Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការច្រក​ចេញ ចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ស្រុក​ស្ទឹង​ហាវ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ នា​រសៀល​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ ​លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ច្រកចេញ​-​ចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​ពិធី​សម្ភោ​ធ​នេះ មាន​ការចូលរួម​ពី​សំណាក់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ នា​បរិវេណ​សាលា​ស្រុក​ស្ទឹង​ហាវ​។​

​អភិបាល​ស្រុក​ស្ទឹង​ហាវ លោក ឆាយ សុគន្ធ​ដា បានឱ្យដឹងថា ការិយាល័យ​ច្រក​ចេញ ចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ បាន​ដាក់ឱ្យ​ដំណើរការ​នៅពេលនេះ ដើម្បី​ផ្តល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ភាពងាយស្រួល ដើម​ហ​បី​កាត់បន្ថយ​ការចំណាយ​ពេលវេលា បង្កើន​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​បង្ខិត​សេវា​នានា ឱ្យ​មក​ជិត ឬ​កៀក​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលស្រុក​បន្តថា ជាក់ស្ដែង នៅក្នុង​ឆ្នាំ​២០១៨ អាជ្ញាធរ​ស្រុក​ស្ទឹងហាវ បាន​ផ្ដល់​សេវា​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ​ចំនួន ៤.៣៨៨ ច្បាប់ និង​មាន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​សរុប ២.១០៦​នាក់ ។

​នា​ឱកាស​នោះ​ដែរ លោក យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​ច្រក ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ស្រុក​ស្ទឹងហាវ​នៅពេលនេះ គឺជា​ការផ្ដល់​សិទ្ធិ​សម្រេច​ក្នុង​ការទទួលខុសត្រូវ​ដល់​ក្រុមប្រឹក្សា និង​គណៈ​អភិបាលស្រុក ដែល​ជា​តំណាង​រាជរដ្ឋាភិបាល នៅ​ថ្នាក់​ស្រុក ក្នុង​ការផ្ដល់​សេវា​រដ្ឋ​បាល ជូន​ប្រជា ពលរដ្ឋ​ចំនួន ១៤​វិស័យ​។ ក្នុងនោះ​មាន​វិស័យ​ជំនាញ​ចំនួន​១០ ដែល​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​បានធ្វើ​ប្រតិភូកម្ម និង​វិស័យ​ផ្ទាល់​ចំនួន​៤ បានដាក់​មកឱ្យ​ថ្នាក់​មូលដ្ឋាន​ស្រុក​សម្រេច​។​

​លោក យន្ត មីន បន្តថា ក្នុង​វិស័យ​ទាំង ១៤ មាន​សេវា​រហូត​ដល់ ២១១​សេវា ដែល​រដ្ឋបាល​ស្រុក​ស្ទឹងហាវ ត្រូវ​អនុវត្ត​ផ្ដល់​សេវា​រដ្ឋបាល​ដោយ​ផ្ទាល់ ដើម្បី​ឆ្លើយតប​ទៅ នឹង​តម្រូវការ របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។

​ដោយឡែក​ចំពោះ​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ស្រុក គឺ​បង្កើតឡើង ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ ក្នុង​ការផ្ដល់​សេវា និង​ការអភិវឌ្ឍន៍​នៅ​មូលដ្ឋាន​តាមរយៈ​ពង្រឹង​តួនាទី ភារកិច្ច របស់​រដ្ឋបាល​ស្រុក ក្នុង​ការទទួល និង​សម្រុះសម្រួល​ដោះស្រាយ​បណ្ដឹង​ក្រៅ​ប្រព័ន្ធ​តុលាការ​ពាក់ព័ន្ធ​នឹង​ការផ្ដល់​សេវា​សាធារណៈ និង​ការគ្រប់គ្រង​រដ្ឋបាល​ប្រកបដោយ​តម្លាភាព​គណនេយ្យភាព ប្រសិទ្ធភាព សំដៅ​បង្កើន​ជំនឿ​ទុក ចិត្ត​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បន្តថា ចំពោះ​ការធ្វើ​កំណែទម្រង់​ថ្មី វា​ប្រាកដជា​មាន​អ្វី​ថ្មី ខុស​ពី​ទម្លាប់​មុន​ជាក់​ជាមុន​ខាន ឬ អាច​កើតមាន​នូវ​ចំណុច​អសកម្ម​មួយចំនួន​ផង​ដែរ ប្រសិនបើ​អ្នកពាក់ព័ន្ធ​មិន​មាន​ឆន្ទៈ ក្នុង​ការបំពេញ​ការងា​រ តាម​តួនាទី ភារកិច្ច​របស់​ខ្លួន ឱ្យស្រប​តាម​គោល ការណ៍​ដែល​បាន​ដាក់​ចេញ​នោះ​ទេ​។​

​ត្រង់​ចំណុច​នេះ លោក យន្ត មីន សង្កត់ធ្ងន់​ថា ទាមទារ​ឲ្យ​យើង​ទាំងអស់គ្នា​ជា​មន្ត្រីរាជការ​បំរើ​រាស្ត្រ ត្រូវ​ចេះ​បត់បែន​ទៅតាម​ពេលវេលា ដោយ​ត្រូវ​អនុវត្ត​ការងារ​ទៅតាម​របត់​ថ្មី នៃ​កំណែទម្រង់ របស់​រាជរដ្ឋាភិបាល​។ លោក​ថា បញ្ហា​នេះ គឺ​ទាមទារ​ឲ្យ​យើង​ទាំងអស់គ្នា​ជា​មន្ត្រីរាជការ ត្រូវ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ធ្វើ​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​ជា​បន្តបន្ទាប់ ដើម្បី​រួមចំណែក​សម្រេច​គោលដៅ​ការធ្វើកំណែទម្រង់ របស់​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​៕ ដែន សីមា​

spot_img
×