Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ផ្តល់​ជម្រើស​សប្បាយរីករាយ​ជូន​ភ្ញៀវ​ទេសចរ នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៧-២០១៨

spot_img

​ខេត្ត​ព្រះសីហនុ​៖ ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​សភាពាណិជ្ជកម្ម​ខេត្ត​នេះ បាន​សហការ​រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រី​សម័យ ព្រមទាំង​តាំងពិព័រណ៍​ផលិតផល​ទំនិញ​រាប់រយ​ស្តង់ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ នា​ឱកាស​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧-២០១៨ ឲ្យមាន​ភាពសប្បាយ​រីករាយ​។​

​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ប្រទេស​កម្ពុជា ឬ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ ឲ្យបាន​ច្រើន​កុះករ ព្រោះ​រដ្ឋបាល​ខេត្ត​នេះ បាន​ត្រៀម​រៀបចំ​កម្មវិធី​កម្សាន្ត​ជាច្រើន​ប្រភេទ រង់ចាំ​ស្វាគមន៍​ភ្ញៀវទេសចរ​ក្នុង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៧​។ ជា​ពិសេស​ជាង​នេះ លោក​ថា រដ្ឋបាលខេត្ត ក៏​បាន​ត្រៀមកម្លាំង​ការពារ​សន្តិសុខ ជូន​ភ្ញៀវ​ទេសចរ​នៅ​គ្រប់​ច្រកល្ហក​ទាំង​យប់​ថ្ងៃ ដើម្បី​រក្សា​សុវត្ថិភាព​ភ្ញៀវទេសចរ ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។

​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត​នេះ បាន​រៀបចំ​ពិធី​ក្រុង​ពាលី កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ នៅ​ទីតាំង​ប្រារព្វ​ពិធី នា​ឆ្នេរ​ឯករាជ្យ​។​

​នា​ឱកាស​នោះ លោក យន្ត មីន មានប្រសាសន៍ថា រដ្ឋបាលខេត្ត និង​សភាពាណិជ្ជកម្ម​ខេត្ត​នេះ បាន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​សម័យ ដោយ​មាន​តារា​ចំរៀង ប្រចាំ​ផលិតកម្ម​ល្បីៗ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មក​ចូលរួម​សម្តែង រយៈពេល ៣​យប់​ជាប់ៗ​គ្នា និង​មាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ផងដែរ​។ លោក​បន្ត​ថា​វង់​តន្ត្រីសម័យ មិនតិច​ជាង ៥​ក្រុមហ៊ុន​ទេ បាន​មក​អង្រួន​រាត្រី​ឆ្លង​ឆ្នាំ​សកល ២០១៧- ២០១៨ នា​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ពិសេស​ប្រជាពលរដ្ឋ​មក​ពី​គ្រប់ទិសទី នៃ​ប្រទេស​កម្ពុជា​។

​លោក យន្ត មីន ឲ្យដឹង​ដូច្នេះ រួម​បន្ថែម​ថា ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ ក៏​មាន​ស្តង់​តាំង​លក់​ផលិតផល​ផ្សេងៗ​រាប់រយ​ស្តង់ នៅ​ឆ្នេរ​ឯករាជ្យ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ និង​ផ្តល់​ជម្រើស​កម្សាន្ត​ជូន​ភ្ញៀវទេសចរ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក យន្ត មីន បាន​អំពាវនាវ និង​ប្រកាស​ស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ពី​គ្រប់ទិសទី ទាំង​ក្នុង និង​ក្រៅប្រទេស ឲ្យចូល​មក​ទស្សនា​ខេត្តព្រះសីហនុ នា​ឱកាស​ឆ្លង​ឆ្នាំ​សកល ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឲ្យបាន​ច្រើន​កុះករ ជាពិសេស​មក​ចូលរួម​ទស្សនា សោភ័ណភាព​ភ្លើង​បំភ្លឺ​ចម្រុះ​ពណ៌​នៅ​តាម​សួនច្បារ និង​តាម​ផ្លូវ​សាធារណៈ នា​ពេល​រាត្រី ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត​នេះ ទើប​បាន​អភិវឌ្ឍ​ថ្មី សម្រាប់​ផ្តល់ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ក៏ដូចជា​បង្ហាញ​ពី​ភាព​រីកចម្រើន របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អ្នកដឹកនាំ​ដ៏​ល្អ​។​

​ងាក​មក លោក​ឧកញ៉ា ឡាវ កាំ​ង ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ដែល​បាន​រួមចំណែក​ក្នុង​ការរៀបចំ​កម្មវិធី​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧- ២០១៨​នេះ មានប្រសាសន៍ថា ស្ថាប័ន​លោក​បាន​ចំណាយ​ថវិកា​ជាង ១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​កម្មវិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ​។ ក្នុងនោះ​បាន​រៀបចំ​ឲ្យមាន​កម្មវិធី​កម្សាន្ត​មួយចំនួ​ន ជូន​ភ្ញៀវ​ទេសចរ រួម​មាន​ការប្រគំ​តន្ត្រី​សម័យ ដែល​មាន​តារា​ចម្រៀង​ល្បីៗ កំពុង​ពេញនិយម នៅក្នុង​ប្រទេស​កម្ពុជា ចូលរួម​សម្តែង ជូន​ភ្ញៀវ​ទេសចរ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ឆ្នាំ​២០១៧​។

​លោក​ឧកញ៉ា ឡាវ កាំ​ង បន្ថែមថា គោលបំណង នៃ​ការបង្កើត​កម្មវិធី​កម្សាន្ត​ផ្សេងៗ ដោយ​ចំណាយ​លុយ​អស់​រាប់​សែន​ដុល្លារ របស់​សភា​ពាណិជ្ជកម្ម​នៅពេលនេះ ប្រយោជន៍​ចង់​ផ្តល់​ជម្រើស​ជូន​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នា​ឱកាស​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ មិន​ឲ្យ​ខុស​បំណង និង​ទទួលបាន​ភាពសប្បាយ​រីករាយ ដើម្បី​បំបាត់ទុក្ខ​កង្វល់​ផ្សេងៗ ដែល​មាន​នៅ​ឆ្នាំ​ចាស់​កន្លងទៅ​។​

​លោក​បន្តថា ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ មាន​វង់​តន្ត្រីសម័យ មិនតិច​ជាង ៥​ក្រុមហ៊ុន​ទេ បាន​មក​ប្រគំ​សម្តែង ជូន​ភ្ញៀវ​ទេសចរ ព្រមទាំង​មាន​ដាក់​តាំងពិព័រណ៍​ផលិតផល​លក់​ទំនិញ​គ្រប់​ប្រភេទ ជូន​ភ្ញៀវ​ទេសចរ ដែល​ចូល​មក​កម្សាន្ត​នា​ខេត្ត​ព្រះសីហនុ​។ ជាង​នេះ ការប្រគុំ​តន្ត្រី​សម័យ ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ ក៏​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ក្នុង​ស្រុក​ផង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យចូល​មក​ទស្សនា​ខេត្ត​នេះ បាន​កាន់តែ​ច្រើន​ថែមទៀត​។

​ត្រង់​ចំណុច​នេះ លោក​ឧកញ៉ា ឡាវ កាំ​ង មាន​មោទនៈភាព​ថា បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ នឹង​ផ្តល់​ជម្រើស​សប្បាយរីករាយ​ទ្វេ​ដង​ជូន​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ ប្រសិន​បើ​ពួកគេ ជ្រើស​យក ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ សម្រាប់​ដំណើរ​កម្សាន្ត​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧ ឆ្នាំ​២០១៨​នេះ​។​

​យ៉ាងនេះក្តី ភ្ញៀវទេសចរ​ជាតិ​ភាគច្រើន ពួកគេ​បាន​បង្ហាញ​ការព្រួយបារម្ភ ចំពោះ​តម្លៃ​សេវា​ស្នាក់ និង​ម្ហូបអាហារ នា​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ ខ្លាច​ត្រូវ​ប្រតិបត្តិ​ករ​ទេសចរ​មូលដ្ឋាន​នេះ តម្លើង​តម្លៃ​ខ្ពស់កប់ពពក ជាពិសេស​មិន​មាន​សណ្ឋាគារ ឬ​ផ្ទះសំណាក់ ឲ្យបាន​គ្រប់​ចំនួន សម្រាប់ ឲ្យ​ពួកគេ​ជួល​ស្នាក់នៅ​ទៀត​ទេ ព្រោះ​ទទួលបាន​ព័ត៌មាន​មក​ថា សណ្ឋាគារ និង​ផ្ទះសំណាក់​ភាគច្រើន ត្រូវ​អ្នកវិនិយោគ​ជនជាតិ​ចិន ជួល​ធ្វើ​កាស៊ីណូ និង​ក្លឹប​កម្សាន្ត​ផ្សេងៗ ស្ទើ​ទាំងស្រុង​ទៅ​ហើយ​។

​ភ្ញៀវទេសចរ​ជាតិ​មួយចំនួន ដែល​មាន​បំណង​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំនេះ បង្ហាញ​ការព្រួយបារម្ភ ខ្លាច​តម្លៃ​សេវា​ស្នាក់នៅ ថ្លៃ​ជួល​ទីកន្លែង​អង្គុយ និង​តម្លៃ​ម្ហូបអាហារ ត្រូវ​ប្រតិបត្តិ​ក​រ​មូលដ្ឋានេះ បាន​កំណត់​តម្លៃ​ខ្ពស់ ខុស​ពី​ថ្ងៃ​ធម្មតា​ទ្វេដង ព្រោះ​តាម​ការកត់សម្គាល់​កន្ល​ង​មក នៅពេល​មាន​ពិធីបុណ្យ​ជាតិ​ធំៗ ឬ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ចូលមក​ដល់​ម្តងៗ ជាហេតុ​នាំ​ឲ្យ​ពួកគេ​ខ្លាចរអា និង​រារែក ក្នុងការ​ធ្វើ​ដំណើរ​កម្សាន្ត​មកកាន់ ខេត្ត​ព្រះសីហនុ​នា​ពេល​កន្លងមក​នេះ​។​

​យ៉ាងណា​ក៏ដោយ​ចុះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ នៅ​តែ​ទទូច និង​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ជាតិ​អន្តជាតិ ឲ្យចូល​មក​ទស្សនា​ខេត្ត​នេះ​នា​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០១៧- ២០១៨​នេះ ឲ្យបាន​ច្រើន ដើម្បី​លុបបំបាត់ ឬ​ជម្រះ​នូវ​ទុក្ខ​កង្វល់​ផ្សេងៗ ដែល​កើត​មាន​សម្រាប់​ឆ្នាំ​ចាស់​នា​ពេល​កន្លង​ម​ទៅនេះ​។ ជាងនេះទៀត លោក​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន មាន​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជាដើម បាន​ត្រៀមកម្លាំង​ការពារ​សន្តិសុខ​ជូន​ភ្ញៀវទេសចរ នៅ​តាម​គោលដៅ​នានា​ទាំង​យប់​ថ្ងៃ ដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជា​ពិសេស​បាន​ពង្រា​យ​កម្លាំង​ប្រចាំការ​នៅ​តាម​រមណី​យដ្ឋា​ន​ធម្មជាតិ និង​តាម​តំបន់ឆ្នេរ​នានា ទាំង​ឆ្នេរសមុទ្រ​នៅលើ​កោះ​ជាដើម ដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ និយម​ចូលទៅ​កម្សាន្ត​៕ ដែន សីមា

spot_img
×