Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិ​ការសង្គ្រោះ​ជនរងគ្រោះ​ពី​ការបាក់​អគារ​កំពស់​ ៧​ជាន់ បាន​បិទ​បញ្ចប់​ហើយ ដោយមាន​មនុស្ស​ស្លាប់​ ២៨​នាក់ និង​របួស​ ២៦​នាក់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ និង​កាយ​គំនរ​បាក់បែក​ពី​អគារ​បាក់​រលំ នៅ​ក្រុងព្រះសីហនុ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ កាលពី​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ក្រោយ​ក្រុម​សង្គ្រោះ បាន​ប្រើ​ពេលវេលា រយៈពេល​៣​ថ្ងៃ ចាប់ពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​មក​។​

​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ​បា​ឲ្យ​ដឹងថា សរុប​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​អគារ​បាក់​រលំ​ខាងលើនេះ មាន​ចំនួន​៥៤​នាក់​។ ក្នុងនោះ​ជនរងគ្រោះ ដែល​ស្លាប់មាន​ចំនួន​២៨​នាក់ និង​អ្នករងរបួស​មាន​ចំនួន​២៦​នាក់​។​

​ដោយឡែក ចំពោះ​ការខូចខាត​ទ្រព្យសម្បត្តិ​ផ្សេងៗ​ទាំង​ក្នុង​អគារ​រលំ​បាក់ និង​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​អគារ​បាក់​រលំ​នេះ អាជ្ញាធរ​នៅ​មិនទាន់មាន​របាយការណ៍​សរុប​ពី​ចំនួន នៃ​ទំហំ​ការខូចខាត​នៅឡើយ​។​

​គួររំលឹកថា អគារ​បាក់​រលំ​នេះ​ជា​កម្មសិទ្ធិរបស់​ថៅកែ​ជនជាតិ​ចិន ហើយ​ជា​សំណង់​កំពុង​សាងសង់​ថ្មី​មាន​កម្ពស់ ៧​ជាន់ មាន​បណ្តោយ​៣០​ម៉ែត្រ និង​ទទឹង​១៥​ម៉ែត្រ ស្ថិតនៅ​ភូមិ​៣ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ អគារ​នេះ បាន​បាក់​រលំ​ទាំងស្រុង​កាលពី​វេលា​ម៉ោង​ជិត ៥​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។​

​តាមការអះអាងពី​មន្ត្រី​ជំនាញ​ឲ្យ​ដឹងថា អាគារ​បាក់​រលំ​នេះ គឺដោយសារ​បញ្ហា​បច្ចេកទេស​សំណង់​គ្មាន​គុណភាព។​

​ទាក់ទិន​ករណី​បាក់​រលំ​អគារ​មាន​កំពស់ ៧​ជាន់​ខាងលើនេះ គឺ​ការយកចិត្តទុកដាក់​ខ្ពស់ និង​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​ដល់ទី​តាំង​កើតហេតុ​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះមក​ពិនិត្យ​កម្លាំងចម្រុះ ឬ​អ្នក​សង្គ្រោះ​អាជីព​, កងកម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ ព្រមទាំង​ក្រុម​អ្នកស្ម័គ្រចិត្ត​កម្ពុជា​ច្រើន​រាប់រយ​នាក់ និង​ចូលរួម​ពី​អ្នកជំនាញ​ជនជាតិ​ចិន​ផង​នោះ បានធ្វើ​យុទ្ធនា​ការកាយ​គំនរ​បែកបាក់​ទាំងយប់​ទាំង​ថ្ងៃ ពោលគឺ​២៤​ម៉ោង​លើ ២៤​ម៉ោង ដើម្បី​សង្គ្រោះ​អ្នក​នៅ​រស់រានមានជីវិត និង​កាយ​យក​សាកសព ដែល​បាន​ជាប់គាំង​ក្នុង​គំនរ​បេតុង​បែកបាក់​ស្រុត រហូត​រួចរាល់​ជា​ស្ថាពរ និង​កំពុង​បន្ត​បោសសំអាត​ជា​ចុងក្រោយ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ទៀត​។

​មន្ត្រីរដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ បញ្ជាក់​បន្ថែមថា ចំពោះ​ហេតុការណ៍​ដប​សក់​រលំ​អាគារ​កំពស់​៧​ជាន់​នេះ ក្រៅពី​មនុស្ស​ជាប់​ពាក់ព័ន្ធ​ទទួលខុសត្រូវ ចំនួន​៤​នាក់ ដែល​អាជ្ញាធរ​បាន​ឃាត់ខ្លួន ពេល​កើតហេតុ​ភ្លាមៗ​កាលពី​ថ្ងៃទី​២២ ខែមិថុនា​នោះ គឺ​មក​ត្រឹម​ល្ងាច​ថ្ងៃទី​២៤ ខែមិថុនា សមត្ថកិច្ច​នៅ មិនទាន់មាន​ការឃាត់​ខ្លួន​មនុស្ស​ណា​ម្នាក់ទៀត​ទេ​។ ប៉ុន្តែ​អាជ្ញាធរ បាន​ឲ្យ​ដឹងថា ករណី​បាក់​រលំ​អាគារ​កម្ពស់​៧​ជាន់​ខាងលើនេះ សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ កំពុង​បន្តដំណើរ​ការស្រាវជ្រាវ ដើម្បី​ឈានទៅ​បន្ត​នីតិវិធី​ច្បាប់​ទៀត​៕ ដែន សីមា​

spot_img
×