Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​សៀវភៅ​ថ្មី​ពាក់ព័ន្ធ​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣

spot_img

​ភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ជន​បង្គោល​យេនឌ័រ និង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣ ក្រោម​អធិបតីភាព​លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្ដីការក្រសួង នា​ព្រឹក​ថ្ងៃទី​២៥​មិថុនា​។​

​លោកស្រី​ស៊ើង សរ​សុចិត្តា រដ្ឋលេខា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ជន​បង្គោល​យេនឌ័រ​នេះ មាន​គោលបំណង​ពង្រីក​ចំណេះដឹង​បន្ថែម​ដល់​ជន​បង្គោល​យេនឌ័រ អំពី​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣ ស្ថានភាព​ស្ត្រី​ក្នុង​សេវា​របប​សន្តិសុខ​សង្គម សេវា​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ ព្រមទាំង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី ការកាត់បន្ថយ​ពលកម្ម​កុមារ ឆ្នាំ​២០១៦-២០២៥ ហើយ​ប្រែក្លាយ​ការយល់ដឹង​ដែល​ទទួលបាន​នា​ពេល​នេះ ឱ្យទៅ​ជា​សកម្មភាព​ជាក់ស្តែង ពិតប្រាកដ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​បើ​តាម​ការលើកឡើងរ​បស់​លោកស្រី Irene Genzmer តំណាង​អង្គការ GIZ សមភាព​យេនឌ័រ មិន​ត្រឹមតែ​ជា​មូលដ្ឋាន​សិទ្ធិ​មនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មូលដ្ឋានគ្រឹះ​នៃ​សន្តិភាព វឌ្ឍនភាព និង​និរន្ត​ភាព​សម្រាប់​ពិភពលោក​ទាំងមូល​។ ដូច្នេះហើយ​បានជា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​(SDGs) បាន​ឯកភាព​ទូ​ទាំង​សកលលោក ស្តីពី សមភាព​យេនឌ័រ ដែល​បាន​កំណត់​នៅក្នុង​គោលដៅ​ទី​៥​។ រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ប្តេជ្ញាចិត្ត គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការចូលរួមចំណែក​អោយ​សម្រេច​បាន​ជា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​(SDGs)​។​

​លោក អ៉ិត សំហេង មានប្រសាសន៍​ឱ្យដឹងថា ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣​នេះ គឺជា​ការ​ដាក់​បញ្ចូល​នូវ​រាល់​បញ្ហា និង​តម្រូវការ​របស់​ស្ត្រី​ទៅ​ក្នុង​ការរៀបចំ​ការអនុវត្ត​ការតាមដាន និង​ការវាយតម្លៃ​ទៅលើ​បណ្តា​គោលនយោបាយ កម្មវិធី និង​គម្រោង​នានា ដើម្បី​ធានា​ថា​បុរស និង​ស្ត្រី បាន​ចូលរួម​ស្មើគ្នា​ក្នុង​ការធ្វើ​សេចក្តីសម្រេច​ក្នុង​ការកំណត់​អាទិភាព និង​វិភាជន៍​ថវិកា​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា សៀវភៅ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣​នេះ ត្រូវ​បាន​ចងក្រង​ឡើង​តាមរយៈ​៖ ​ការពិនិត្យ​ឡើង​វិញ​ទៅ​លើ​ការប្រតិបត្តិ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០១៤-២០១៨ និង​ការប្រមូល​មតិយោបល់ ក៏​ដូចជា​បទ​ពិសោធន៍​ល្អៗ​លើ​បញ្ហា​យេនឌ័រ​នៅ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពី​នាយកដ្ឋាន​ជំនាញ ព្រមទាំង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​-​ខេត្ត​។​

ការវិភាគ​ស្ថានភាព​បុរស និង​ស្ត្រី​នៅក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជា​បច្ចុប្បន្ន​។​

ការកំណត់​បញ្ហា​យេនឌ័រ ព្រមទាំង​កំណត់​អាទិភាព​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ សម្រាប់​កសាង​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣​។​

​ដើម្បី​ចូលរួម​អនុវត្ត​ឱ្យបាន​ជោគជ័យ​ទៅ​តាម​គោលដៅ​ដែល​រំពឹងទុក លោក អ៉ិត សំហេង បាន​ផ្តល់​នូវ​អនុសាសន៍​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដូចខាងក្រោម​៖

១. ការបញ្ជ្រាប​យេនឌ័រ​ជា​ការងារ​មួយ​ពាក់ព័ន្ធ​ទាំង​ពីរ​វិស័យ ទាំង​វិស័យ​ការងារ និង​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដូច្នេះ​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទាំងអស់ ត្រូវ​សហការ​ឱ្យបាន​ជិតស្និទ្ធិ​ជាមួយ​ក្រុមការ​ងារ​យេនឌ័រ​ក្រសួង ដើម្បី​ជំរុញ​ឱ្យ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ​បាន​ជោគជ័យ​។​

២. ស្នើ​ក្រុមការងារ​យេនឌ័រ​ក្រសួង​បង្កើន​សកម្មភាព​របស់​ខ្លួន​ថែមទៀត ដោយ​ខិតខំ​ពុះពារ​បញ្ចេញ​អស់​សក្តានុពល ប្រែក្លាយ​ឆន្ទៈ និង​ការចូលរួម​ទៅ​ជា​សកម្មភាព​ជាក់ស្តែង ប្រកបដោយ​ប្រសិទ្ធភាព​។​

៣. បង្កើន​កិច្ចសហការ​ជិតស្និទ្ធ​ថែម​ទៀត ជាមួយ​ក្រសួង​កិច្ចការនារី និង​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​កៀរគរ​ស្វែងរក​ការឧបត្ថម្ភ​គាំទ្រ​កិច្ចសហប្រតិបត្តិការ​ខាង​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជា្ជជីវៈ ដំណាក់កាល​ទី​៤ ឆ្នាំ​២០១៩-២០២៣ ទទួលបាន​ជោគជ័យ​៕​ ដោយ​៖​កូឡាប​

   

spot_img
×