Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពានឈើ​ប្រវែង ​២១៥​ម៉ែត្រ​ នៅ​ប្រាសាទបេង​មាលា បាន​ស្ថាបនា​រួច​ជា​ស្ថាពរ ដើម្បី​សុវត្ថិភាព​នៃ​ភ្ញៀវទេសចរ​

spot_img

សៀមរាប​ ៖ ​សំណង់​ស្ពានឈើ​ខ្វាត់ខ្វែង​នៅក្នុង​ប្រាសាទបេង​មាលា​ប្រវែង​ ២១៥​ម៉ែត្រ (​រាប់​ទាំង​ជណ្តើរ​) ដែល​សង់​ថ្មី​ជំនួស​ស្ពានឈើចាស់ ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ក្រុមហ៊ុន ខាំ សុ​ម៉េត បានបញ្ចប់​គម្រោង​ជា​ស្ថាពរ​ហើយ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៩​កន្លងមកនេះ​។ ស្ពាន​នេះ​បាន​បង្កើត​នូវ​ភាព​ទាក់ទាញ​ជា​ខ្លាំង​ដល់​ទេសចរ​គ្រប់​ជាតិ​សាសន៍​ក្នុងការ​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​ប្រាសាទ​និង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ធំ​មួយ​នេះ​។​

​លោក​បណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បានឱ្យដឹងថា​ ​ភាព​ទាក់ទាញ​នៃ​ប្រាសាទបេង​មា​លា គឺ​សំណង់​ស្ថាបត្យកម្ម​ដ៏​មហិមា​រំលេច​ទៅដោយ​ក្បូរ​ក្បាច់រចនា​សម្បូរបែប​រួមផ្សំ​នឹង​ភាពសុខដុមរមនា​រវាង​ប្រាសាទ​និង​ធម្មជាតិ​ដែល​រក្សា​នូវ​ភាព​ដើម​របស់​ប្រាសាទ​រួម​នឹង​វត្តមាន​ស្ពានឈើ ដ៏​វែង​ជួយ​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​។ កត្តា​ទាំង​នេះ​ហើយ​ដែល​ប្រាសាទ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក្នុង​រដូវ​ភ្ញៀវ​តិច​ពី​១៥០០០​នាក់​ទៅ​៣០០០០​នាក់ និង​រដូវ​ភ្ញៀវ​ច្រើន​ពី​៣០០០០​នាក់​ដល់​ជាង​៤០០០០​នាក់​។ ចំណែក​ប្រវត្តិ​នៃ​ស្ពានឈើ​នេះ​វិញ គឺ​បាន​សង់​ឡើង​នៅ​ឆ្នាំ​២០០២​ដោយ​ក្រុមហ៊ុន​ភាពយន្ត​អន្តរជាតិ​មួយ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការថត​រឿង​នៅក្នុង​ប្រាសាទបេង​មា​លា ដើម្បី​ងាយស្រួល​ជញ្ជូន​ឧបករណ៍​ថតកុន​ដែល​មាន​ទម្ងន់​ធ្ងន់ៗ​។ ក្រោយ​បញ្ចប់​ការថត អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថែរក្សា និង​ជួសជុល​ស្ពាន​នេះ​បន្តបន្ទាប់​រហូត​ដល់​សព្វថ្ងៃ ដើម្បីឱ្យ​ភ្ញៀវទេសចរ​ងាយស្រួល​ក្នុងការ​ទស្សនា​ប្រាសាទ​។​

​លោក​បណ្ឌិត រដ្ឋា បន្តថា ស្ពានឈើ​ក្នុង​ប្រាសាទបេង​មាលា​មាន​ប្រវែង​សរុប​២៩៥​ម៉ែត្រ ធ្លាប់​ធ្វើ​ការជួសជុល​បី​លើក​រួចមកហើយ គឺ​នៅ​ឆ្នាំ​២០០៥ ២០០៨ និង​២០១៥​។ ថ្មីៗ​នេះ ដោយសារ​ស្ពាន​ចាស់​មាន​សភាព​ទ្រុឌទ្រោម ដោយ​កត្តា​អាយុកាល គុណភាព​ឈើ អាកាសធាតុ ធ្វើឱ្យ​ស្ពាន​ពុកផុយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវ ពិសេស​ស្ពាន​មាន​ទំហំ​តូច ចង្អៀត​មិន​សម​នឹង​កំណើន​ទេសចរ ទើប​អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ខាំ​សុ​ម៉េត បានសម្រេច​ធ្វេី​ការរុះរើ​និង​សាងសង់​ថ្មី​ប្រវែង​២១៥​ម៉ែត្រ​លើ​ប្រវែង​សរុប និង​គ្រោង​ចំណាយ​ពេល​បី​ខែ​ក្នុង​ការសាងសង់​តែ​ដោយសារ​ការផ្គត់ផ្គង់​ឈើ​មាន​ការយឺតយ៉ាវ ទើប​ពន្យា​ពេល​រហូត​ដល់​ដល់​០៧​ខែ (​តុលា ២០១៨ ដល់ ឧសភា ២០១៩) ទើប​បញ្ចប់​។ ស្ពាន​នេះ​ចំណាយ​ឈើ​អស់​៨៣​ម៉ែត្រគូប ដែល​ធ្វើ​ពី​ឈើ​គគីរ ផ្ចឹក និង​រាំង មានការ​រចនា​ស្អាត រឹងមាំ​អាច​ធន់​បាន​រហូត​ដល់​ជាង​១០​ឆ្នាំ ថែមទាំង​បាន​ពង្រីក​ទំហំ​ពី​៨០​សង់ទីម៉ែត្រ​ទៅ​១.៥០​ម៉ែត្រ ដើម្បី​ទេសចរ​ងាយស្រួល​ដើរ​ទស្សនា​ទៅវិញទៅមក​។​

​ចំពោះ​បច្ចេកទេស​នៃ​ការធ្វើ​ស្ពានឈើ​ថ្មី​ជំនួស​ស្ពាន​ចាស់​វិញ លោក ពុទ្ធ សុទ្ធ មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ឱ្យ​ដឹងថា ក្រុម​ការងារ​បាន​គណ​នា​យ៉ាង​ល្អិតល្អន់​ពី​កម្រាស់​និង​ទំហំ​ឈើ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ភ្ញៀវ ពង្រឹង​រចនា​សម្ពន្ធ​ស្ពាន​ដោយ​រៀបចំ​គ្រឿង​បង្គំ​សំណង់​ទៅ​តាម​បទដ្ឋាន​បច្ចេកទេស​។ ចំណែក​ការភ្ជាប់​ឈើ គឺ​ប្រើ​ប៉ូ​ឡុង​សម្រាប់​មួល​ភ្ជាប់​ដែល​ធានា​គុណភាព​ជាប់​ជាង​ដែកគោល ពិសេស​ងាយស្រួល​ក្នុង​ការជួសជុល​ពេល​ក្រោយ​។ ក្នុងនោះដែរ ដើម្បី​ការពារ​សំណង់​ស្ពាន​ឱ្យ​នៅ​បានយូរ ក្រុម​ការងារ​ក៏​បាន​ប្រើ​ថ្នាំ​ការពារ​សត្វល្អិត​ចង្រៃ​លាប​សាច់​ឈើ​ផងដែរ​។​

​លោក​មន្ត្រី​បច្ចេកទេស​រូបនេះ​បន្តទៀតថា ក្រៅពី​សោភ័ណភាព​ប្រាសាទ និង​សុវត្ថិភាព​នៃ​ភ្ញៀវទេសចរ អ្នកជំនាញ​ក៏​បាន​គិតគូរ​ខ្ពស់​ដល់​ការអភិរក្ស​ប្រាសាទ​ផងដែរ គឺ​ធ្វើ​ទៅ​តាម​គំរូ​ប្លង់​និង​បទដ្ឋាន​បច្ចេកទេស​ដែល​សិក្សា​រួចមកហើយ​។ បើ​កន្លែង​ណា​ប៉ះ​ថ្ម គឺ​ត្រូវ​រំកិល​ថ្ម​ចេញ​ដោយ​មាន​ការ​សម្រង់​ប្លង់​មុន​នឺង​ប្តូរ​ទីតាំង តែ​បើ​មិន​អាច​កំរិល​ថ្ម​ចេញ​បាន គឺ​ប្រើ​សំបក​កង់ឡាន កង់​ម៉ូតូ​ទ្រាប់​កុំឱ្យ​ឈើ​សង្កត់​លើ​ថ្ម​ផ្ទាល់ ហើយ​ជំនួស​ឱ្យ​ការ​ជីកដី​ទៅ​ក្រោម​ដើម្បី​រក្សា​លំនឹង​ស្ពាន អ្នកជំនាញ​បាន​ប្រើ​ជើងតាង​បេតុង​ដើម្បី​បណ្តុះ​សរសរ​និង​ទ្រ​លំនឹង​ស្ពាន​។ កិច្ចការ​ទាំងនេះ គឺ​រក្សា​បាន​ទាំង​សោភ័ណភាព គុណភាព​សំណង់ និង​ការអភិរក្ស​បុរាណ​ដ្ឋា​ន​ប្រកបដោយ​ចីរភាព​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×