Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​កាតា គ្រោង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដើម្បី​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​

spot_img

(​ភ្នំពេញ​) ៖ កម្ពុជា និង​កាតា បាន​កំពុង​ពិភាក្សា​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ចំនួន​ពីរ​គឺ កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​បច្ចេកទេស និង​កិច្ចព្រមព្រៀង​ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នូវ​ការវិនិយោគ ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី ខណៈ​ដែល​បច្ចុប្បន្ន​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នៅ​មាន​ទំហំ​តិចតួច​នៅឡើយ​។​

​នៅក្នុង​ជំនួប​ជាមួយ​លោក កឹម ស៊ីថន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ពាណិជ្ជកម្ម នា​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃ​ចន្ទ ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​លោក ម៉ូ​ហា​ម៉េត អ៊ី​ស្មែ​ល អាល់​អេ​ម៉ាឌី (Mohamed Ismail Al Emadi) ឯកអគ្គរដ្ឋទូត​នៃ​រដ្ឋ​កាតា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ភាគី​កម្ពុជា​ពន្លឿន​ការពិនិត្យ និង​កែសម្រួល​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ទាំង ២​ខាងលើ ដើម្បី​ឈានដល់​ចុះហត្ថលេខា នាពេលខាងមុខ​។​

​លោក​ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់ថា កាតា​មាន​បំណង​នាំចូល​ផលិតផល​កសិកម្ម មក​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា និង​គ្រោង​អញ្ជើញ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កាតា និង​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១១-១២ ខែ​កញ្ញា ឆ្នាំ​២០១៩ នៅក្នុង​ប្រទេស​កាតា​។​

​ជា​ការឆ្លើយតប លោក​រដ្ឋមន្ត្រី​ស្តីទី កឹម ស៊ីថន បាន​សន្យា​នឹង​ជំរុញ​ការងារ​តាម​សំណើ​របស់​ភាគី​កាតា និង​បាន​ស្នើ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា និង​វេទិកា​ជំនួប​ធុរកិច្ច សម្រាប់​សភា​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ស្វែងយល់​ពី​ឱកាស​វិនិយោគ និង​ការចាប់​ដៃគូ​ធុរកិច្ច​ទៅវិញទៅមក ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិកា​រពាណិ​ជ្ជកម្ម និង​សេដ្ឋកិច្ច​ទ្វេភាគី​។​

​បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី​ស្តីទី ក៏​បាន​ស្នើសុំ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បង្កើន​ការ​នាំចូល​ទំនិញ​កសិកម្ម​បន្ថែមទៀត​ពី​កម្ពុជា ជាពិសេស​អង្ករ​ក្រអូប និង​ជួយ​ជំរុញ​ប្រជាជន​កាតា ឱ្យ​ចូល​មក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​អំពី​សក្តានុពល​វិស័យ​សំខាន់ៗ ដូចជា​សេដ្ឋកិច្ច ទេសចរណ៍ និង​វប្បធម៌​ជាដើម ដោយសារ​តែ​កម្ពុជា សម្បូរ​ដោយ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ និង​បែប​ប្រវត្តិសាស្ត្រ ជាច្រើន​។​

​សូមជម្រាបថា នៅក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​កាតា សម្រេច​បាន​ត្រឹមតែ​ជាង ២​លាន​ដុល្លារ​ប៉ុណ្ណោះ ពោល​គឺ ១,៥៣​លាន​ដុល្លារ (២០១៦) ១,៦៧​លាន​ដុល្លារ (២០១៧) និង ១,៦៦​លាន​ដុល្លារ (៦​ខែ នៃ​ឆ្នាំ​២០១៨) ដែល​ទឹកប្រាក់​នេះ មាន​កម្រិត​ទាប​បំផុត បើ​ធៀប​ជាមួយ​នឹង​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​នៅក្នុង​តំបន់​៕​ ដោយ ​៖​ កូឡាប​

 

spot_img
×