Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​រដ្ឋសភា ជួបប្រជុំ​ជាមួយ​ក្រសួង​កសិកម្ម ពិភាក្សា​គ្នា​លើ​សេចក្តីព្រាងច្បាប់ ស្ដីពី​ការអនុម័ត​យល់ព្រម ឱ្យ​កម្ពុជា​ចូល​ជា​សមាជិក នៃ​កិច្ចព្រមព្រៀង ស្ដី​ពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ​

spot_img

​ភ្នំពេញ ​៖ ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា​ដឹកនាំ​ដោយ លោក ជា វ៉ាន់ដេត ប្រធាន​គណៈកម្មការ សហការ​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន និង​មាន​ការចូលរួម​ពី​តំណាង​គណៈកម្មការ​ជំនាញ​ផ្សេងៗ​ទៀត​នៃ​រដ្ឋសភា បាន​ជួបប្រជុំ​ជាមួយ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​សហការី ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋ​សភា​។​

​លោក​រដ្ឋមន្ត្រី វេង សាខុន បាន​មានប្រសាសន៍​ជម្រាប​ជូន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ថា កិច្ចព្រមព្រៀង​នេះ​គឺ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត តាមរយៈ​ការអនុវត្ត​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ​ឲ្យមាន​ប្រសិទ្ធភាព និង​ដើម្បី​ធានាបាន​នូវ​ការអភិរក្ស​យូរអង្វែង និង​ប្រើប្រាស់​ធនធាន​មានជីវិត និង​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​ឲ្យមាន​និរន្តភាព​។

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ មាន​គោលបំណង​ទប់ស្កាត់​ផល​នេសាទ​ដែលមាន​ប្រភព​ពី​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត ចូលទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ និង​មិន​លើកទឹកចិត្ត​ឲ្យចូល​រួម​ក្នុង​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ការចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​សំខាន់ៗ​ដូចជា ការ​លើក​កម្ពស់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​។ ស្តារ​ទំនុកចិត្ត​ក្នុង​ការប្រើ​ទង់ជាតិ​កម្ពុ​ជា​ដោយ​នាវា​សហគមន៍​អន្តរជាតិ​។ កែលម្អ​តម្លាភាព​ក្នុង​អភិបាលកិច្ច​ជលផល​។ ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ស្ថាប័ន​ជាតិ​ដែល​ចូលរួម​ក្នុង​ការគ្រប់គ្រង​កំពង់ផែ​។ ជំរុញ​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់​និង​អន្តរជាតិ ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​។ សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ឆន្ទៈ​នយោបាយ ការប្ដេជ្ញាចិត្ត និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ គ្មាន​ការអនុញ្ញាត​។ កម្ពុជា​នឹង​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ការផ្ទេរ​បច្ចេកវិទ្យា និង​ការកសាង​សមត្ថភាព​បន្ថែម ដើម្បី​ឆ្លើយតប​នឹង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ គ្មាន​ការអនុញ្ញាត​ពិសេស​អាច​ឲ្យ​សហគមន៍​អឺរ៉ុប​ដក​កាត​ក្រហម​ចេញពី​កម្ពុជា​។​

​ក្រោយពី​បាន​ស្ដាប់​ការបកស្រាយ និង​ពន្យល់​របស់ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​រួចមក លោក ជា វ៉ាន់ដេត ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី ដែល​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ក្នុង​ការ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុបបំបាត់​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​។​

​លោក​ជា វ៉ាន់ដេត បាន​មានប្រសាសន៍​បញ្ជាក់​ថា បន្ទាប់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ធ្វើ​ការបកស្រាយ​ទៅលើ​ចំណុច​នានា​ដែល​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា បាន​សាកសួរ​រួចមក​ហើយ​នេះ គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា សម្រេច​ថា​នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​ទៅតាម​នីតិវិធី​បន្តទៀត​របស់​រដ្ឋសភា​។​

​សូមជម្រាបថា កិច្ចព្រមព្រៀង​នេះ ត្រូវបាន​អនុម័ត​ដោយ​សន្និសីទ​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ នា​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០០៩ នៅ​រដ្ឋធានី​រ៉ូម​នៃ​សាធារណរដ្ឋ​អ៊ីតាលី មានចែង​ក្នុង​មាត្រា​ទី​១៤ នៃ​ធម្មនុញ្ញ​របស់​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ​។ កិច្ចព្រមព្រៀង​នេះ​បាន​ចូល​ជា​ធរមាន នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៦ រយះពេល ៣០ ថ្ងៃ បន្ទាប់​ពី​ថ្ងៃ​ដាក់​តម្កល់​ឯកសា​រ​គគិយុត្តិ​ទី​២៥​នៃ​ការ​ផ្តល់​សច្ចាប័ន ការទទួលយក ការយល់ព្រម​ជាមួយនឹង​ការ​តម្កល់​ឯកសារ​នៃ​កិច្ចព្រមព្រៀង​នេះ​។ មក​ដល់​ខែ​ឧសភា ឆ្នាំ​២០១៩​នេះ មាន​ប្រទេស​ចំនួន​៦០ រួម​ទាំង​សហភាព​អឺរ៉ុប​បាន​ចូលរួម​ជា​ភាគី​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ក្នុង​នោះ​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ចំនួន​០៥ រួមមាន ប្រទេស​មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និង​ប្រទេស​វៀតណាម​។ មកដល់​បច្ចុប្បន្ន កិច្ចព្រមព្រៀង​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ គឺជា​ឯកសារ​គតិយុត្ត​ដ៏​សំខាន់​តែមួយគត់​ដែល​មាន​គោលបំណង​ប្រយុទ្ធប្រឆាំង​នឹង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត​។ កិច្ចព្រមព្រៀង​នេះ មាន​១០ ផ្នែក និង ៣៧ មាត្រា​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​វិធានការ​រដ្ឋ​ម្ចាស់​កំពង់ផែ ដើម្បី​បង្កា​រទ​ប់ស្កាត់ និង​លុបបំបាត់​ការ​នេសាទ​ខុសច្បាប់ គ្មាន​របាយការណ៍ និង​គ្មាន​ការអនុញ្ញាត ត្រូវបាន​គណៈរដ្ឋមន្ត្រី​សម្រេច​យល់ព្រម​ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​បញ្ជូន​ទៅ​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដែល​រួមមាន ៣​មាត្រា​៕​ ​ដោយ​៖​កូឡាប​

   

spot_img
×