Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍​ជំរុញ​វាយតម្លៃ អ្នកជំនាញ​ទេសចរណ៍ ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ​ស្តង់ដារ សមត្ថភាព​អាស៊ាន​

spot_img

​ខេត្ត​ក្រចេះ​៖ ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ឯកឧត្តម ប៉ែន លី​ណាត អភិបាល​ស្តីទី​នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​ជ័យលាភី​ការវាយតម្លៃ​ការសិក្សា​ពីមុន (Recognition of Prior Learning) ដល់​អ្នកជំនាញ​ទេសចរណ៍​ចំនួន ៣០​រូប​លើ​ជំនាញ​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ជំនាញ​គេហកិច្ច និង​ជំនាញ​ការិយាល័យ​ជួរ​មុខ​នៅ​សណ្ឋាគារ ហ៊ បុ​ន្នី ខេត្ត​ក្រចេះ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ SwissContact ក្នុង​កម្មវិធី​អភិវឌ្ឍ​ជំនាញ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​គូសបញ្ជាក់ថា ការវាយតម្លៃ​ការសិក្សា​ពីមុន (Recognition of Prior Learning) គឺជា​យុទ្ធសាស្ត្រ​មួយ​របស់​ក្រសួង​ទេសចរណ៍ ក្នុង​ការជំរុញ​ការបណ្តុះបណ្តាល និង​ទទួលស្គាល់​ជំនាញ​ពិតប្រាកដ របស់​អ្នកជំនាញ​ទេសចរណ៍​កម្ពុជា ជាពិសេស​អ្នកជំនាញ ដែល​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន​ដែល មិន​បាន​ឆ្លងកាត់​ការសិក្សា និង​បណ្តុះបណ្តាល​ផ្លូវការ ហើយ​គ្មាន​វិញ្ញាបនបត្រ​ទទួល ស្គាល់​កម្រិត​ជំនាញ​ជាក់លាក់​។ ការវាយតម្លៃ​ការសិក្សា​ពីមុន នឹង​បើកផ្លូវ​ឲ្យ​អ្នកជំនាញមាន ឱកាស​បន្ត​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ កម្រិត​ខ្ពស់​បន្ថែមទៀត និង​អាច​អភិវឌ្ឍ​អាជីព​ការងារ​កាន់តែ​ល្អប្រសើរ​។​

​លោក ជួប រតនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ បាន​រាយការណ៍​ជូន​អង្គពិធី​នូវ​វឌ្ឍនភាព នៃ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ដោយ​មន្ទីរ​ទេសចរណ៍​បានរៀបចំ បង្កើត​រមណីយដ្ឋាន​ធម្មជាតិ ចំនួន​១០​កន្លែង រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ចំនួន​០៦​កន្លែង សណ្ឋាគារ​មាន​ចំនួន ១៤ កន្លែង ស្មើនឹង​៥៦២​បន្ទប់ ផ្ទះសំណាក់​ចំនួន ៣៦ កន្លែង ស្មើនឹង ៣៥៤​បន្ទប់ ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​មាន​ចំនួន ៣៩​កន្លែង ម៉ាស្សា​សុខភាព​ចំនួន ៩​កន្លែង ស្មើនឹង​៦៦​គ្រែ សេវាកម្ម​កម្សាន្ត​ទេសចរណ៍ សម្រាប់​មនុស្ស​ពេញវ័យ​ចំនួន ១១ កន្លែង ស្មើនឹង​៧៤​បន្ទប់ ហើយ​បច្ចុប្បន្ន​តាមរយៈ​កិច្ចខិតខំ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ​កំពុង​រៀបចំ​តំបន់​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត ដើម្បី​បម្រើ​ដល់​ការកម្សាន្ត​សប្បាយ ជូន​ដល់​ទេសចរ​ជាតិ និង​អន្តរជាតិ ក្នុងនោះ​មាន​ឆ្នេរ​ផ្តើម​ស្នេហ៍ ក្នុង​សង្កាត់​កោះ​ទ្រង់ កោះ​ព្រហ្មចារិយ៍ សហគមន៍​អេកូ​ទេសចរណ៍ កោះ​សាមសិប និង​កោះ​ដំបង និង​បន្ត​ពង្រឹង​គុណភាព សេវាកម្ម​ទាំង​មូលដ្ឋាន​អាជីវកម្ម​ក្នុង​ខេត្ត និង​សហគមន៍​ទេសចរណ៍ ដែល​ធ្វើអោយ​មាន​កំណើន​ទេសចរ​សរុប​ចំនួន ៨៣.៤៤២​នាក់ កំណើន​ក្នុង​អត្រា ២,៩១% ដោយ​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​៨.៩២៦​នាក់ កើនឡើង​២,៨៦% នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៩៕​ ដោយ​៖​កូឡាប​

spot_img
×