Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា នឹង​អញ្ជើញ​តំណាង​រាជរដ្ឋាភិបាល មក​បំភ្លឺ​សេចក្តីព្រាងច្បាប់ ស្តីពី​វិធាន​រដ្ឋ​ជា​ម្ចាស់​កំពង់ផែ ក្នុងពេល​ឆាប់ៗ​នេះ​

spot_img

​ភ្នំពេញ​៖ គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ជួបប្រជុំ​ផ្ទៃក្នុង​អន្តរ​គណៈកម្មការ ដើម្បី​ពិនិត្យ​សិក្សា លើ​សេចក្តីព្រាងច្បាប់ ស្ដីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តីពី​វិធានការ​រដ្ឋ​ជា​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត នៅ​រសៀល​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​វិមាន​រដ្ឋសភា​។​

​លោក​ជា វ៉ាន់​ដេ​ត ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា បាន​លើកឡើងថា កិច្ចព្រមព្រៀង​ស្តីពី​វិធានការ​រដ្ឋ​ជា​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត ត្រូវបាន​អនុម័ត​ដោយ​សន្និសីទ​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០០៩ និង​មានចែង​ក្នុង​មាត្រា​ទី​១៤ នៃ​ធម្មនុញ្ញ​របស់​អង្គការ​ស្បៀង​និង​កសិកម្ម របស់​អង្គការសហប្រជាជាតិ​។ កិច្ចព្រមព្រៀង​នេះ​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៦ រយៈពេល ៣០​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ដាក់​តម្កល់​ឯកសារ​គតិយុត្តិ​ទី​២៥​នៃ​ការផ្តល់​សច្ចាប័ន ការទទួលយក ការយល់ព្រម​ជាមួយនឹង​ការតម្កល់​ឯកសារ​នៃ​កិច្ចព្រមព្រៀង​នេះ​។​

​លោក​បន្តថា មកដល់​ខែឧសភា ឆ្នាំ​២០១៩ មាន​ប្រទេស​ចំនួន​៦០ រួមទាំង​សហភាព​អឺរ៉ុប​បាន​ចូលរួម​ជា​ភាគី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ក្នុងនោះ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ចំនួន​០៥ រួមមាន ប្រទេស​មី​យ៉ាន់​ម៉ា ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ និង​ប្រទេស​វៀតណាម​។ កិច្ចព្រមព្រៀង ជា​ឯកសារ​គតិយុត្តិ​ដ៏​សំខាន់​តែមួយគត់​ដែលមាន​គោលបំណង​ប្រយុទ្ធប្រឆាំង និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​។ កិច្ចព្រមព្រៀង​នេះ​មាន ១០​ផ្នែក និង ៣៧​មាត្រា​។​

​ចំពោះ សេចក្តីព្រាងច្បាប់ ស្ដីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តីពី​វិធានការ​រដ្ឋ​ជា​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ដើម្បី​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត វិញ មាន​បី​មាត្រា​។ បន្ទាប់ពី​បាន​ពិនិត្យ​សិក្សា តាម​នីតិវិធី​រួចហើយ គណៈកម្មការ​ជំនាញរ​ដ្ឋ​សភា បានសម្រេច​ថា​នឹង​អញ្ជើញ​តំណាង​រាជរដ្ឋាភិបាល មក​ពិភាក្សា​និង​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​នេះ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ មុន​ដាក់ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​នាពេលខាងមុខ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×