Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក្ខលំបាក​របស់​ប្រជារាស្ត្រ ជា​ទុក្ខលំបាក​របស់​ព្រះមហាក្សត្រ​

spot_img

​បើ​តាម​ការផ្សាយ​របស់ផេក​ហ្វេស​ប៊ុក​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​២៤​ មិថុនា​នេះថា​ ​ក្រោម​ព្រះរាជ​ហឫទ័យ​ទុកដាក់​ខ្ពស់​ដល់​សុខទុក្ខ​ប្រជានុរាស្ត្រ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះ​រាជទ្រព្យ​ផ្ទាល់​ចំនួន ១០,០០០ ដុល្លារ​អាមេរិក ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដែល​ទទួលរង​នូវ​គ្រោះថ្នាក់​ពី​ការបាក់​រលំ​អាគារ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ តាមរយៈ​កាកបាទក្រហមកម្ពុជា​។​

​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ព្រះ​រាជសវនីយ៍​បញ្ជាក់ ក្នុង​ព្រះរាជសវនាការ នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នា​ព្រះរាជ​ដំណក់​សិរី​មង្គល ថា «​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​មាន​ព្រះរាជហឫទ័យ​រន្ធត់ និង​សោកស្តាយ​ជាទីបំផុត បន្ទាប់ពី​បាន​ទទួល​នូវ​ដំណឹង​ដ៏​អកុសល អំពី​គ្រោះថ្នាក់ នៃ​ការ​បាក់​រលំ​អាគារ​នៅ​ខេត្ត​ព្រះសីហនុ ហើយ ព្រះករុណា ព្រះមហាក្សត្រ រួមជាមួយ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​សូម​ចូលរួម​រំលែក​មរណៈទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុមគ្រួសារ​នៃ​សព ព្រមទាំង​ជា​មួយ ប្រជានុរាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​សូម​ជូនពរ​ដល់​ជូន​រងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ទាំងអស់​ឆាប់​ទទួល​បាន​ការ​ជាសះស្បើយ​»​។​

​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សព្វព្រះរាជហឫទ័យ​កោតសរសើរ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរាគមន៍ និង​ការយកចិត្តទុកដាក់​ជួយសង្គ្រោះ​បាន​ទាន់ពេលវេលា ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចំពោះ​ឧបទ្ទវហេតុ​នេះ​។​

​សូម​បញ្ចាក់​ថា​ចំពោះ តុល្យការ​ចុងក្រោយ នៃ​ឧបទ្ទវហេតុ​រលំ​អគារ​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​រងរបួស​ចំនួន​៤៩​រូប ក្នុង​នោះ​ស្លាប់​ចំនួន​២៥​នាក់ (​ស្រី​៤​នាក់​) ហើយ​អ្នករងរបួស​ចំនួន​២៤​រូប (​ស្រី​២​នាក់​)៕​ ដោយ​៖​កូឡាប​

spot_img
×