Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រារព្ធ​ខួប​ ៤២​ ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របស់​ប្រល័យ​ពូជសាសន៍

spot_img

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ជាតិ តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ការពារជាតិ ប្រារព្ធ​ខួប​៤២​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩) នៅ​តំបន់​កោះ​ថ្ម ឃុំ​ទន្លុ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ។​

​ការ​ប្រារព្ធ​ខួប​៤២​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​គឺ​ចង់​បញ្ជាក់​ថា​ជា​ចំណុច​ចាប់ផ្តើម​ដំបូងបង្អស់ និង​រម្លឹក​នូវ​ប្រវត្តិ​សាស្ត្រ​ដ៏​ជូរ​ចត់ ក្នុង​ការបូជា​សាច់​ស្រស់​ឈាម​ស្រស់​របស់​សម​មិត្ត ហ៊ុន សែន និង​កម្មាភិបាល​ដ៏​ទុកចិត្ត​៤​រូប គឺ​លោក នុ​ច ថន​, ញឹក ហួន​, ស៊ូ គីម​ស្រ៊ាង និង វ៉ា ប៉ោ​អ៊ាន បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ក្នុង​ការស្វែងរក​ជំនួយ​ឧបត្ថម្ភ​ក្នុងការ​រំដោះ​ជាតិ​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជ​សាន៍ ប៉ុល ពត ដើម្បី​ប្រាប់​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យដឹង និង​ចងចាំ​បន្ថែមទៀត​។​

​នៅក្នុង​ឱកាស​នេះ​ដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​រៀបចំ​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​ប្រវត្តិសាស្ត្រ​សម្តេច​តេជោ​ដែល​ជា​ផ្លូវក្រាល​គ្រួស​ក្រហម​មាន​ប្រវែង​៩៩០០​ម៉ែត្រ ធ្វើ​ពិធី​រំ​ឮ​ក​គុណ គោរព​ព្រះ​ភូមិ ទេព​បង្ហាញផ្លូវ ទេវតា​ថែរក្សា​ទឹកដី ពិធី​ដាំ​ដើម​ជ្រៃ ជា​និមិត្តរូប​។ បន្ទាប់មក​សម្តេច​ពិជ័យ​សេនា នឹង​គណៈប្រតិភូ​ធ្វើដំណើរ​តាម​រថយន្ត​ផ្ទាល់ខ្លួន​ចេញ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន​សែន​កោះ​ថ្ម ទៅកាន់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម ចំណុច​អាង​ដាច់ X16 «​ដើម​ត្រ​យឹង​» និង​ធ្វើ​ពិធី​ទាញ​ស្បៃ​សម្ពោធ​ដាក់តាំង​ផ្ទាំង​សិលាចារឹក នៅ​ចំណុច​អាង​ដាច់​X16 «​ដើម​ត្រ​យឹង​»​។​

​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅ​កាន់​ការផ្តួលរំលំរ​បប​ប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​រាល់​ឯកសារ​នានា​របស់​សម​មិត្ត ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ដំណើរការ​តស៊ូ​លះបង់​ជីវិត ដើម្បី​ជាតិ​មាតុភូមិ​ត្រូវបាន​ឆ្លាក់​នៅ​វិមាន​ឈ្នះ​-​ឈ្នះ ដើម្បី​ទុក​ឱ្យ​កូន​ចៅ ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ និង​ចងចាំ​នូវ​ព្រឹត្តិការណ៍​មួយ​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​តាមរយៈ​ហ្វេ​សប៊ុក​ថា  ៖ ​ថ្ងៃ ២០ មិថុនា ២០១៩ នេះ ជា​ខួប​លើក​ទី ៤២ ឆ្នាំ នៃ​ថ្ងៃ​ដែល​ខ្ញុំ​សម្រេច​ចិត្ត​ដោយ​ការឈឺចាប់ យក​ជីវិត​ធ្វើ​ដើមទុន​ដើម្បី​តស៊ូ​រំដោះ​ប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០១៩)​។​

​ទោះបី​ពេលនេះ ខ្លួន​ខ្ញុំ​និង​ប្រជាជន​កម្ពុជា កំពុង​ទទួលបាន​នូវ​សេចក្តីសុខ តែ​ខ្ញុំ​មិន​ដែល​ភ្លេច​នូវ​ទឹកភ្នែក​រាប់ម៉ឺន​រាប់សែន​ដំណក់ នៅពេលដែល​ខ្ញុំ​ឈាន​ជើង​ចេញពី​មាតុភូមិ​ចោល​ប្រជាជន​កម្ពុជា​ដែល​កំពុង​រងគ្រោះ ពិសេស​ចាកចេញ​ចោល​ភរិយា​ដ៏​កំសត់ ដែល​កំពុង​មាន​ផ្ទៃពោះ​។ ខ្ញុំ​អត់​មាន​ជម្រើស​អោយ​ល្អ​ជាង​នេះ​ទេ ព្រោះ​យើង​មិនអាច​សុំ​ការ​អាណិត​ពី​ពួក ប៉ុល ពត បានឡើយ​។ ជម្រើស​ប្រកបដោយ​គ្រោះថ្នាក់​និង​ទឹកភ្នែក​នោះ​ហើយ ដែល​នាំមក​នូវ​សេចក្តីសុខ និង​ការរីក​ចម្រើន​រហូត​ដល់​សព្វថ្ងៃនេះ​។​

​សម្តេច​បាន​ថ្លែងថា ដើម្បី​រំលឹក​ដល់​ការឈឺចាប់​នាពេលនោះ ខ្ញុំ​បាន​រៀបចំ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា (​សំបុត្រ​ដែល​ពិបាក​សរសេរ​បំផុត​) ទុក​សម្រាប់​ការស្តាប់ និង​ស្វែងយល់​របស់​បងប្អូន​ជនរួមជាតិ​។​

​ថ្ងៃ​២០​មិថុនា​នេះ ជា ខួប ៤២​ឆ្នាំ នៃ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។​

​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ សម្តេច​តេជោ ហ៊ុន សែន បាន​ដឹកនាំ​យុទ្ធ​មិត្ត ៤​រូប​ទៀត ភៀសខ្លួន​ទាំង​គ្រោះថ្នាក់ ចាកចេញ​ពី​ទឹកដី​កម្ពុជា នៅ​ទីតាំង​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​កំពង់ចាម ( សព្វថ្ងៃ​ខេត្ត​ត្បូងឃ្មុំ ) ឆ្ពោះទៅ​កាន់​ទឹកដី​វៀតណាម ដើម្បី​រៀបចំ​ចលនា​តស៊ូ វាយ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត រហូត​ដល់​ទទួល​បាន​ជ័យជម្នះ​ទាំងស្រុង នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩​។​

ចំណុច​ទី​១ ៖

​ទីតាំង​កោះ​ថ្ម ឃុំ​ទន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៃ​បញ្ជាការដ្ឋាន​វរ​សេនា​ធំ តំបន់​២១ វេលា​ម៉ោង ២១:០០​នាទី ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ ចំ​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​អសា​ឍ ឆ្នាំ​ម្សាញ់ នព​ស័ក ព​.​ស ២៥២១ សម​មិត្ត ហ៊ុន សែន និង​កម្មាភិបាល​ដ៏​ទុកចិត្ត​បួន​នាក់ គឺ នុ​ច ថន​, ញឹក ហួន​, ស៊ូ គីម ស្រ៊ាង (​ហៅ​សាញ់​) និង វ៉ា ប៉ោ​អ៊ាន ចាប់ផ្តើម​ដំណើរ​ភៀសខ្លួន​ទៅ​វៀតណាម ដើម្បី​ស្វែងរក​ការជួយឧបត្ថម្ភ ក្នុងការ​រំដោះជាតិ ចេញពី​របប​ប្រល័យ​ពូជ​សាន៍ ប៉ុល ពត​។

​ដោយសារ​ប្រទេស​ទាំង​ពីរ ស្ថិតក្នុង​ស្ថានភាព​មាន​ជម្លោះ​ប្រដាប់អាវុធ​ជាមួយគ្នា វៀតណាម​លំបាក​បែងចែក​រវាង​ជនភៀសខ្លួន និង​ទាហាន​ខ្មែរក្រហម ដែល​មាន​បំណង​ចូល​ទៅ​វាយ​ឆ្ម​ក់​។

​ដោយ​បាន​គិត​ដល់​បញ្ហា​នេះ ជាមុន សម​មិត្ត ហ៊ុន សែន បាន​សម្រេច​ចិត្ត​យក​តែ​មនុស្ស​បួន​នាក់​ទេ ទៅ​ជាមួយ ព្រោះ​ក្រុម​ធំ​មួយ​នឹង​បង្ក​ការយល់​ច្រឡំ​ថា ជា​ក្រុម​វាយ​ឆ្ម​ក់​របស់ ប៉ុល ពត អាច​បណ្តាលអោយ​ការវាយប្រហារ​ពី​វៀតណាម​។

​ធម្មជាតិ ក៏​បាន​ចូលរួមចំណែក​ក្នុងការ​ធ្វើ​ដំណើរ ដោយ​ចន្លោះ​វេលា​ម៉ោង ២២:០០​នាទី ដល់​វេលា​ម៉ោង ០១និង០០​នាទី រំលង​អាធ្រា​ត្រ មាន​ភ្លៀង​ផ្លេកបន្ទោរ និង​ផ្គរលាន់ ម្យ៉ាង​ត្រូវ​ការពុះពារ​ទ្រាំទ្រ​នឹង​អាកាសធាតុ​ដ៏​លំបាក ប៉ុន្តែ​ម្យ៉ាងទៀត​ក៏​អាច​ធ្វើអោយ​មាន​សុវត្ថិភាព​ការពារ​ខ្លួន ក្នុង​ពេល​ធ្វើ​ដំណើរ​នេះ​។

​ទីតាំង​ដែល​សម​មិត្ត ហ៊ុន សែន និង​ក្រុម​ឆ្លងកាត់​ពី​ខាង​កម្ពុជា គឺ​នៅ​ត្រង់​ពាំង​ខ្ត័រ និង​អាង​ដាច់​ដែល មាន​ដើម​ទ្រយឹង​ធំ​ស្កឹមស្កៃ​នៅក្បែ​នោះ​។ នៅ​ទល់​ខាងមុខ គឺជា​ស្រុក​ទុ​កនិញ ក្នុង​ខេត្ត​សុង​ប៊ែរ របស់​វៀតណាម​។

​មុន​ពេល​ឈាន​ជើង​ចូលក្នុង​ទឹកដី​វៀតណាម សម​មិត្ត ហ៊ុន សែន បាន​បែរមុខ​មក​ខាង ទឹកដី​កម្ពុជា ទាំង​ទឹកភ្នែក ដោយ​និយាយ​ក្នុង​ចិត្ត​ថា អាយុ ១៣​ឆ្នាំ បែក​ពី​ស្រុកកំណើត ដោយ​អត់​សាលារៀន អាយុ ២៥​ឆ្នាំ​បែក​ពី​ប្រទេស​ដោយ​ពួក​ឃាតក​។​

ចំណុច​ទី​២ ៖
​វេលា​ម៉ោង ០២:០០​នាទី ទៀប​ភ្លឺ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ សម​មិត្ត ហ៊ុន សែន បាន​ដើរចូល​ចម្ងាយ​ប្រមាណ ២០០​ម៉ែត្រ ទៅក្នុង​ទឹកដី​វៀតណាម​។ អ្នក​ទាំងអស់​គ្នា ក៏​បាន​សម្រាក​រង់ចាំ​ពេល​ភ្លឺ ដើម្បី​កំណត់​ទិសដៅ សម្រាប់​បន្តដំណើរ និង​ពុំ​មាន​អ្វី​ទទួលទាន​នោះឡើយ​។

​សំណួរ​មួយចំនួន ដែល​សម​មិត្ត ហ៊ុន សែន បាន​ចោទសួរ​ខ្លួនឯង​ថា តើ​អាច​ត្រូវ​ស្លាប់​នៅ​ពេល​ឆ្លង​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​ការ​ជាន់មីន ឬ​ដោយ​កងការពារ​ព្រំដែន​របស់​វៀតណាម ឬទេ​? តើ​អាច​ត្រូវ​ជាប់គុក ដោយសារ​ការ​ឆ្លងដែន​ខុសច្បាប់ ឬទេ​? តើ​វៀតណាម​ជឿ ហើយ​សុខចិត្ត​ជួយ​ក្នុង​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ឬទេ​? ក្នុងពេល​ដែល​វៀតណាម កំពុង​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ប្រជាធិបតេយ្យ​? សំណួរ​ចុងក្រោយ គឺ​តើ​វៀតណាម អាច​ចាប់​បញ្ជូន​មក​អោយ ប៉ុល ពត វិញ ឬទេ​?
​ការចាកចេញ​នេះ ជាការ​ចាកចេញ​ដោយ​ការឈឺចាប់ តែ​មោះមុត​ចោល​ទឹកដី​កំណើត ចោល​ភរិយា ដែល​មាន​ផ្ទៃពោះ ៥​ខែ​។ សម​មិត្ត​ពិតជា​មាន​ការលំបាក​ខាង​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ ដោយ​គិត​ដល់​ផលវិបាក អាច​កើតមាន​ចំពោះ​ភរិយា ដែល​កំពុង​ស្ថិត​នៅក្នុង​ក្រ​ញាំ​ឃោរឃៅ​របស់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅឡើយ​។

​នោះ​ជា​ពេល​ដែល​សម​មិត្ត ហ៊ុន សែន ចាប់ផ្តើម​យក​ជីវិត​ធ្វើ​ដើមទុន ដើម្បី​ធ្វើ​ការតស៊ូ​ផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បន្ទាប់​ពី​ការចូលរួម​ក្នុង​កងកម្លាំងប្រដាប់អាវុធ​នៃ​ចលនា​រំដោះ​ជាតិ រហូត​ដល់​ពិការភ្នែក​ម្ខាង​នៅ​ឆ្នាំ​១៩៧៥​។

​ដោយ​នៅ​មាន​ភ្លៀង​តិចៗ និង​មេឃ​នៅ​ធ្លាក់​អ័ព្ទ​ជាច្រើន លំបាក​រក​ទិស​អោយចំ ដោយ​ពុំ​មាន​ត្រីវិស័យ ដូចនេះ ត្រូវ​រងចាំ រហូតដល់​ពេល​ភ្លឺ​ច្បាស់​ថ្ងៃ​រះ ទើប​ចេញ​ដំណើរ នៅ​ម៉ោង​ប្រមាណ ០៨និង០០​នាទី​ព្រឹក​។

​សម​មិត្ត ហ៊ុន សែន និង​ក្រុម​យុទ្ធ​មិត្ត បាន​សម្លឹង​មើល​ទៅ​ទិស ដែល​ព្រះអាទិត្យ​រះ នោះ​គឺ​ទិសខាងកើត ជា​ទិស​តែមួយគត់ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​វៀតណាម​។​

ចំណុច​ទី​៣ ៖

​ក្រោយពី​ធ្វើ​ដំណើរ​កាត់​ព្រៃ​ក្នុង​ទឹកដី​វៀតណាម បាន​ប្រមាណ​ជិត ៦​គីឡូម៉ែត្រ វេលា​ម៉ោង ១១:០០ នាទី ជិត​ថ្ងៃត្រង់ ក្រុម​សម​មិត្ត ហ៊ុន សែន បាន​ទៅ​ជួប​ផ្លូវលំ​មួយ​ក្រាល​គ្រួស​ក្រហម ក៏បាន​សម្រេច​លាក់​អាវុធ រួច​រៀបចំ​ដាំបបរ​ដោយ​អង្ករ ដែល​នៅសល់​ក្នុង​ទៃ​បន្តិចបន្តួច រួច​បន្ត​ដំណើរ​តាម​ផ្លូវថ្នល់ ទៅរក​ជួប​កងទ័ព​វៀតណាម និង​ប្រជាជន​វៀតណាម​។

​ហេតុអ្វី​បានជា​ក្រុម​សម​មិត្ត​សម្រេច​ធ្វើដំណើរ​ដោយ​លែងយក​អាវុធ​តាម​ខ្លួន​? នេះ​ជា​ការគិតគូរ​ដ៏​ឈ្លាសវៃ ព្រោះ​អោយតែ​ឃើញ​មាន​មនុស្ស​កាន់​អាវុធ​ឆ្លងដែន គឺ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ឬ​កងឈ្លប អាច​នឹង​ផ្ទុះ​អាវុធ​ភ្លាម ជីវិត​របស់​សម​មិត្ត និង​ក្រុម​យុទ្ធ​មិត្ត មិន​អាច​ធានា​បាន​ឡើយ​។​

ចំណុច​ទី​៤៖
​វេលា​ម៉ោង ១៤និង០០​នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៩៧ សម​មិត្ត ហ៊ុន សែន និង​ក្រុម​យុទ្ធ​មិត្ត បាន​ដើរ​ទៅ​ដល់​ភូមិ​វៀតណាម​មួយ ដែល​មាន​ចម្ងាយ​ប្រមាណ ១៤ គីឡូម៉ែត្រ​ពី​ព្រំដែន​។ ពេល​ប្រទះ នឹង​កម្មករ​ចម្ការកៅស៊ូ​វៀតណាម ដែល​កំពុង​ធ្វើដំណើរ សម​មិត្ត ហ៊ុន សែន ដើរ​សំដៅ ហើយ​កម្មករ​នោះ ក៏​អោយ​ក្រុម​សម​មិត្ត រង់ចាំ​នៅ​ទីនោះ​សិន​។

​បន្ទាប់មក កម្មករ​បាន​នាំ​កម្លាំង​ស្វ័យការពារ​វៀតណាម មកដល់ ដោយ​មាន​អាវុធ​មក​ជាមួយ​ផង​។

​ដំបូង វៀតណាម​សង្ស័យ​ទៅលើ​ជនកម្ពុជា​ទាំង​ប្រាំ​នាក់​នេះ ថា​ជា​ក្រុម​វាយឆ្មក់ ឬ​ក្រុម​ចារកិច្ច​របស់ ប៉ុល ពត ហើយ​បាន​ធ្វើ​ការសាកសួរ​។​

ចំណុច​ទី​៥៖

​ក្រោយ​ពី​ចាប់ផ្តើម​ជឿជាក់​ខ្លះ លើ​ការអះអាង​របស់​សម​មិត្ត ហ៊ុន សែន ថា​មិនមែន​ជា​ក្រុម​វាយ​ឆ្ម​ក់​របស់ ប៉ុល ពត ទេ ភាគី​វៀតណាម ក៏​បាន​ដាំបាយ​ឆ្នាំង​លេខ​១០ និង​ធ្វើ​ម្ហូប ជូន​សម្រាប់​មនុស្ស ៥​នាក់ ដែល​ធ្លាប់តែ​ហូប​បបរ​ជាង ១​ឆ្នាំ​ហើយ​។ ក្រោយពី​បាន​ទទួលទាន​រួច ជនកម្ពុជា​ទាំង​ប្រាំ​រូប ត្រូវ​គេ​នាំ​ធ្វើដំណើរ​ចម្ងាយ ៤​គីឡូម៉ែត្រ ទៅ​ដល់​ភូមិ​ឡាំង​ជីន នៅវេលា​ម៉ោង ១៦និង៤៥​នាទី​។​

ចំណុច​ទី​៦៖

​ជនកម្ពុជា​ទាំង​ប្រាំ ត្រូវបាន​សាកសួរ​ព័ត៌មាន​ម្តងទៀត នៅ​ទីនោះ ពី​សំណាក់​បញ្ជាការ​កងអនុសេនាធំ​ម្នាក់​របស់​វៀតណាម​។

​វេលា​ម៉ោង ១៧និង១៥​នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​១៩៧៧ អ្នក​ទាំង​ប្រាំ ត្រូវបាន​គេ​ដឹក​ក្នុង​រថយន្ត​ធុន​ធ្ងន់ ម៉ាក GMC ពី​ភូមិ​ឡាំង​ជីន ទៅដល់​ស្រុក​ឡុក​និ​ញ នៅវេលា​ម៉ោង ១៨:០០​នាទី​។​

ចំណុច​ទី​៧៖

​ក្រោយ​ពី​បរិភោគ​អាហារ​ពេល​ល្ងាច​រួច ដែល​មាន​បាយ និង​បន្លែ​ត្រកួន​ហើយ សម​មិត្ត ហ៊ុន សែន ត្រូវ​គេ​បំបែក​ចេញពី​អ្នករួមដំណើរ​ទាំង​បួន​នាក់ ដែល​មក​ជាមួយ​គ្នា ហើយ​ត្រូវបាន​គេ​សួរ​ព័ត៌មាន​សាជាថ្មី ដោយ​សំណួរ​ដេញដោល​ជាច្រើន​ទៀត​។​

​នោះ​គឺជា​ពេលវេលា ដែល​តានតឹង ភិតភ័យ​ជាង​ពេល​ណា​ទាំងអស់ សម្រាប់​អ្នក​ទាំង​បួន ដែល​ធ្វើដំណើរ​មក​ជាមួយ​ដោយ​គិត​ថា គេ​អាច​យក​សម​មិត្ត ហ៊ុន សែន ទៅ​សម្លាប់ ឬ​ទៅ​ណា​មិនដឹង ប្រសិនបើ​មិន​ឃើញ​ត្រឡប់មកវិញ​។

​ពួកគាត់​ទាំង​បួន មាន​អារម្មណ៍​ច្រាស់​ច្រាល ទោះ​អស់កម្លាំង ក៏​ដេក​មិន​លក់ បក់​មិន​ល្ហើយ និង​រង់ចាំ​រហូត​សម​មិត្ត ហ៊ុន សែន ត្រឡប់មកវិញ ពេល​ជាង​ពាក់កណ្តាល​អាធ្រា​ត្រ ឆ្លង​ចូល ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​១៩៧៧​។

​ដោយសារ​ការសាកសួរ​ដេញដោល​ព័ត៌មាន ធានា​តាម​លំដាប់ថ្នាក់ ដែល​មាន​ពី​ថ្នាក់ភូមិ ឃុំ រហូតដល់​ស្រុក​នេះ បាន​ធ្វើអោយ​ភាគី​វៀតណាម ឃើញ​ច្បាស់​នូវ​ឆន្ទៈ​មោះមុត និង​ជំហរ​ដាច់ខាត​របស់​ស​ម​មិត្ត ហ៊ុន សែន ក្នុង​គោលបំណង​ដ៏​មុត​ស្រួច គឺ​ឆ្ពោះទៅរក​ការ​កៀរគរ​កម្លាំង សម្រាប់​រំដោះជាតិ​មាតុភូមិ ប្រជាជន​ពី​របប​ប្រល័យ​ពូជសាសន៍​។

​នា​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​១៩៧៧ សម​មិត្ត ហ៊ុន សែន និង​អ្នករួមដំណើ​រទាំង​បួន​នាក់ បាន ចេញដំណើរ​ទៅ​ខេត្ត​សុង​ប៊ែរ តាម​រថយន្ត​ដឹកអុស​។ វៀតណាម​កាន់តែ​ទទួលស្គាល់ថា សម​មិត្ត ហ៊ុន សែន មាន​ឋានៈ​ខ្ពស់​ជា​ថ្នាក់​បញ្ជាការ​វរ​សេនា​ធំ​ហើយ មិនមែន​ជា​ក្រុម ដែល ប៉ុល ពត បញ្ជូន​មក​វាយ​ឆ្ម​ក់​វៀតណាម​ទេ​។​

​ពី​ទីតាំង​កោះ​ថ្ម នា​រាត្រី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ បាន​ក្លាយ​ជា​ទិវា​មួយ​ដ៏​សំខាន់ នៃ​របត់​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ជា​ពេលវេលា ដែល​សម​មិត្ត ហ៊ុន សែន បានចាប់ផ្តើម​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៧ សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​កងកម្លាំង​កម្ពុជា អញ្ជើញ​ទៅ​កាន់​តំបន់​តស៊ូ​ទាំង ៧​ចំណុច នៅ​ទឹកដី​កម្ពុជា និង​បាន​ឆ្លងដែន​ចូល​ទឹកដី​វៀតណាម ដើម្បី​រំលឹក​ប្រវត្តិ​តស៊ូ​របស់​សម្តេច កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧​។

​ក្នុង​ថ្ងៃ​រំលឹក​ពី​ប្រវត្តិ​តស៊ូ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​សារ​នយោបាយ​មួយ​ចំនួន ទាំង​នៅក្នុង​ទឹកដី​កម្ពុជា និង​ក្នុង​ទឹកដី​វៀតណាម​៕​ ​ដោយ​៖​កូឡាប

spot_img
×