Sunday, September 19, 2021

ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ស្វែងយល់​ពី​ការ​ពិនិត្យឡើងវិញ លើ​ការវិនិយោគ​វិស័យ កសិកម្ម​នៅ​កម្ពុជា​

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អង្គភាព​គ្រប់គ្រង​គម្រោង​ដើម្បី​គាំទ្រ​ការវិនិយោគ​វិស័យ​កសិកម្ម ក្នុង​ក្របខ័ណ្ឌ ASPIRE នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ដែល​ដឹកនាំ​ដោយ​លោក រស់ សីល​វ៉ា​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ០៣​រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​។ ជំនួប​ប្រឹក្សា​យោបល់​នាពេលនេះ​មានបំណង​សិក្សា​ស្វែងយល់​បន្ថែម​អំពី “​ការពិនិត្យ​ឡើងវិញ​លើ​ការវិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​” ធ្វើការ​វាយតម្លៃ​លើ​ទំហំ​វិនិយោគ​ដោយ​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ និង​វិស័យ​ឯកជន ម៉ូ​ដែល គោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃ​ការវិនិយោគ​។

​លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ពេលវេលា និង​សុច្ឆន្ទៈ​របស់​ក្រុម ប្រឹក្សា​សេដ្ឋកិច្ចជាតិ​ដែលមាន​បំណង់​ចង់​សិក្សា និង​ស្រាវជ្រាវ​បន្ថែម​លើ​ការវិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នាពេលនេះ​។ តប​តាម​គោលបំណង​របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច លោក​រដ្ឋ មន្ត្រី​បាន​ជម្រាបជូន​ក្រុមការងារ​យ៉ាង​លម្អិត​ពី​ការ​វិវឌ្ឍន៍​រីកចម្រើន​ពី​ដំណាក់កាល​មួយ មក​ដំណាក់កាល​មួយ​ក្នុង​វិស័យ​កសិកម្ម គោលនយោបាយ បរិយាកាស សក្តានុពល ឱកាស បញ្ហា​ប្រឈម និង​យន្តការ ឬ​នីតិវិធី​ដោះស្រាយ​ទាំង​រយ​:​ពេល​ខ្លី និង​រយ​:​ពេល​វែង​ដែល​វិស័យនេះ​បាននិងកំពុង​ជួបប្រទះ​។ ក្រៅពីនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងរ​អំពី​បច្ចុប្បន្នភាព​នៃ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ដែល​ក្រសួង​កំពុង​ខំប្រឹង​ជំរុញ​គឺ​ការកែច្នៃ និង​នាំចេញ ដោយ​អនុវត្ត​បច្ចេកវិទ្យា​កសិកម្ម​ទំនើប ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា ការធ្វើ​កសិពាណិជ្ជកម្ម​សំដៅ​ដល់​ការផលិត​ផលិតផល​ដែលមាន​គុណភាព អនាម័យ និង​ភូតគាម​អនាម័យ ឆ្លើយ​តម​តាម​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំចេញ​។ លោក​ក៏បាន​បន្ថែមទៀតថា ដើម្បី​ឲ្យ​គោលនយោបាយ​នេះ​ទទួលបាន​នូវ​លទ្ធផល​កាន់តែ​ជោគជ័យ និង​ប្រកបដោយ​និរន្តរភាព គឺ​ទាមទារ​ឲ្យ​មានការ​គាំទ្រ និង​កិច្ចសហការ​អនុវត្ត​ពេញលេញ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាមួយ​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ សហគមន៍​កសិកម្ម និង​ជាពិសេស​ស្ថាប័ន​ពាក់ព័ន្ធ​ទៅតាម​តួនាទី និង​ភារកិច្ច​ដែល​ទាំងអស់នេះ​ជា​ធាតុ​ចូល​ដ៏​សំខាន់​ក្នុងការ​គាំទ្រ​ដល់​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន​ទាំង​ពេលបច្ចុប្បន្ន និង​អនាគត​។​

​ទទួលបាន​អនុ​ស​សន៍​ពី​លោក​រដ្ឋមន្ត្រី​, លោក​រស់ សីល​វ៉ា និង​ក្រុមការងារ​បាន​ថ្លែង អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ធាតុ​ចូល​សំខាន់ៗ​ដែល​លោក​រដ្ឋមន្ត្រី​បានផ្តល់​ជូន​នាពេលនេះ ហើយ​ក្រុមការងារ​ថា​នឹង​យក​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​នេះ​ទៅ​រៀបចំ​ចង​ក្រ​ជា​ឯកសារ​សម្រាប់​ជា​ធាតុ​ចូល​ទុកជា​ត្រីវិស័យ​សម្រាប់​រៀបចំ​ក្របខ័ណ្ឌ​ម៉ូ​ដែល​នៃ​ការវិនិយោគ​មួយ​មាន​យន្តការ​អនុវត្ត​ច្បាស់លាស់ សមស្រប ប្រទាក់ក្រឡា និង​ប្រសិទ្ធភាព​ក្នុង​រយៈពេល​មធ្យម និង​វែង​ដើម្បី​អភិវឌ្ឍន៍​វិស័យនេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​៕​ ដោយ​៖​កូ​ឡាប​