Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំយក​ទឹកស្អាត​សម្រាប់​ទទួលទាន​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ២,៥ លាន​នាក់​ នៅ​កម្ពុជា​

spot_img

ក្នុង​ទិវា​នៃ​កិច្ចអភិវឌ្ឍន៍​អឺរ៉ុប​នៅក្នុង​ទីក្រុង​ព្រុ​ច​សែ​ល ធនាគារ​វិនិយោគ​អឺរ៉ុប (​ហៅ​កាត់​ថា EIB) បាន​ចុះហត្ថលេខា​លើ​ហិរញ្ញប្បទាន​កម្ចី​ថ្មី​មួយ ក្នុង​ទឹកប្រាក់ ៨៥,៩ លាន​អឺរ៉ូ ជាមួយនិង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដើម្បី​កែលម្អ​ការផ្គត់ផ្គង់​ទឹក​សម្រាប់​ទទួលទាន​នៅក្នុង និង​ជុំវិញ​រាជធានី នៃ ប្រទេស កម្ពុជា​។

គម្រោង​នេះ នឹង​ទទួលបាន​ការគាំទ្រ​ពី​ហិរញ្ញប្បទាន​វិនិយោគ​ឥត​សំណង ពី​កម្មវិធី​វិនិយោគ​នៅ​អាស៊ី​នៃ​សហភាព​អឺរ៉ុប ក្នុង​ទឹកប្រាក់ ១៣,៥ លាន​អឺរ៉ូ និង​មានការ​គាំទ្រ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (​ហៅ​កាត់​ថា AFD) ក្រោម​គំនិត​ផ្តួចផ្តើម​ពឹងផ្អែក​លើ​គ្នា​ទៅវិញទៅមក (Mutual Reliance Initiative)​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៩​។​

​ការផ្តល់​ហិរញ្ញប្បទាន​នេះ នឹង​ផ្តល់​លទ្ធភាព​ឱ្យមាន​ការសាងសង់​រោង​ចក្រ​ទឹកស្អាត​បាក់​ខែង ដែល​ឋិត​នៅ​ជាយក្រុង​ភាគ​ខាងជើង​នៃ​ទីក្រុង​ភ្នំពេញ ដោយ​ប្រភព​សម្រាប់​យក​ទឹក​មាន​ទីតាំង​ឋិត​នៅ​ច្រាំង ខាងលិច​នៃ​ទន្លេមេគង្គ​។ ហិរញ្ញប្បទាន​នេះ នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត និង​ពង្រីក​បណ្តាញ​ចែកចាយ​ទឹកស្អាត​ក្នុង​ទីក្រុង​ភ្នំពេញ​។ ទឹកស្អាត​ប្រមាណ ៧១ ពាន់​លាន​លីត្រ នឹងត្រូវ​ចែកចាយ​ជា​រៀងរាល់ឆ្នាំ ទាំង​ក្នុង​និង​ទូទាំងប្រទេស​កម្ពុជា ដែលមាន​ប្រជាពលរដ្ឋ​ប្រមាន ១០% ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​កំពុង​រស់នៅ និង​ជា​កន្លែង​ដែលមាន​សកម្មភាព ឧស្សាហកម្ម​ភាគច្រើន​របស់​ប្រទេស​នេះ​។​

លោក Andrew McDowell អនុប្រធាន​ធនាគារ EIB ទទួលបន្ទុក​ប្រតិបត្តិការ EIB ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “​តាមរយៈ​ការផ្តល់​ទឹកស្អាត​សម្រាប់​ទទួលទាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ គម្រោង​នេះ​នឹង​ជួយ​កាត់បន្ថយ​វិសមភាព និង​នាំមក​នូវ​ការរីកចម្រើន​ពិតប្រាកដ​ដល់ សុខភាព និង​ការអប់រំ​របស់​ប្រជាពលរដ្ឋ​។ នេះ​គឺជា​អ្វីដែល​កើតឡើង​ពិតប្រាកដ ជាពិសេស​សម្រាប់​អ្នក​ដែល​រស់​នៅតាម​តំបន់​ក្រីក្រ​ជាងគេ​ក្នុង​ទីក្រុង ជាពិសេស​ស្ត្រី និង​ក្មេងស្រី​តូចៗ ដែល​កន្លងមក​បំពេញ​តួនាទី​ជា​អ្នក​ទៅ​ដងទឹក ហើយ​ជា​អ្នក​ដែល​ពុំមាន​លទ្ធភាព​ទទួលបាន​ទឹក ពី​ប្រភព​ទឹកស្អាត​ដែលមាន​សុវត្ថិភាព​និង​អាច​ជឿទុកចិត្ត​បាន​។ គម្រោង​នេះ ក៏​នឹង​ជួយ​សហគមន៍​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការការពារ​ទឹក​នៅលើ​ដី​ផងដែរ​។ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ជាមួយ​គម្រោង​នេះ រួមគ្នា​ជាមួយនិង​គណៈកម្មការ​អឺរ៉ុប ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និង​ដៃគូ​ក្នុងប្រទេស​កម្ពុជា​របស់​យើង​។ កិច្ចការ​រួមគ្នា​នេះ បានបង្ហាញ ពី​តម្លៃ បន្ថែម ពិតប្រាកដ នៃ​កិច្ចសហប្រតិបត្តិការ​។​”

​លោក​George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី ៦ មាន​បញ្ចូល​ចំណុច​ដៅ ដើម្បី​ធានាឱ្យមាន​ទឹក និង​ការគ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព សម្រាប់​ទាំងអស់គ្នា​ត្រឹម​ឆ្នាំ​២០៣០​។ សហភាព​អឺរ៉ុប ប្តេជ្ញា​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី ៦ តាមរយៈ​ការផ្គត់ផ្គង់​ទឹកស្អាត​ដល់ទី​ក្រុងភ្នំពេញ ដែលជា​រាជធានី​របស់​ប្រទេស​កម្ពុជា និង​ជាទី​ក្រុង​ដែលមាន​កំណើន​ប្រជាពលរដ្ឋ​ឆាប់រហ័ស​ជាងគេ​។ ជាមួយនិង​ហិរញ្ញប្បទាន​វិនិយោគ​ឥត​សំណង ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប​ទៅក្នុង​គម្រោង​នេះ នឹង​ផ្ដោត​ជា​អាទិភាព​លើ​ការតភ្ជាប់​បណ្តាញទឹក​ដ​ល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រស់​នៅតាម​ជាយក្រុង​និង​រស់នៅក្នុង​ទីក្រុង ដូចជា​គ្រួសារ​ដែលមាន​ស្ត្រី​ជា​មេ​គ្រួសារ​និង​មាន​ចំណូល​ទាប និង​គ្រួសារ​ដែលមាន​សមាជិក​មាន​ពិការភាព​ជាដើម​។ យើង​ជឿជាក់ថា គ្រប់គ្នា​គួរ​មានឱកាស​ស្មើភាព​គ្នា​ក្នុងការ​ទទួលបាន​ទឹកស្អាត​។​“

​លោក​ហែម វណ្ណឌី អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា “​គម្រោង​នេះ នឹង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ ដែល​កំពុង​កើន​ចំនួន​យ៉ាង​ឆាប់រហ័ស តាមរយៈ​ការបំពេញ​តម្រូវការ​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត និង​មាន​សុវត្ថិភាព​សម្រាប់​ពួកគាត់ ដែលជា​ការរួមចំណែក​ធ្វើឱ្យ​ពួកគាត់​កាន់តែ​មាន​សុខភាព​ល្អប្រសើរ​ផងដែរ​។ នេះ​ជាការ​វិនិយោគ​លើក​ទី ១ របស់​ធនាគារ EIB ក្នុងប្រទេស​កម្ពុជា ដែលមាន​ការគាំទ្រ​ពី​ហិរញ្ញប្បទាន​វិនិយោគ​ឥត​សំណង​ក្នុង​ទឹកប្រាក់ ១៣,៥ លាន អឺរ៉ូ ពី EU តាមរយៈ​កម្មវិធី​វិនិយោគ​នៅ​អាស៊ី ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​ប្រភព​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​របស់ខ្លួន​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ជា​ស្ថាប័ន​ដែល​ធ្លាប់មាន​ប្រវត្តិ​បំពេញការងារ​យ៉ាង​ល្អ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ស្ថាប័ន​នេះ ក្នុងការ​បញ្ចប់​គម្រោង​នេះ​ដោយ​ជោគជ័យ​។​”

​លោក​ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មានប្រសាសន៍ថា “​ដូចដែល​អ្នក​ទាំងអស់​គ្នា​បាន​ជ្រាប​ហើយ​ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ផ្តួចផ្តើម​ដំណើរការ​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​កាលពី ២២ ឆ្នាំមុន​។ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ បានសម្រេច​នូវ​លទ្ធផល​គួរឱ្យកត់សម្គាល់​៖ ទឹក​ដែល​ពុំមាន​ផ្តល់​ចំណូល​បាន ថយចុះ​ពី ៧២% មក​នៅ ៨%, ចំណូល​ដែល​បាន​ពី​ការលក់​កើនឡើង ១០​ដង ហើយ​ឥឡូវនេះ​អត្រា​នៃ​ការចេញ​វិក្កយបត្រ​ទឹក កើនឡើង​កៀក​ដល់ ១០០%​។ លទ្ធផល​ទាំងនេះ ពុំ​អាច​សម្រេច​បានឡើយ ប្រសិនបើ​ពុំមាន​ការបន្ត​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។ AFD និង EIB បំពេញ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្នុងការ​បង្កើន​សមត្ថ​ភាព​ផលិតកម្ម និង​ចែកចាយ​ដើម្បី​បំពេញតម្រូវការ​ទឹក ដូចដែល​បាន​ព្យាករ​ក្នុង​ផែនការមេ ២០១៦-២០៣០​។ ការគាំទ្រ​នេះ បានផ្តល់​លទ្ធភាព​ឱ្យ​រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ ឆ្លើយតប​ចំពោះ​កំណើន​ប្រជាសាស្ត្រ និង​កំណើនសេដ្ឋកិច្ច​ក្នុង​កម្រិត​ខ្ពស់ ជាពិសេស​នៅតាម​តំបន់​ជិតខាង​។​”

​គម្រោង​នេះ មាន​ទិសដៅ​ស្របគ្នា​ជាមួយនិង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ ២០១៤-២០២០ សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​បស់​សហភាព​អឺរ៉ុប ជាមួយនិង​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ទី ១ នៃ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​សហ​ភាព​អឺរ៉ុប គឺ “​វិស័យ​គ្រប់គ្រង​កសិកម្ម និង​ធនធានធម្មជាតិ​” និង ស្របតាម​យុទ្ធសាស្ត្រ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់​អឺរ៉ុប សម្រាប់​កម្ពុជា ២០១៤-២០១៨ ដែល​ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​។​

អំពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ប្រវត្តិ​តាំងពី​ឆ្នាំ ១៨៩៥ មកម្ល៉េះ ដែល​កាលនោះ​ក្រុមហ៊ុន Compagnie des Eaux et Électricité de l’Indochine (CEEI) ត្រូវបាន​បង្កើតឡើង និង​មានការ​សាងសង់​រោងចក្រ​ទឹកស្អាត​ជ្រោយចង្វា​។ បេសកកម្ម​របស់​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ គឺ​ដើម្បី​ធានាឱ្យមាន ការផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​ទទួលទាន​រយៈពេល​ពេញ ២៤ ម៉ោង​ក្នុង​មួយថ្ងៃ ៧ ថ្ងៃ​ក្នុង​មួយ សប្តាហ៍ ជាមួយនិង​សម្ពាធ​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុងតម្លៃ​សមរម្យ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ទីប្រជុំជន​ក្នុង​ខេត្តកណ្ដាល ដែលជា​ខេត្ត​ស្ថិតនៅ​ជាប់​នឹង​ទីក្រុង​ភ្នំពេញ ហើយ​នៅក្នុងពេល​ជាមួយគ្នា ក៏មាន​ការពិចារណា​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​ភាពក្រីក្រ​ផងដែរ ។ លើសពីនេះ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក៏បាន​ចែករំលែក​បទពិសោធន៍​របស់ខ្លួន ជាមួយនិង​រដ្ឋាករទឹក​តាម​បណ្ដា​ខេត្ត​ក្រុង​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់ និង​នៅក្នុង​បណ្ដា​ប្រទេស​ដទៃទៀត​នៅក្នុង​ពិភពលោក​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មាន​ភារកិច្ច​មួយ គឺ​ត្រូវ​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវ​ការដែល​មិន​ធ្លាប់មាន ហើយ​ក្នុងពេល​ជាមួយគ្នា នៅតែ​អាច​បន្ត​រក្សាបាន​នូវ​កម្រិត​ឧត្តមភាព​លំដាប់ថ្នាក់​ពិភពលោក ដោយ​ធានា​អត្ថប្រយោជន៍​សង្គម ផង និង​រក្សា​តម្លៃ​ទឹក​ឱ្យនៅ​ទាប​តាម​ដែល​អាច​ធ្វើបាន​៕​ ដោយ​៖​កូ​ឡាប​

spot_img
×