Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​អន្តរជាតិ Buhler នឹង​នាំ​យក​បច្ចេកវិទ្យា​ទំនើប ដើម្បី​អភិវឌ្ឍន៍​ខ្សែសង្វាក់​តម្លៃ​ស្រូវ​អង្ករ​កម្ពុជា និង​ជំរុញ​ការនាំចេញ​

spot_img

(​ភ្នំពេញ​) ៖ តំណាង​ក្រុមហ៊ុន​លំដាប់​ពិភពលោក Buhler ដែល​មាន​ការិយាល័យ​កណ្តាល​នៅក្នុង​ទីក្រុង​ហ្សូ​រិច នៃ​ប្រទេស​ស្វីស គ្រោង​វិនិយោគ​សាងសង់​ឡ​សម្ងួត (​សៃ​ឡូ​) ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ឈាន​មុខ​គេ​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ​ស្រូវ​អង្ករ និង​ធ្វើ​ពិ​ពិធកម្ម​នាំ​ចេញ​ផលិតផល​សម្រេច ទៅ​កាន់​ទីផ្សារ​សាកល ប្រកបដោយ​និរន្តរភាព​។

​នៅក្នុង​ជំនួប​ជាមួយ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោក David Wang ប្រធាន​ក្រុមហ៊ុន Buhler Group Asia បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ការគាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ និង​បាន​ជម្រាបជូន​អំពី​សាវតា និង​ផលិតផល​សំខាន់ៗ​របស់​ក្រុមហ៊ុន មានដូចជា អាហារ​កែច្នៃ​ពី​គ្រាប់​ធញ្ញ​ជាតិ​, ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ និង​សម្ភារៈ​បច្ចេកវិទ្យា​។​

​លោក David Wang បាន​គូសបញ្ជាក់ថា បេសកកម្ម​របស់​ក្រុមហ៊ុន Buhler ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ ដើម្បី​កែច្នៃ​ផលិតផល​, បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​អ្នកប្រើប្រាស់​, និង​ពង្រឹង​និរន្តរភាព​ផលិតកម្ម ហើយ​នៅ​កម្ពុជា លោក​គ្រោង​នឹង​វិនិយោគ​សាងសង់​ឡ​សម្ងួត​ទំនើប​ចំនួន ១០​ទីតាំង នៅក្នុង​ខេត្ត​គោលដៅ​ចំនួន ១០ ដែល​អាច​ស្តុក​ទិន្នផល​ស្រូវ​ប្រមាណ ១​លាន​តោន និង​អាច​សម្ងួ​តស្រូវ ១៣​ពាន់​តោន ក្នុង​មួយ​ថ្ងៃ សម្រាប់​កែច្នៃ​ជា​ផលិតផល​ចំណីអាហារ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។​

​ជា​ការឆ្លើយតប លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ក្តី​សោមនស្ស និង​សាទរ​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន Buhler ដែល​មាន​សង្គតិភាព​ជា​មួយ​យុទ្ធសាស្ត្រ​សមាហរណកម្ម​កម្ពុជា (CTIS) និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា (IDP) ព្រមទាំង​គោលដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី បានបង្ហាញ​ជំនឿ​មុតមាំ​ថា នៅពេល​ការសាងសង់​បញ្ចប់ គម្រោង​នេះ​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ទប់ស្កាត់​ការហូរ​ចេញ​ស្រូវ​ទៅកាន់​ប្រទេស​ជិតខាង ជួយ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ ក៏​ដូចជា​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​។ លើសពីនេះ ឡ​សម្ងួត​ទាំងអស់ ក៏​នឹង​ផ្តល់​គុណប្រយោជន៍​ធំធេង​ដល់​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម​ជាតិ ដែល​នឹង​រួមចំណែក​លើក​ស្ទួយ​កិត្តិនាម​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​ផង​ដែរ​ ៕ ដោយ​៖​កូឡាប​

spot_img
×