Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​អ្នកជំនាញ​អង្គការ​ចៃ​កា រួមគ្នា​ធ្វើ​សិក្ខាសាលា ប្រមូល​ធាតុ​ចូល ដើម្បី​រៀបចំ​ផែន​មេ លើ​ការដឹកជញ្ជូន ក្នុង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖​ ក្រុម​អ្នកជំនាញ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​ជ​ប៉ូ​ន​ប្រចាំ​កម្ពុជា​ហៅ​កាត់​ថា​ចៃ​កា និង រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២១​ខែ មិថុនា ឆ្នាំ​២០១៩ នេះ បាន​រៀបចំ​សិក្ខាសាលា​មួយ ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​អ្នកពាក់ព័ន្ធ​ជាតិ អន្តរជាតិ​ទាំងអស់ យក​មក​កសាង​ជា​ផែនការមេ សម្រាប់​ការដឹកជញ្ជូន​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈពេល​ដែល​រាជធានី​ភ្នំពេញ កំពុង​ប្រឈម​និង​បញ្ហា​កកស្ទះ​ចរាចរ​ជា​រៀងរាល់​ថ្ងៃ​នោះ​។​

​លោក​ស៊ុយ សេរិទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា រាជធានី​ភ្នំពេញ​ទទួលបាន​ការជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ ចៃ​កា ប្រចាំ​ប្រទេស​កម្ពុជា ទាំង​សម្ភារៈ បច្ចេកទេស អ្នកជំនាញការ និង​ថវិកា យ៉ាងច្រើន​សន្ធឹក​សន្ធាប់ សម្រាប់​ការស្តារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការរៀបចំ​សិក្សា​នូវ គម្រោង​ផែនការ​មេ​ជាច្រើន សម្រាប់​ការដឹក​ជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ ស្របពេល​ដែល​ទីក្រុង​មួយ​នេះ ទទួល​លំហូរ​ពលរដ្ឋ​មក​រស់នៅ​កាន់តែច្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កំណើន​មធ្យោបាយ​ធ្វើដំណើរ​ក៏​កាន់តែច្រើន ធ្វើឱ្យមាន​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរ កើតមាន​ជា​រៀងរាល់ថ្ងៃ​។​

​អភិបាលរង​រូប​នេះ​បន្តថា ដោយ​មើលឃើញ​នូវ​បញ្ហា​ទាំងនេះ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​អង្គការ​ចៃ​កា បានរួម​គ្នា​សិក្សា​យ៉ាង​លំអិត ដោយ​ប្រមូល​ធាតុ​ចូល ពី​អ្នកពាក់ព័ន្ធ​គ្រប់ផ្នែក ដើម្បី​កសាង​ជា​ផែនការមេ ដឹកជញ្ជូន ទុក​សម្រាប់​អនុវត្ត និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ទិសដៅ​ទៅ​អនាគត​។​

​លោក ស៊ូ​កាណូ យូ​អ៊ី​ឈី តំណាង​អង្គកា ចៃ​កា ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើង​ថា ឆ្លង​តាម​ការសិក្សា​ទៅលើ​ផែនការ​មេនេះ ចៃ​កា ក៏​បាន​រៀបចំ​នូវ​គម្រោង​មួយចំនួន ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដឹកជញ្ជូន ក៏ដូចជា​ជួយ​សម្រួល​ដល់​ការធ្វើ​ចរាចរ ដូចជា​៖ ផ្តល់ជូន​នូវ​រថយន្តក្រុង សម្រាប់​ដឹក​ជញ្ជូន​សាធារណៈ​ក្នុង​ក្រុង ជួយ​តម្លើង​ភ្លើង​សញ្ញា​ចរាចរ ជួយ​សម្រួល​ដល់​ការកាត់បន្ថយ​គ្រោះ​ថ្នាក់ និង​ការកកស្ទះ​ចរាចរ ក្នុង​ក្រុង​ភ្នំពេញ​។​

​លោក​ថា ផែនការមេ ពិតជា​មាន​សារសំខាន់​ខ្លាំងណាស់ សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ អនុវត្តតាម​ផែនការ​មេនេះ លើ​ការដឹកជញ្ជូន ដោយ​ផ្សារភ្ជាប់​ជាមួយ​កញ្ចប់​ផែនការ ទៅ​លើ​ការប្រើប្រាស់​ដីធ្លី​។​

​លោក​មាន​ជំនឿ​ថា តាមរយៈ​សិក្ខាសាលា​នេះ រដ្ឋបាល​រាជធានី និង​រាជរដ្ឋាភិបាល​កម្ពុជា នឹង​អនុម័ត​ផែនការមេ​ដឹកជញ្ជូន​ក្នុង​ក្រុង​ភ្នំពេញ​នេះ ដើម្បី​ឱ្យ​គម្រោង​នៃ​វិស័យ​ដឹកជញ្ជូន​ទាំង​អស់ ធ្វើឡើង​ទៅ​តាម​ផែនការ​មេនេះ​។​

​លោក​នួន ផា​រ័ត្ន អភិបាលរង តំណាង​ឱ្យ​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា រដ្ឋបាល​រាជធានី មាន​ប្លង់​មេ មួយ​ចំនួន​រួច​មក​ហើយ ទៅ​មុខ​នឹង​មាន​ប្លង់​មេ សម្រាប់​បំពេញ​បន្ថែម​ទៀត នូវ​អ្វី​ដែល​មាន​ស្រាប់​។ សម្រាប់​ប្លង់​មេ​(​ម៉ា​ស្ទ័រ​ប្លេន )​លើ​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​រាជធានី​ភ្នំពេញ​នេះ បាន​ចប់​តាំងពី​ឆ្នាំ​២០១៤ តែ​មិន​ទាន់​បានអនុម័ត​ជា​ផ្លូវការ​។ បើ​ទោះបី​មិន​អនុម័ត​ក្តី ប៉ុន្តែ​ប្លង់​មេ​នេះ បាន​អនុវត្ត​ខ្លះ​រួច​មក​ហើយ​ដែរ ដូចជា​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូចជា​ប្រព័ន្ធ​ដឹកជញ្ជូន ជាដើម​។​

​លោក​បន្តថា ការបើក​អោយ​មាន​សិក្ខាសាលា​នេះ​គឺ​ចង់​បង្ហាញថា​យើង​មាន​ប្លង់​មេ ហើយ​ភាពជោគជ័យ លើ​ការដឹកជញ្ជូន​ក្នុង​ក្រុង​លែង​ស្ទះ​ចរាចរ រស់​នៅ​មាន​ផា​សុកភាព ក្រោយ​ពី​អនុម័ត​ប្លង់​មេនេះ យកទៅ​អនុវត្ត​ឱ្យ​ជោគជ័យ ដោយ​មាន​មធ្យោបាយ​គ្រប់គ្រាន់ មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​លោក​អភិបាលរង ស្នើ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួម​បញ្ចេញមតិ​យោបល់ ដែល​មាន​ប្រយោជន៍ សម្រាប់​ការកសាង​ប្លង់​មេ លើ​ការដឹកជញ្ជូន​ក្នុង​ក្រុង​នេះ ឱ្យ​បាន​ផុលផុស ដើម្បី​ឱ្យ​ប្លង់​មេ​នេះ កើតមក​យកទៅ​អនុវត្ត​បាន​គ្រប់គ្រាន់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​ ដោយ​៖​កូឡាប​

spot_img
×