Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣ នឹង​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការអនុវត្ត​គោលនយោបាយ អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

spot_img

​ភ្នំពេញ ​៖ ​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក នៃ​រដ្ឋសភា ដឹកនាំ​ដោយលោក ​ជា វ៉ាន់ដេត ប្រធាន​គណៈកម្មការ រួមជាមួយ​គណៈកម្មកា​រ​ជំនាញ​ផ្សេងៗ​ទៀត​របស់​រដ្ឋសភា បាន​ជួបប្រជុំ​ជាមួយ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ ដើម្បី​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់ ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​វិមាន​រដ្ឋ​សភា​។​

​លោក​ទេស​រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ បាន​ជម្រាប​ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ថា សេចក្តីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ មាន​៣​មាត្រា ត្រូវបាន​គណៈរដ្ឋមន្ត្រី​ពិនិត្យ​សម្រេច​យល់ព្រម ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០១៩ និង​បាន​បញ្ជូន​មក​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​នេះ ត្រូវបាន​រៀបចំ​ឡើង​បន្ត​ពី​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៤-២០១៨ ដែល​ត្រូវបាន​ចប់​អាណត្តិ​នា​ចុងឆ្នាំ​២០១៨ ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា​កន្លងទៅ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តទៀតថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣ នឹង​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការអនុវត្ត​គោលនយោបាយ អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​២០១៦-២០៣០​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​សម្រេច​នូវ​វត្ថុបំណង​សំខាន់បីៈ ទី​១-​ដើម្បី​វាយតម្លៃ​អំពី​លទ្ធផល​រួម និង​បញ្ហា​ប្រឈម​ចម្បងៗ ដែល​បាន​កើតមានឡើង​នៅក្នុង​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៤-២០១៨ ក្នុង​អាណត្តិ​កាល​របស់​ផែនការ​នេះ​ទាំងមូល​ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨​។ ទី​២-​ដើម្បី​កំណត់​នូវ​បណ្ដា​វិធានការ​គោលនយោបាយ​នានា​ដល់​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ទាំងអស់ សម្រាប់​ការអនុវត្ត​គោលនយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា តាម​វិស័យ​នៅក្នុង​ដំណាក់កាល​នៃ​អាណត្តិ​ការ​របស់​ផែនការ ដើម្បី​ស្ថិរភាព​កំណើនសេដ្ឋកិច្ច កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​ប្រជាជន​កម្ពុជា និង​ឆ្ពោះទៅ​សម្រេចបាន​នូវ​ស្ថានភាព​នៃ​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ទី​៣-​ដើម្បី​ដាក់ចេញ​នូវ​ប្រព័ន្ធ​មួយ សម្រាប់​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ប្រចាំឆ្នាំ​នៃ​ការអនុវត្ត​ផែនការ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣​របស់​ក្រសួង​ស្ថាប័ន​នានា​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣ បាន​ត្រូវ​រៀបចំឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​មួយចំនួន ដូចជា ធាតុ​ចូល​ដែល​ទទួលបាន​ពី​ក្រសួង​ស្ថាប័ន​នានា​។ ការគិតគូរ និង​ការ​គណនា​ផ្ទាល់​ចាំបាច់​មួយ​ចំនួន​របស់​ក្រសួង​ផែនការ​។ ការពិគ្រោះ​យោបល់​បន្ថែម​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​។ ការពិគ្រោះ​យោបល់​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍​នានា​។ ការពិនិត្យ​មើល​ឡើង​វិញ​លើ​ទិន្នន័យ​ថ្មីៗ ជាពិសេស​ទិន្នន័យ​ស្ដី​ពី​អង្កេត​សេដ្ឋកិច្ច សង្គមកិច្ច និង​ទិន្នន័យ​រដ្ឋបាល​របស់​បណ្ដា​ក្រសួង​ស្ថាប័ន​។ ការពិនិត្យ​មើល និង​បញ្ចូល​នូវ​ឯកសារ​គោលនយោបាយ​ថ្មីៗ​មួយចំនួន​របស់​រដ្ឋាភិបាល​កម្ពុជា​រួម​ទាំង​ទស្សនា​ទាន​ឆ្នាំ​២០៣០ និង​២០៥០ របស់​កម្ពុជា​។​

​នៅក្នុង​ឱកាស​នោះ លោក​ជា វ៉ាន់ដេត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ឆាយ ថន និង​សហការី ដែល​បាន​អញ្ជើញ​ចូលរួម​ប្រជុំ​ជាមួយ​គណៈកម្មការ​ជំនាញ​របស់​រដ្ឋសភា ដោយ​ឯកឧត្តម​ប្រធាន​គណៈកម្មការ​បាន​មានប្រសាសន៍​បញ្ជាក់​ថា បន្ទាប់ពី​បាន​ស្ដាប់​ការពន្យល់​បកស្រាយ​ទៅលើ​ចំណុច​នានា ដែល​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា បាន​សាកសួរ​រួចមក​ហើយ​នេះ គណៈកម្មការ​នៃ​រដ្ឋសភា សម្រេច​ថា​នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា​នាពេលខាងមុខ​៕​ ដោយ​៖​កូឡាប​

 

spot_img
×