Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ជួប​ជាមួយ​មន្ត្រី​ជាប់​កិច្ចសន្យា ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​

spot_img

​ខេត្ត​ស្វាយរៀង ៖ នា​រសៀល​ថ្ងៃ​សុក្រ ១២​កើត ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​ស្វាយរៀង មាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​សាលាខេត្ត ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម​ព​អ​អស់លោក​ជាភិ​បាល​រង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​នាយក នាយករង​ទី​ចាត់ ប្រធាន អនុប្រធាន​អង្គភាព ប្រធាន អនុប្រធាន​ការិយាល័យ មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​សាលាខេត្ត សរុប ១៤៦​នាក់ ។​

​ពិធី​សំណេះសំណាល​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព បង្កើត​ភាព​ស្និត​ស្នាល​រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ និង​រវាង​មន្ត្រី​រាជការ និង​មន្ត្រីរាជការ​ទាំងអស់ ក៏ដូចជា​ដើម្បី​ស្វាគមន៍​ការឈាន​មក​ដល់​នៃ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៨ ។​

​ក្នុង​លក្ខណៈ​មហា​គ្រួសារ​តែមួយ នៃ​ក្រុមគ្រួសារ​មន្ត្រីរាជកា​ររដ្ឋបាលខេត្ត​ស្វាយរៀ​ង លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​របស់​សាលាខេត្ត​ទាំងអស់ ដែល​កន្លងមក បានរួម​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​យ៉ាង​ល្អប្រសើរ ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ នាំឲ្យ​សម្រេចបាន​នូវ​លទ្ធផលដ៏​គួរ​ជាទី​មោទនៈ​ទាំង​ការងារ​អភិវឌ្ឍន៍​ខេត្ត ការផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ និង​ការសម្របសម្រួល​ដោះស្រាយ​បញ្ហា​ឆ្លើយតប​នឹង​តម្រូវការ និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ។

​ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ផង​ដែរ ចំពោះ​លោក​ទីប្រឹក្សា​គ្រប់គ្រង​កម្មវិធី​ជាតិ​ថ្នាក់​ខេត្ត លោក​ទីប្រឹក្សា​ហេដ្ឋារចនាសម្ព័ន្ធ និង​មន្ត្រី​ព័ត៌មានវិទ្យា​ថ្នាក់​ខេត្ត ដែល​នឹង​ត្រូវ​បញ្ចប់​កិច្ចសន្យា​នៅ​ដំណាច់ឆ្នាំ​២០១៧​នេះ ក្នុង​រយៈពេល​នៃ​ការបំពេញ​ការងារ​របស់​ខ្លួន​នា​រយៈពេល​ជិត ២​ឆ្នាំកន្លងមក បាន​សហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​ការជួយ​សម្របសម្រួល​គាំទ្រ​ដល់​ដំណើរការ​កសាង​ផែនការអភិវឌ្ឍន៍ និង​ការអនុវត្ត​គម្រោង​នានា​នៅ​មូលដ្ឋាន​ឲ្យ​ប្រព្រឹត្តទៅ​បាន​ត្រឹមត្រូវ ស្របតាម​ផែនការ ជា​ពិសេស​បាន​ជួយ​សម្របសម្រួល​ដល់​ការបណ្ដុះបណ្ដាល និង​ពង្រឹង​សមត្ថភាព​របស់​មន្ត្រីរាជការ​ទាំង​នៅ​ថ្នាក់​ខេត្ត ថ្នាក់ក្រុង ស្រុក និង​ឃុំ សង្កាត់ ។​

​ក្នុង​ឱកាស​នេះ​ផងដែរ លោក ម៉ែន វិបុល អភិបាលខេត្ត ក៏​មាន​មតិ​ផ្ដាំផ្ញើ​ដល់​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ល្អប្រសើរ ត្រូវ​បង្កើន​ការសហការ និង​មាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​ក្នុង​ការបំពេញ​តួនាទី​ភាកិ​ច្ច​ដើម្បី​លទ្ធផល និង​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋបាល​ខេត្ត ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ស្នូល​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​លក្ខខណ្ឌ​ការងារ​ដែល​បានកំណត់ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ត្រូវគោរព​ម៉ោង​ពេល​ចូល​បម្រើ​ការងារ​ឲ្យបាន​ទៀងទាត់ ជា​ពិសេស​ត្រូវ​ខិតខំ​ស្វែងយល់​សិក្សា និង​រៀនសូត្រ​ពី​ចំណេះដឹង​ថ្មីៗ​បន្ថែម​ទៀត​ឲ្យបាន​ជាប់​ជាប្រចាំ ដើម្បី​ពង្រឹង និង​បង្កើន​សមត្ថភាព​របស់​ខ្លួនឯង​ផង និង​ដើម្បី​បង្កើន​នូវ​ផលិតភាព​ការងារ​របស់​អង្គភាព​ផង ។

​នៅ​ចុងបញ្ចប់​លោក​អភិបាលខេត្ត បាន​ឧបត្ថម្ភ​ថវិកា​ជូន​មន្ត្រីរាជការ និង​មន្ត្រី​ជាប់​កិច្ចសន្យា​សាលាខេត្ត សរុប​ចំនួន ១៤៦​នាក់ ម្នាក់ៗ​ទទួលបាន​ថវិកា ១០​ម៉ឺន​រៀល ដោយឡែក​សម្រាប់​លោក​ទីប្រឹក្សា​គ្រប់គ្រង​កម្មវិធី​ជាតិ​ថ្នាក់​ខេត្ត និង​សហការី​សរុប​ចំនួន ៣​នាក់ ម្នាក់ៗ​ទទួលបាន​ប័ណ្ណសរសើរ​របស់​រដ្ឋបាល​ខេត្ត ១ កាដូ​វត្ថុ​អនុស្សាវរីយ៍ ១ និង​ថវិកា ១០​ម៉ឺន​រៀល​៕ វ៉ៃកូ​

spot_img
×