Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋរ​មក​ត​វ៉ា នៅ​សាលា​ខេត្តកោះកុង ដើម្បី​ឲ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ របស់លោក ហេង ហុយ​

spot_img

​ខេត្ត​កោះកុង ​៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ​ចំនួន​១៥១​គ្រួសារ មកពី​ភូមិ​ចំ​បក់ ភូមិ​តានី ឃុំ​ជីខ​លើ និង ឃុំ​ជីខ​ក្រោម នៃ​ស្រុក​ស្រែអំបិល បាន​នាំគ្នា​មក​ធ្វើការ​តវ៉ា និង​ដាក់ញា​ត្តិ​នៅ​សាលា​ខេត្តកោះកុង ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ជួយ​ដោះស្រាយ​នូវ​បញ្ហា​វិវាទ​ដីធ្លី តាំងពី​ឆ្នាំ​២០០៧ ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ របស់លោក ហេង ហុយ ដោយ​គិត​មក​ទល់​និង​ពេល​នេះ ពួក​គាត់​នៅ​ពុំទាន់​ទទួលបាន សំណង​ស្របច្បាប់​ណាមួយ​នៅឡើយ​។​

​បើ​តាម​ការលើកឡើង​ពី​ពលរដ្ឋ​ថា នៅ​ឆ្នាំ​២០០៧ ក្រុមហ៊ុន​ស្ករអំពៅ​របស់លោក ហេង ហ៊ុយ បាន​យក​គ្រឿងចក្រ ទៅ​ធ្វើការ​ឈូសឆាយ​រំលោភ​លើ​ដីស្រែ ចំការ​របស់​ពួកគាត់ ដោយ​ប្រើ​លេស​ថា ក្រុមហ៊ុន​មាន​ប្លង់​ស្លាបមាន់ ដែល​ទទួលស្គាល់​ពី​សំណាក់ អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ចំណែក​ពួកគាត់​ពុំ​មាន​លិខិតស្នាម ទទួលស្គាល់​ពី សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ទេ តែ​ដី​នេះ​ពួកគាត់ បាន​បង្កបង្កើន​ផល​ដំណាំ ដូចជា​ស្វាយ ស្វាយចន្ទី ស្រូវ ។​ល​។ តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ​។​

​ពលរដ្ឋ​បានឲ្យ​ដឹង​បន្ថែម​ទៀត​ថា ដី​ដែល​ក្រុមហ៊ុន​ស្ករអំពៅ របស់លោក ហេង ហ៊ុយ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​នោះ ពុំ​មាន​សកម្មភាព ដាំ​ដុះ​ដំណាំ​អ្វី​នោះទេ ហេតុ​នេះ​ពួកគាត់​សុំ​ធ្វើ​ការទាមទារ​ដី​នេះ​មកវិញ ដើម្បី​បាន​បង្ករ​បង្កើន​ផល​បន្តទៀត​។​

​ប្រភព​បន្តថា ពេល​នេះ​ញាត្តិ​ដែល​ពួក​គាត់​យក​មក ត្រូវបាន​រដ្ឋបាលខេត្ត​កោះកុង​ទទួល​ហើយ ដោយ​សន្យាថា​នឹង​ផ្តល់ដំណឹង ជូន​ពួកគាត់​នៅ​សប្តាហ៍​ក្រោយ តែ​បើសិនជា​គ្មាន​វិធានការ​ដោះស្រាយ ឬ មិន​មាន​ការឆ្លើយតប​ទេនោះ ពួកគាត់​និង​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញាត្តិ និង​តវ៉ា​នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ដើម្បីឲ្យ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ជួយ​ដោះស្រាយ​។​

​ឆ្លើយតប​ទៅ​បញ្ហា​ខាងលើ លោក សុខ សុ​ទ្ធី អភិបាលរង និង ជា​អ្នកនាំពាក្យ​សាលា​ខេត្តកោះកុង បាន​ថ្លែងឲ្យដឹងថា ពលរដ្ឋ​ដែល​បាន​លើកគ្នា មក​តវ៉ា​នៅ​សាលាខេត្ត​កោះកុង​នោះ គឺ​ពួកគាត់​ធ្លាប់បាន​ទទួល​សំណង​ជា​ថវិកា ពី​ម្ចាស់​ក្រុមហ៊ុន ហេង ហ៊ុយ រួចរាល់​តាំងពី​១០​ឆ្នាំ​មុន​មក​ម្លេះ ដោយ​មាន​ទាំង​ឯកសារ​ផ្តិតមេដៃ ព្រមព្រៀង​គ្នា​ជា​ផ្លូវការ​ថែមទៀត​ផង​។​

​លោក សុខ សុ​ទ្ធី បាន​បញ្ជាក់ទៀតថា ចំពោះ​ការលើក​គ្នីគ្នា​មក​តវ៉ា ពី​សំណាក់​ពលរដ្ឋ​នៅ​សាលាខេត្ត​នាពេលនេះ ទំនង​អាច​ជា​មានការ​ញុះញង់​ពីក្រោយ​ខ្នង​ក៏​ថា​បាន ខ​ណះ​ទីផ្សារ​ដីធ្លី​កំពុង​មាន​ការ​ហក់​ឡើង​ថ្លៃ​ខ្ពស់ ដែល​ជាហេតុ​នាំឲ្យ​ពួកគាត់​បង្ក​ជា​បាតុភាព ទាំង​ការបំពាន លើ​ច្បាប់​បែបនេះ​ទៅ​វិញ ហើយ​ចំពោះ​វិធានការ សម្របសម្រួល​យ៉ាងណា​នោះ អាជ្ញាធរខេត្ត និង​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ ដើម្បី​ពិនិត្យ និង​ស្រាវជ្រាវ​ឲ្យបាន​ល្អិតល្អន់​បន្ថែមទៀត​៕​ ដោយ​៖​កូឡាប​

 

spot_img
×