ការប្រមូល​ចំណូល​, ការងារ​បង្ការ​និង​បង្ក្រាប​បទល្មើស​, អភិបាលកិច្ច​ក្នុង​អង្គភាព​គយ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាមរយៈ​ការធ្វើ​ស្វ័យប្រវត្តិកម្ម​និង​សាមញ្ញ​កម្ម​នីតិវិធី​គយ ផងដែរ​។ លោក​ក៏បាន​លើកឡើង​ពី​ភាពចាំបាច់​នៃ​ការពង្រឹង​កិច្ចសហការ​ឱ្យបាន​កាន់​តែ​ជិតស្និទ្ធ​ថែមទៀត រវាង​រដ្ឋបាល​គយ​និង​វិស័យ​ឯកជន​ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា តាមរយៈ​ការកែសម្រួល​នីតិវិធី​នានា​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​វិស័យ​ឯកជន​។​

​នាឱកាស​នេះ អង្គ​ប្រជុំបាន​តាមដាន​នូវ​វឌ្ឍនភាព​ការងារ​ពាក់ព័ន្ធ​នឹង​ដំណើរការ​អភិវឌ្ឍ និង​ការត្រៀម​អនុវត្ត​ប្រព័ន្ធ​បញ្ជរ​តែមួយ​ជាតិ​ដំណាក់កាល​ទី​២ និង​ប្រព័ន្ធ​បញ្ជរ​តែមួយ​អាស៊ាន ដែល​គ្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​នា​ដើមខែ​កក្កដា ឆ្នាំ​២០១៩ ខាងមុខនេះ និង​កិច្ចសហការ​រវាង អគរ និង​កាំកុងត្រូល​។ ទន្ទឹមនេះ អង្គប្រជុំ​ក៏បាន​ស្តាប់​ពី​វឌ្ឍនភាព​ថ្មីៗ​ពាក់ព័ន្ធ​វិធានការ​កំណែទម្រង់​សំខាន់ៗ​មួយចំនួន​ដែល អគរ បានដាក់​ចេញ ស្របតាម​កម្មវិធី​កំណែទម្រង់​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុងនោះ​រួមមាន ការកែសម្រួល​នីតិវិធី​គយ​, ការកាត់បន្ថយ​ការត្រួតពិនិត្យ​ដោយ​ម៉ាស៊ីន​ស្កែ​ន​, ការលើកទឹកចិត្ត​បន្ថែមទៀត​ដល់​ក្រុមហ៊ុន​ដែលមាន​អនុលោមភាព​ខ្ពស់​, ការអនុវត្ត​ការលើកទឹកចិត្ត​ផ្នែក​គយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម និង​ការរៀបចំ​សិក្សា​រយៈពេល​បញ្ចេញ​ទំនិញ​ពី​គយ​។​

​បន្ទាប់មក កិច្ចសន្ទនា​បាន​ដំណើរការ​ពិភាក្សា និង​ដោះស្រាយ​លើ​សំណូមពរ និង​បញ្ហា​ដែល​បានលើកឡើង​ដោយ JBAC ចំនួន ០៩ ចំណុច ពាក់ព័ន្ធ​នឹង​ការកាត់បន្ថយ​ឯកសារ​ក្នុង​ទម្រង់​ក្រដាស​, ការកែលម្អ​មុខងារ​គេហទំព័រ​គយ​, ការគ្រប់គ្រង​ជើង​សាគយ​, ការធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ​, និង​ការអនុវត្ត​នីតិវិធី​ពិសេស​សម្រាប់​ក្រុមហ៊ុន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ជាដើម​។ ក្នុងចំណោម​សំណូមពរ និង​បញ្ហា​ទាំង ៩ សំណូមពរ​និង​បញ្ហា​ចំនួន ៧ ត្រូវបាន​ដោះស្រាយ​រួច​, សំណូមពរ​ចំនួន ០១ ត្រូវ​បន្ត​ពិនិត្យ​លើ​ទិដ្ឋភាព​បច្ចេកទេស​និង​គតិយុត្តិ​បន្ថែមទៀត​មុននឹង​សម្រេច​, និង​សំណូមពរ ០១ ទៀត នឹងត្រូវ​ស្នើ​បន្ត​ដោះស្រាយ​ក្នុង​កម្រិត​អន្តរ​ស្ថាប័ន​។​

​ជាមួយគ្នានេះ តំណាង JICA ក៏បាន​ជម្រាប​អង្គប្រជុំ​ពី​គម្រោង​ជំនួយ​សំខាន់ៗ​របស់ខ្លួន​នាពេល​បច្ចុប្បន្ន ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំនួន ៣ គឺ ១. គម្រោង​មេ​លើ​ការកែលម្អ​ប្រព័ន្ធ​ភស្តុភា​កម្ម ២. ការសិក្សា​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ទំនិញ​និង​អ្នកដំណើរ​នៅ​កំណាត់​ផ្លូវជាតិ​លេខ ១ តំបន់​មាត់ច្រក​បាវិត​-​ម៉ុក​បៃ និង ៣. ការអនុវត្ត​សាកល្បង​ប្រព័ន្ធ​កាមេរ៉ា​តាមដាន​សកម្មភាព​នៅតាម​កំពង់ផែ និង​ច្រកទ្វារព្រំដែន​សំខាន់ៗ​។​

​នៅ​ទីបញ្ចប់ អង្គ​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​នូវ​លទ្ធផល​កិច្ចសន្ទនា​លើក​ទី​៣ នេះ និង​បាន​កត់សម្គាល់ថា យន្តការ​កិច្ចសន្ទនា​នេះ​ត្រូវបាន​ប្រើប្រាស់​ជា​គម្រូ​សម្រាប់​កិច្ចសន្ទនា​រវាង JBAC ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងទៀត ផងដែរ​។ តំណាង JICA, JBAC, JETRO និង អគរ ក៏បាន​ប្តេជ្ញាចិត្ត​ថា នឹង​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយគ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ក្នុង​គោលដៅ​សម្រួល​ពាណិជ្ជកម្ម និង​ការកែលម្អ​បរិយាកាស​ធុរកិច្ច ក៏ដូចជា​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×