Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណើន​នៃ​ការនាំ​ចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គិត​ជា​ទឹកប្រាក់​ចំនួន ៩,៥​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៧

spot_img

​ភ្នំពេញ​៖ ជាមួយ​កំណើន​នៃ​ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គិត​ជា​ទឹកប្រាក់​ចំនួន ៩,៥​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៧ ពោល​គឺ​បាន​កើនឡើង ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បាន​គូសបញ្ជាក់ថា កំណើន​ពាណិជ្ជកម្ម គួរ​ឲ្យ​កត់​សម្គាល់នេះ ពិតជា​មិន​អាច​កាត់ផ្តាច់​បាន​ពី​ការរួមចំណែក​យ៉ាង​សកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​ការធ្វើ​សកម្មភាព​ពាណិជ្ជ​កម្ម​ទាំង​ក្នុងប្រទេស និង​នៅលើ​ឆាក​អន្តរជាតិ​។ តាម​ការព្យាករណ៍ បាន​បង្ហាញឲ្យឃើញថា ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ កម្ពុជា​រំពឹងថា នឹង​ទទួលបាន​កំណើនសេដ្ឋកិច្ច ប្រមាណ ៦,៩%​។​

​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព សម្រាប់​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម ឆ្នាំ​២០១៧ និង​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៨ ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្តែង​ការ​សាទរ​ចំពោះ​សមិទ្ធផល​ការងារ​សំខាន់ៗ ដែល​ក្រសួង​ពាណិជ្ជកម្ម សម្រេចបាន​នៅ​ក្នុង​ឆ្នាំ​២០១៧​។​

​ជាមួយនឹង​ការអបអរសាទរ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ក៏បាន​ផ្តល់​អនុសាសន៍​មួយចំនួន ដល់​ក្រសួង​ពាណិជ្ជកម្ម ដោយ​ផ្តោត​សំខាន់​លើ​ការបន្ត​អនុវត្តន៍​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ ដើម្បី​លើកកម្ពស់​បរិ​យាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ជូន​វិស័យ​ឯកជន ជា​ពិសេស​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ថ្មីៗ​បន្ថែម សម្រាប់​ឈាន​ទៅ​ធ្វើ​សមាហរណកម្ម​ផលិតផល​ក្នុងស្រុក ចូលទៅ​ក្នុង​បណ្តាញ​ផលិតកម្ម​ក្នុង​តំបន់ និង​ពិភពលោក​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ និង​បាន​សំណូមពរ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​ការងារ​ល្អ​នេះ​បន្តទៀត ដើម្បី​នាំមក​នូវ​ភាព​រីកចម្រើន ក៏​ដូច​ជា​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត សម្រាប់​ក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ទាំងមូល ជាពិសេស​ចូលរួម​លើកស្ទួយ​ដល់​ការអនុវត្ត​គោលការណ៍​អភិបាលកិច្ច​ល្អ ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×