Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិខិត​មិត្ត​អ្នកអាន ​៖ ប្រជុំ​ច្រើនលើក ប៉ុន្តែ​នៅតែ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដោះស្រាយ​មិន​ចេញ​រឿង​គំនរ​សំរាម​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ នៅតែ​បន្ត​រិះគន់ ចំពោះ​ការគ្រប់គ្រង​កាកសំណល់​សំរាម របស់​រដ្ឋបាល​ក្រុងព្រះសីហនុ ជាមួយ​ក្រុមហ៊ុន​វិនិយោគ​ប្រមូល​សំរាម KSWM ដោយ​រាល់ថ្ងៃនេះ​គំនរ​សំរាម ត្រូវបាន​គេ​គរ​ទុក​ចោល​យូរថ្ងៃ និង​មាន​ក្លិនស្អុយ នៅតាម​ផ្លូវ​សាធារណៈ​។​

​ខាងក្រោម​នេះ​ជា​សារ របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ ស្តីពី​បញ្ហា​សំរាម​៖

” ក្នុងនាម​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ រស់នៅ​ក្រុង​ព្រះសីហនុ​មួយរូប ចាប់អារម្មណ៍​យ៉ាងខ្លាំង​អំពី​បញ្ហា​សំរាម ដែល​ត្រូវបាន​អណ្តែត​លើ​ផ្ទៃ​ទឹក​ពាសវាល​ពាសកាល ក្រោយ​ភ្លៀង​មួយ​មេ​កាលពីពេល​ថ្មីៗ​នេះ​។​

​សារ​ពលរដ្ឋ​បន្តថា នៅតាម​បណ្តា​ផ្លូវ​តូច ធំ ក្នុង​ទីក្រុង ពោរពេញ​ទៅ ដោយ​គំនរ​សំរាម ដែល​អាជ្ញាធរ​ព្យាយាម​ដោះស្រាយ​ច្រើនលើក ច្រើនសារ​មកហើយ ប៉ុន្តែ​នៅតែ​មិន​អាច​ចាត់​វិធានការ​ប្រមូល​សំរាម​ឲ្យអស់​ពី​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​នេះ​បាន​នៅឡើយ​ទេ​។ ចំណែក​ពាក់ព័ន្ធ​បញ្ហា​ជំនន់​ទឹកភ្លៀង​លិច​ទីក្រុង​នេះ​វិញ ខ្ញុំ​មិន​រំពឹងថា អាជ្ញាធរ ទាំង​ក្រុង និង​ខេត្ត អាច​ដោះស្រាយ​បញ្ហា​បាន​ឡើយ ពីព្រោះ​លូបង្ហូរទឹក ឬ​ប្រព័ន្ធ​បង្ហូរទឹក​ក្នុង​ទីក្រុង​នេះ​ត្រូវបាន​លុប​អស់​ទៅហើយ​..?​។

​ពលរដ្ឋ​អះអាងថា រាល់ថ្ងៃនេះ មិន​ថា​មុខ​ផ្ទះ​គេ ឬ​មុខផ្ទះ​ខ្ញុំបាទ​នោះទេ សំរាម​ត្រូវ​បានគរ​យូរថ្ងៃ​ទម្រាំ​បាន​រថយន្ត​មក​ប្រមូល​ម្តងៗ ។ ខ្ញុំបាទ​សង្កេត​ឃើញ​អាជ្ញាធរ​ក្រុង ក៏ដូចជា​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​កោះប្រជុំ​ញឹកញាប់​ណាស់ អំពី​បញ្ហា​សំរាម​នៅ​ក្នុង​ទីក្រុង​ទេសចរណ៍​មួយ​នេះ​។ តាម​ជំនួប​ប្រជុំ​នោះ គួរ​ណាស់​តែ​មាន​លទ្ធផល​វិជ្ជមាន ដុំកំភួន ឬ​និយាយ​ឲ្យ​ខ្លី គ្មាន​សំរាម​នៅលើ​ចិញ្ចើមផ្លូវ​ទៀត​ទេ​។ ប៉ុន្តែ​ទីបំផុត​ទៅ ការប្រជុំ​ដែល​ប្រារព្ធ​ឡើង​នៅក្នុង​បន្ទប់​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​នោះ​គ្មាន​បាន​លទ្ធផល​អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ​។ ពោល​គឺ​ប្រជុំ​ចេះ​តែ​ប្រជុំ សំរាម​ចេះតែ​បន្តគរ​កើនឡើង​។ អាជ្ញាធរ​អាច​និយាយថា បាន​លទ្ធផល​វិជ្ជមាន​ច្រើន​ណាស់​ហើយ ប៉ុន្តែ​ទិដ្ឋភាព​ជាក់ស្តែង​សំរាម​នៅ​តែ​គរ​ស្ទើរ​គ្រប់​ដងផ្លូវ នៅក្នុង​ក្រុង​មាត់សមុទ្រ​មួយ​នេះ​។ នៅពេល​ដែល​ភ្លៀង​ជន់​លិច​ទីក្រុង ធ្វើឲ្យ​សំរាម​អណ្តែត​លើ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ផ្ទះ ដែល​ទិដ្ឋភាព​បែប​នេះ ប្រជាពលរដ្ឋ ក៏​ដូច​មហាជន​ស្រមៃ​មើលចុះ​ថា តើ​វា​យ៉ាងម៉េច​?​។​

​ប្រជាពលរដ្ឋ​បង្ហាញ​កង្វល់​ដូច្នេះ រួច​បញ្ជាក់ថា នៅពេលដែល​ប្រជាពលរដ្ឋ​និយាយ​អំពី​បញ្ហា​សំរាម មាន​ថ្នាក់ដឹកនាំ​ខ្លះ លាប​ពណ៌​ថា ក្រុម​នោះ​ជា​ក្រុមប្រឆាំង ឬ​យ៉ាងនេះ យ៉ាងនោះ ដោយ​មិន​យល់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​។

​ក្នុងនាម​ខ្ញុំបាទ ជា​ប្រជាពលរដ្ឋ​យល់​ហើយ​ថា អាជ្ញាធរ​ពិតជា​ប្រឹងប្រែង ពោល​គឺ​ប្រជុំ​នោះ​មហា​ប្រជុំ ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម ប៉ុន្តែ​ប្រជុំ​យូរ​ទៅ សំរាម​កាន់តែ​គរ​ច្រើនឡើង​។ ដូច្នេះ​អាជ្ញាធរ​គួរតែ​លុបចោល​ការប្រជុំ ហើយ​រួមគ្នា ទៅ​កើប​សំរាម​ទាំងនោះ​វិញ​ល្អ​ជាង​។ អ្វី​ដែល​ជា​ការ​ខំ​ប្រឹងប្រែង​របស់​អាជ្ញាធ​រ ហាក់ដូចជា​មិន​បាន​ឆ្លើយតប​ទៅនឹង​អ្វី​ដែល​កំពុង​កើតមាន​នោះឡើយ​។ ខ្សែ​ផ្លូវ​ជាច្រើន​រង​ការខូចខាត​ស្ទើរតែ​មិន​អាច​ជិះ​ម៉ូតូ​បាន​។ ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ធ្វើដំណើ​រទាំង​ប្រថុយប្រថាន ផ្សងគ្រោះថ្នាក់​នៅពេល ដែល​មាន​ភ្លៀង ហើយ​ទឹក​ជន់​លិច​ផ្លូវ ឬ​ហូរ​ចូល​ផ្ទះសម្បែង​ជា​ដើម​នោះ​។

​យើងខ្ញុំ​ពិតជា​យល់​ថា ក្រុងព្រះសីហនុ ប្រឈម​នឹង​ការលំបាក ឬ​មាន​បញ្ហា​ច្រើន​នៅពេល ដែល​មាន​ការអភិវឌ្ឍ​។ ប៉ុន្តែ​បញ្ហា​សំរាម មិនគួរ​រាំងស្ទះ ឬ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ថ្នាំង​ថ្នាក់​នោះឡើយ​។ ការ​កំណត់​ពេលវេលា​ជាក់លាក់​ឲ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ធ្វើ​ប្រតិបត្តិការ ឲ្យបាន​ទៀងទាត់​តាម​អ្វី ដែល​បាន​កំណត់ គឺ​អាច​បញ្ចៀស​បញ្ហា​កកស្ទះ​សំរាម​នៅ​លើ​ដងផ្លូវ​នោះ​បាន​ខ្លះ​ហើយ​។ យើងខ្ញុំ​មិន​យល់ថា ហេតុអ្វី​បានជា​អាជ្ញាធរ ក្រុង ឬ​ខេត្ត​មិន​ចាត់​វិធានការ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឲ្យ​ចុះ​ប្រមូល​សំរាម​ឲ្យបាន​ទៀងទាត់​?​។​

​ហើយ​ថា ភាព​អសកម្ម​ទាក់ទង​បញ្ហា​សំរាម​នេះ អាជ្ញាធរ​បែរជា​ព្រមាន​ប្រជាពលរដ្ឋ​បញ្ហា​ចោល​សំរាម​ទៅវិញ​?​។ តើ​ឲ្យ​ប្រជាពលរដ្ឋ​គរ​សំរាម​ទុក​ក្នុងផ្ទះ នៅពេល​ដែល​ពលរដ្ឋ​បាន​ចំណាយ​ប្រាក់​ជា​ប្រចាំ​ខែ​យ៉ាង​ទៀត​ទាត់​ឲ្យទៅ​ក្រុមហ៊ុន​ប្រមូល​សំរាម​ហើយ​នោះ​ឬ​យ៉ាងណា​?

​ត្រង់​ចំណុច​នេះ សារ​ប្រជាពលរដ្ឋ​បញ្ជាក់ថា មិនបាច់​ប្រជុំ​ទៀត​ទេ គឺ​គ្រាន់តែ​ប្រាប់​ក្រុមហ៊ុន ឲ្យ​ចុះ​មក​ប្រមូល​សំរាម ឲ្យបាន​ទៀងទាត់ និង​ឆាប់រហ័ស គឺ​គ្រប់គ្រាន់​ហើយ​..៕ ដែន សីមា​

spot_img
×